នៅកម្ពុជា៖ អង្គការ WCS ថតបានរូប «ទាព្រៃស្លាបស» ដែលរងការគំរាមកំហែងជិតផុតពូជលើពិភពលោក
ទាព្រៃស្លាបស ដែលជាបក្សីព្រៃមួយប្រភេទកំពុងរងនូវការគំរាមកំហែងជិតផុតពូជ ត្រូវអង្គការអភិរក្សសត្វព្រៃ WCS ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ។ សូមជម្រាបថា ទាព្រៃស្លាបសនេះ ជាប្រភេទសត្វបក្សីព្រៃ ដែលមានមិនដល់១០០០ក្បាលទេ នៅលើពិភពលោកនាបច្ចុប្បន្ន។ សព្វថ្ងៃ សត្វដ៏កម្រនេះ មានវត្តមានតែនៅក្នុងប្រទេសចំនួន៩ក្នុងទ្វីបអាស៊ីប៉ុណ្ណោះ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
តាមរយៈសេចក្ដីប្រកាសព័ត៌មាននាថ្ងៃពុធទី១៤តុលា អង្គការអភិរក្សសត្វព្រៃ WCS បញ្ជាក់ថា ខ្លួនថតបានរូបទាព្រៃស្លាបស បន្ទាប់ពីវាបានចេញពីសំបុកដែលមានកម្ពស់៤ម៉ែត្រពីដីជាមួយមេរបស់វា នៅក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព នៃខេត្តព្រះវិហារ។ អង្គការអភិរក្សសត្វព្រៃនៅកម្ពុជា បានជឿថា កូនទាព្រៃស្លាបសដែលថតបាននោះ ជាកូនទាព្រៃស្លាបស១ក្នុងចំណោម៥ក្បាល ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
លោក ម៉ៅ ឃៀន ប្រធានក្រុមជីវចម្រុះនៃអង្គការ WCS បានលើកឡើងថា ការថតយកសកម្មភាពទាព្រៃស្លាបសនៅក្នុងសំបុកនេះ មិនមែនជារឿងងាយស្រួលទេ។ រូបភាពដែលបានមកនាពេលនេះ គឺទទួលបានតាមរយៈការដំឡើងម៉ាស៊ីនថតសត្វព្រៃស្វ័យប្រវត្តិនៅក្បែរសំបុកពួកវា ដោយធ្វើយ៉ាងណាមិនឲ្យមានការរំខានដល់ទាព្រៃស្លាបសទាំងនោះឡើយ។
សូមជម្រាបថា ទាព្រៃស្លាបស ជាប្រភេទសត្វព្រៃកំពុងរងការគំរាមកំហែងជិតផុតពូជ ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ សព្វថ្ងៃ សត្វដ៏កម្រនេះ មានចំនួនតិចជាង១០០០ក្បាល នៅក្នុងប្រទេសចំនួន៩ក្នុងទ្វីបអាស៊ីប៉ុណ្ណោះ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ បើតាមអង្គការ WCS ជម្រករបស់សត្វទាព្រៃស្លាបស ដែលភាគច្រើនស្ថិតនៅក្នុងប្រភេទដើមឈើចាស់ៗនិងតាមដងអូរ ត្រូវមានការអភិរក្សជាចាំបាច់ ព្រោះថា មួយរយៈពេលកន្លងមក ប្រទេសកម្ពុជារមែងជួបគ្រោះរាំងស្ងួត ជាហេតុធ្វើឲ្យទឹកអូររីងហួតទៅជារាក់។ ជាមួយគ្នានេះ ដើមឈើចាស់ៗដែលជាជម្រករបស់ទាព្រៃស្លាបសនេះ ក៏កំពុងប្រឈមខ្ពស់ទៅនឹងកាប់បំផ្លាញដោយខុសច្បាប់ដែរ។
នៅក្នុងគម្រាងការពារទាព្រៃស្លាបសនេះ អង្គការ WCS និងក្រសួងបរិស្ថាន រូមនឹងដៃគូផ្សេងទៀត បានជម្រុញដល់ប្រជាពលរដ្ឋក្នុងសហគមន៍ក្នុងតំបន់ ឲ្យចូលរួមសង្គ្រោះនិងអភិរក្សសត្វទាព្រៃស្លាបសនេះ ដោយជំរុញតំបន់នេះឲ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិតាមរយៈការចូលទស្សនាសត្វព្រៃ សម្រាប់ជាប្រភពចំណូលដល់ប្រជាសហគមន៍ផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ