អានតួអត្ថបទ
កម្ពុជា-គ្រោះធម្មជាតិ

លោក ហ៊ុន សែន ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​នៅ​ខណ្ឌ​ដង្កោ​ក្រុង​ភ្នំពេញ

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​កម្ពុជា ក្នុង​ពេល​លោក​ចុះ​ពិនិត្យ​និង​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។
លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​កម្ពុជា ក្នុង​ពេល​លោក​ចុះ​ពិនិត្យ​និង​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។ © Facebook SPM
ដោយ៖ អ៊ឹម រចនា
១៤ នាទី

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នាយប់​​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​តុលា​នេះ បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។ ខណ្ឌ​ដង្កោ គឺ​ជា​ទី​ដែល​រង​ការ​ជន់​លិច​ខ្លាំង​ជាង​គេ ក្នុង​ចំណោម​បណ្ដា​ខណ្ឌ​ផ្សេង​ៗ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នេះ​គឺជា​ការ​ចុះ​ទៅ​ពិនិត្យ​ស្ថានការណ៍​ទឹក​ជំនន់​ជា​លើក​ដំបូង​របស់​លោក​ បន្ទាប់​ពី​កម្ពុជា​បាន​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​អស់​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍​កន្លង​មក​នេះ​​។

ផ្សាយពាណិជ្ជកម្ម

ក្នុង​សម្លៀក​បំពាក់យោធា​ នា​វេលា​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​តុលា លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៥​ផុត​លេខ បានមូរ​ជើង​ខោ លុយ​ទឹក ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​នៅ​​តំបន់​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

មាន​មេក្រូ​ក្នុង​ដៃ ជ្រក​ក្រោមអគារដើម្បី​ផុត​ពី​ទឹក​ភ្លៀង​ដែល​កំពុង​ធ្លាក់​ជាប់​មិន​ដាច់ លោក ហ៊ុន សែន បាន​ថ្លែង​សារ​សួរ​សុខ​ទុក្ខ​​​ប្រជាជនរង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​ និង​បាន​ផ្ដាំ​ផ្ញើ​ពួក​គេ​ឲ្យ​ប្រុង​ប្រយ័ត្ន ដោយ​ត្រូវ​ពិសារ​ទឹក​ស្អាត, មើល​ថែ​ខ្លួន​ឯង​កុំ​ឲ្យ​ឈឺ​ថ្កាត់ និង​ត្រូវ​ប្រយ័ត្ន​ចំពោះ​សត្វ​អសិរពិស​ផ្សេង​ៗ ដែល​អាច​បង្កើតទៅ​​ជា​បញ្ហា​បន្ថែម​ទៀត​។

ទន្ទឹម​នឹង​ការ​ថ្លែង​សារ​ទៅ​កាន់​ពលរដ្ឋ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រាប់​ដល់​មន្ដ្រី​ក្រោម​ឱវាទ​របស់​ខ្លួន ឲ្យ​បន្ត​ប្រតិបត្តិការ​សង្គ្រោះ​ប្រជាជន​បន្ថែម​ទៀត, ត្រូវ​ដាក់​កម្លាំង​ចេញ​ល្បាត​តាម​ផ្ទះ​សម្បែង​ដែលត្រូវ​ទឹក​ជន់​លិច ដើម្បី​ធានា​ថា គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​ឡើយ​។ បើ​តាម​លោក ហ៊ុន សែន ការ​ដាក់​កម្លាំង​ល្បាត​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ក៏​ជា​ការណ៍​ចាំ​បាច់​ផង​ដែរ ដើម្បី​បង្ការ​អំពើ​ចោរកម្ម​ពី​សំណាក់​ជន​​ទាំង​ឡាយ​ណា ដែល​ចង់​ឆ្លៀត​ឱកាស​ពេល​ទឹក​ជន់​លិច​នេះ លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​។

គួរ​កត់​សម្គាល់​ដែរ​ថា ក្រៅ​ពី​ការ​មូរ​ដៃ​អាវលាត់​ជើង​ខោ​ពី​សំណាក់​ប្រមុខ​ដឹក​នាំ​កម្ពុជា​និង​មន្ដ្រី​គ្រប់​ជាន់​ថ្នាក់ ក៏​មាន​ផង​ដែរ ការ​បរិច្ចាគ​ប្រាក់​ដល់​រដ្ឋាភិបាល ​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាជនរង​គ្រោះ​ដោយ​ទឹក​ជំនន់។ ​គិត​ត្រឹម​ថ្ងៃ​យប់​ទី​១៥​តុលា​ រដ្ឋាភិបាល​បាន​ទទួល​ការ​បរិច្ចាគ​ជា​ទឹក​ប្រាក់​ពី​សប្បុរសជន​សរុប​ជាង​៦​លាន​ដុល្លារ និងប្រមាណ​​២០០​លាន​រៀល​។ លោក​នាយករដ្ឋ​មន្ដ្រី បាន​បញ្ជាក់​ថា លោក​នឹង​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ផ្ដល់​ថវិកា​ទាំង​នេះ​ទៅ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ បន្ទាប់​ពី​​ប្រតិបត្តិការ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​គ្រោះ​ទឹក​ជំនន់​លើក​នេះ​បិទ​បញ្ចប់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ