អានតួអត្ថបទ
កម្ពុជា-សង្គម

ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់រោងចក្រ៧៩ទីតាំង ស្ថិតនៅខេត្តក្រុង ចំនួន៣

ទិដ្ឋភាព​ទឹកលិច​នៅភាគខាងត្បូង​ទីក្រុង​ភ្នំពេញ ​កាលពីថ្ងៃទី ​១៥ ​តុលា ​២០២០​​។
ទិដ្ឋភាព​ទឹកលិច​នៅភាគខាងត្បូង​ទីក្រុង​ភ្នំពេញ ​កាលពីថ្ងៃទី ​១៥ ​តុលា ​២០២០​​។ © សហការី
ដោយ៖ អេង គីមហុង
១៤ នាទី

យ៉ាង​ហោច​ណាស់​មាន​រោង​ចក្រ​ចំនួន​៧៩​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៣ បាន​រង​ផល​ប៉ះ​ពាល់ដោយ​សារ​ជំនន់​ទឹក​ភ្លៀង។ ផល​ប៉ះពាល់​នេះ បាន​ជះ​ឥទ្ធិពល​ដល់​កម្មករ​និយោជិក​ជាង​៤​ម៉ឺន​នាក់។ លោក ហេង សួរ អ្នកនាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃសៅរ៍​នេះ​ថា បើ​ទោះ​បី​ជា​មាន​រោងចក្រ​៧៩​ទី​តាំង រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹក​ភ្លៀង​ក៏​ពិត​មែន​តែ​មិន​បានប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សង្វាក់​ផលិត​កម្ម​របស់​រោងចក្រ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

រោង​ចក្រ​ស្ថិត​ក្នុង​រាជធានីភ្នំពេញ រង​ផល​ប៉ះពាល់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ៦២​ទី​តាំង បន្ទាប់​មក​ខេត្ត​កណ្ដាល​ចំនួន​១៣​ទី​តាំង និងកំ​ពង់​ស្ពឺ​ចំនួន​៤​ទី​តាំង ដែល​សរុប​៣​ទី​តាំង​នេះ មាន​រោងចក្រ​ចំនួន​៧៩ រង​ផល​ប៉ះពាល់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង គិត​ត្រឹម​ថ្ងៃ​ទី​១៧​តុលា​។

លោក ហេង សួរ អ្នកនាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បញ្ជាក់​ថា ក្នុង​ចំណោម​រោងចក្រ​ទាំង​៧៩​ទីតាំង​ដែល​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹក​ភ្លៀង​នេះ មាន​រោងចក្រ​ចំនួន​ជាង​៤០ បាន​ផ្អាកដំណើរ​ការ​ផលិត​បណ្ដោះ​អាសន្ន ស្រប​ពេល​ដែល​រោងចក្រ​ជាង​៣០​កន្លែង​ផ្សេង​ទៀត នៅ​តែ​ដំណើរ​ការផលិត​ដដែល​ទោះ​ប្រឈម​នឹង​ការ​ជន់​លិច​ក៏ដោយ។ នេះ​ដោយ​សារ​តែ​​ស្ថានភាព​ជន់​លិច​មិន​ធ្ងន់​ធ្ងរ។

នៅ​ចំពោះ​មុខ​ស្ថានភាព​រោងចក្រ​ជាង​៤០​បាន​ផ្អាក​ដំណើរ​ការ​ផលិត​បណ្ដោះ​​អាសន្ន​នោះ លោក ហេង សួរ រំពឹងថា អ្វីៗ​នឹង​ត្រឡប់​មក​ប្រសើរ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ ប្រសិន​បើ​អាកាសធាតុ​អំណោយ​ផល។

តាម​ការ​អង្កេត​របស់​លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​ភាគ​ច្រើន​រោងចក្រ​ដែល​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង​ស្ថិត​នៅ​ម្ដុំ​ចោម​ចៅ និង​សួន​ឧស្សាហកម្ម​កាណា​ឌីយ៉ា។ បើ​តាមលោក អាត់ ធន់ គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧​តុលា​នេះ រោងចក្រ​មួយ​ចំនួន​ស្ថិត​ក្នុង​ទី​តាំង​ទាំង​២នេះ បានបើក​ទ្វារ​ទទួល​កម្មករ​ចូល​ធ្វើ​ការ​វិញ​ហើយ ក្រោយ​រោង​ចក្រ​បាន​បូប​ទឹក​ចេញ​ពី​បរិវេណ​របស់​ខ្លួន។

សូម​ជម្រាប​ជូន​ថា ដើម្បី​បញ្ចៀស​ហានី​ភ័យ​ការងារ និង​ការ​បង្ការ​គ្រោះ​ថ្នាក់​ជាយថា​ហេតុ​ណា​មួយ​ដែលបណ្ដាល​មក​ពី​ជំនន់​ទឹក​ភ្លៀង ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី​១៥​តុលា បាន​ណែនាំ​ដល់​ម្ចាស់​រោងចក្រ​ត្រូវ​តាមដាន​ការព្យាករណ៍​ឧតុនិយម សម្រាប់​ត្រៀម​ជម្លៀស​កម្មករ នៅ​ពេល​មាន​លិច​ទឹក។ ត្រូវ​យក​ចិត្ត​ទុក​ដាក់ចំពោះ​ប្រព័ន្ធ​អគ្គិសនី និង​កន្លែង​ទុក​សារធាតុ​គីមី​ជា​ដើម។ រីឯ​កម្មករ​និយោ​ជិត ត្រូវ​គោរព​តាម​ការណែនាំ​របស់​រោង​ចក្រ​ហើយ​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង​ចៀស​វាង​ការ​នៅ​ជិត​ប្រព័ន្ធ​អគ្គិសនី។ នេះ​បើ​តាមសេចក្ដី​ក្រើន​រំឮក​របស់​ក្រសួង​ការងារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ