អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងយុត្តិធម៌៖ រយៈពេល១៥០ថ្ងៃ សំណុំរឿងដែលកកស្ទះនៅតុលាការជិត៣ម៉ឺនត្រូវបានដោះស្រាយ

ពន្ធនាគារមួយកន្លែង នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពន្ធនាគារមួយកន្លែង នៅក្នុងព្រះរាជាណាចក្រកម្ពុជា © Internet
ដោយ៖ វ៉ា សំណព្វ
២១ នាទី

យ៉ាងហោចណាស់​សំណុំរឿង​ព្រហ្មទណ្ឌ​ជិត​៣​ម៉ឺន​ករណី ​ត្រូវបាន​ដោះស្រាយ ​នៅក្នុងរយៈពេល​១៥០​ថ្ងៃនៃ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ​ចាប់តាំង​ពីថ្ងៃទី ​១៨​ ឧសភា​មក។​ មន្ត្រីសិទ្ធិ​មនុស្សលីកាដូ​បានស្វាគមន៍​ចំពោះ​លទ្ធផលនេះ ​ប៉ុន្តែរំពឹងថា ​យុទ្ធនាការ​បែប​នេះ គួរ​ធ្វើឡើង​ជារៀងរហូត ​ដើម្បី​ជាផ្នែកមួយ​នៃការដោះស្រាយ​ភាពចង្អៀតណែន​នៅក្នុងពន្ធនាគារ​នៅកម្ពុជា។

ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន ​២៧៧០០ ​ស្មើនឹង​៧១% ​នៃសំណុំរឿង​ព្រហ្មទណ្ឌ​ដែលកកស្ទះ ​ត្រូវបានដោះស្រាយ​បញ្ចប់​ទាំងនៅក្នុង​ដំណាក់កាល​អយ្យការ ​ដំណាក់កាល​ស៊ើបសួរ ​និង​ដំណាក់កាល​ជំនុំជម្រះ​។​ ក្នុងនោះ​មានសំណុំរឿង​ចំនួនជាង​១០៣០០ ​ស្មើនឹង​៨២% ​ត្រូវបាន​ជំនុំជម្រះ​រួចរាល់​។ ​នេះបើ​យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌ ​កាលពីថ្ងៃទី ​១៦ ​តុលា​។ បន្ថែម​ពីនេះ ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែលចូលថ្មី​ចំនួនជាង ​២០២០០​សំណុំរឿង​ ស្មើនឹង​៦១% ​ក៏ត្រូវ​បាន​សាលាដំបូង​រាជធានី​-​ខេត្តទូទាំង​ប្រទេស​បាន​ដោះស្រាយ​នៅក្នុងរយៈពេល​១៥០​នៃយុទ្ធនាការ​ដោះស្រាយ​ការកកស្ទះសំណុំរឿង​នៅតាមសាលា​ដំបូងរាជធានី​-​ខេត្ត ​របស់​ក្រសួង​យុត្តិធម៌​ ចាប់តាំង​ពីថ្ងៃទី​ ១៨​ ឧសភា​ មក។

គួរជំរាបជូន​ថា ​ក្រសួងយុត្តិធម៌​បានប្រកាស​ដាក់ចេញ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានីខេត្ត ​កាលពីថ្ងៃទី ​១៨ ​ខែឧសភា ​បន្ទាប់ពី​មានការ​ចេញផ្សាយ​របាយការណ៍​រិះគន់ពី​សំណាក់អង្គការ​សង្គមស៊ីវិល ​ជុំវិញ​កំណើន​អ្នកជាប់ពន្ធនាគារ​នៅក្នុង​ប្រទេសកម្ពុជា ​ចាប់តាំង​ពីរដ្ឋាភិបាល​បានដាក់​ចេញនូវ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នៅទូទាំង​ប្រទេស ​កាលពីខែ​មករា​ ឆ្នាំ ២០១៧​មក​។ ​ បើតាម​របាយការណ៍​ចាប់តាំងពី​ខែមករា ​ឆ្នាំ២០១៧​មក ​មានមនុស្ស​ប្រមាណជា​ ៥៥ ៧៧០នាក់ ​ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ​និង​ត្រូវបាន​ឃុំខ្លួន​ជាបណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ និង​នៅមជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ ដែលមាន​សភាព​ចង្អៀត​ណែន​ខ្លាំង ​និង​គ្មានអនាម័យ​ស្រាប់ទៅហើយ​នោះ។​ បើផ្អែក​តាមការ​អង្កេតមួយ​ដែលធ្វើឡើង​ដោយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ​អ្នកជាប់​ឃុំក្នុង​ពន្ធនាគារ​នៅកម្ពុជា​បានកើន​ឡើងពី​ចំនួន ​២១ ៩០០នាក់ ​នៅចុងឆ្នាំ​ ២០១៦ ​រហូតដល់​ចំនួន ​៣៨ ៩៩០​នាក់​ គិតត្រឹម​ខែមីនា​ ឆ្នាំ២០២០ ​បើទោះបី​ជាពន្ធនាគារ​នៅកម្ពុជាត្រូវ​បានគេប៉ាន់​ប្រមាណថា​ អាចផ្ទុក​មនុស្សបាន​ត្រឹមតែ​២៦៥៩៣​នាក់ក្តី។​

មន្ត្រីអង្គការ​សិទ្ធិមនុស្ស​លីកាដូ ​លោក អំ សំអាត ​បានស្វាគមន៍​ចំពោះ​លទ្ធផល​រយៈពេល​១៥០​ថ្ងៃនៃ​យុទ្ធនាការ​ដោះស្រាយ​ការកក​ស្ទះ​សំណុំរឿង​នៅតាម​តុលាការ​សាលាដំបូង​រាជធានីខេត្ត​នេះ​។ ​បើតាម​លោក ​អំ សំអាត ​លោកបាន​ទទួលស្គាល់ពី​លទ្ធផល​នេះ​ ត្បិត​មេធាវីរបស់​លីកាដូ​ក៏បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ដំណើរ​ការ​នីតិវិធី​នេះដែរ​។ ​តែទោះបី​ជាមិនមានការ​បង្ហាញតួលេខ​នៃអ្នកជាប់ឃុំ​ត្រូវ​បានដោះលែង​តាមរយៈសំណុំរឿង​ដែលត្រូវ​បានដោះស្រាយ​នេះក្តី ​ប៉ុន្តែ​លោក អំ សំអាត​ បានចាត់​ទុកថា ​វាជា​ផ្នែកមួយ​នៃការដោះស្រាយ​ភាពចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​ដែលត្រូវបាន​រិះគន់​កន្លងមក​។ ជាមួយគ្នានេះ ​លោក ​អំ សំអាត ​រំពឹងថា ​ការពន្លឿននីតិវិធី​នៃការ​ដោះស្រាយ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត ​គួរត្រូវបាន​ធ្វើឡើង​ជារៀងរហូត ​ដោយមិន​ត្រូវពន្លឿន​តែនៅក្នុង​យុទ្ធនាការ​នេះឡើយ។​

ជាមួយនឹង​លទ្ធផលនេះ ​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក កើត រិទ្ធ ​កាលពីថ្ងៃទី ​១៦ ​តុលា ក៏​បាន​ប្រកាស​អំពីជោគជ័យ​នៃការ​អនុវត្តយុទ្ធនាការ​នេះ ​ដល់​សាលាដំបូង​និង​អយ្យការ​អមសាលាដំបូងខេត្ត​ចំនួន​៥ ​រួមមាន​ ខេត្តសៀមរាប ​កោះកុង​ កំពត​ ខេត្តបន្ទាយមានជ័យ ​និង​ខេត្តត្បូងឃ្មុំ​។ ​ទន្ទឹមគ្នានេះ ​ក្រសួង​យុត្តិធម៌​រំពឹងថា ​សាលាដំបូង​រាជធានី​ខេត្ត​ផ្សេងទៀត​ នឹង​សម្រេច​បាន​នូវសមិទ្ធផល​ការងារនេះ ​ដើម្បីឈាន​ទៅរកការ​ប្រកាស​អំពី​ភាពជោគជ័យ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ