អានតួអត្ថបទ
កម្ពុជា-ទឹកជំនន់

លោកហ៊ុន សែនអះអាងថា ទឹកជំនន់កើតឡើងដោយសារគ្រោះធម្មជាតិ មិនមែនមកពីការលុបបឹងនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អំឡុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រជាពលរដ្ឋដែលរងគ្រោះ នៅក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី១៥ តុលា​ ២០២០
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អំឡុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រជាពលរដ្ឋដែលរងគ្រោះ នៅក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី១៥ តុលា​ ២០២០ © FB/SPMPage
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​បញ្ចេញ​ប្រតិកម្ម​ទៅនឹង​ការ​លើក​ឡើង​នានា​ដែល​ថា​ ការ​កើត​មាន​ទឹក​ជំនន់​នៅ​កម្ពុជា​ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ គឺ​ដោយសារ​តែ​ការ​លុបបឹង​។ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ ការ​កើត​មាន​នូវ​ទឹកជំនន់​នេះ​ គឺ​ដោយសារ​តែ​គ្រោះធម្មជាតិ​។ សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី​ នៅ​ពេល​នេះ​ អ្វី​ដែល​ជា​អាទិភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ គឺ​ការ​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ពួកគេ​។

ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីយប់ថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងថា ការលុកលុយដោយទឹកជំនន់នាពេលនេះ មិនមែនមានសម្រាប់តែប្រទេសកម្ពុជានោះទេ ពោល គឺប្រទេសជិតខាងកម្ពុជារួមមានវៀតណាម និងថៃជាដើម ក៏សុទ្ធតែបានរងផលប៉ះពាល់ផងដែរ។ លោកបានគូសបញ្ជាក់ថា បញ្ហានេះ គឺកើតឡើងដោយសារគ្រោះធម្មជាតិ ដោយមានព្យុះ និងភ្លៀងធ្លាក់បន្តៗកន្ទុយគ្នាមិនដាច់។ សម្រាប់ប្រទេសកម្ពុជា លោកប្រមុខរដ្ឋាភិបាលកម្ពុជាថា ទឹកជំនន់មិនមែនកើតឡើងដោយសារលុបបឹងនោះទេ ប៉ុន្តែវាកើតឡើងដោយសារតែការរំដោះទឹកចេញមិនទាន់ ព្រោះភ្លៀងចេះតែបន្តធ្លាក់ចុះជាបន្តបន្ទាប់។

ប្រតិកម្មរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននេះ ធ្វើឡើងបន្ទាប់ពីមានមតិរិះគន់មួយចំនួនបានលើកឡើងថា បញ្ហាទឹកជំនន់ ជាពិសេស ជំនន់នៅក្នុងរាជធានីភ្នំពេញតែម្តង គឺបានកើតឡើងដោយសារតែការលុបបឹងនានា។ ការរិះគន់នេះក៏ចេញមកពីលោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិពីក្រៅប្រទេសផងដែរ។ ប៉ុន្តែ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានឆ្លើយទៅកាន់អ្នករិះគន់វិញថា កាលពីឆ្នាំទៅ ប្រទេសជប៉ុនបានរងគ្រោះដោយសារតែទឹកជំនន់ហើយបានសម្លាប់ប្រជាជនអស់យ៉ាងច្រើន ខណៈដែលទីក្រុងមួយចំនួននៅអឺរ៉ុបក៏ធ្លាប់លិចលង់ដោយសារតែទឹកជំនន់ដែរ។

សូមជម្រាបជូនថា សម្រាប់កម្ពុជា គិតត្រឹមរសៀលថ្ងៃទី១៥ តុលា ទឹកជំនន់បានបង្កឱ្យលិចលង់ចំនួន១៩ រាជធានី-ខេត្ត និងប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង២០ម៉ឺននាក់។ ជំនន់ទឹកភ្លៀងក្នុងរយៈពេលជិតមួយសប្តាហ៍មកនេះ ក៏បានបណ្តាលឱ្យមនុស្សចំនួន១៣នាក់ស្លាប់ និងប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួនជាង៤ម៉ឺនខ្នង។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ទឹកជំនន់បានបណ្តាលឱ្យលិចលង់សង្កាត់ចំនួន៦ ស្ថិតនៅក្នុងខណ្ឌដង្កោ ខណៈប្រជាជនជិត៣ពាន់នាក់ត្រូវបានជម្លៀសចេញ។

ប្រឈមមុខនឹងបញ្ហានេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានកំណអាទិភាពជាចម្បងរបស់រដ្ឋាភិបាលកម្ពុជានៅពេលនេះ គឺរួមគ្នាជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ដោយមិនរើសអើងនិន្នាការនយោបាយអ្វីឡើយ។ លោកបានសង្កត់ធ្ងន់ថា បញ្ហាសំខាន់ គឺការជួយសង្រ្គោះ ដើម្បីបញ្ជៀសការប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ