អានតួអត្ថបទ
កម្ពុជា សង្គម

លោក កឹម សុខា បន្តចុះចែកអំណោយ បន្ទាប់ពី លោក ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរសម្រួលការងារនេះ

លោក កឹម សុខា បន្តចុះចែកអំណោយ បន្ទាប់ពី លោក ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរសម្រួលការងារនេះ។
លោក កឹម សុខា បន្តចុះចែកអំណោយ បន្ទាប់ពី លោក ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរសម្រួលការងារនេះ។ © FB
ដោយ៖ អ៊ឹង ប៊ុនថន
១៣ នាទី

លោក កឹម សុខា នៅព្រឹក​ថ្ងៃសៅរ៍នេះបានបន្តសកម្មភាព​ចុះ​ចែក​អំណោយ​ដល់​​ប្រជាជនរាប់រយគ្រួសារដែល​រងគ្រោះ​ដោយសារទឹក​ជំនន់​នៅ​ក្នុង​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ។ សកម្មភាពមនុស្សធម៌​របស់ប្រធានអតីតបក្សប្រឆាំងរូបនេះ អាចធ្វើទៅបាន គឺបន្ទាប់ពីលោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ កាល​ពី​ថ្ងៃ​សុក្រ បាន​បញ្ជា​ដល់​គ្រប់​អាជ្ញាធរ​ខេត្ត​ទូទាំង​ប្រទេស​ ឲ្យបង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់ លោក កឹម សុខា  ​ក្នុង​ការ​​ចុះ​​ជួយ ​ប្រជាពលរដ្ឋ​ដែល​​រង​គ្រោះ​ ដោយ​សារ​ទឹក​ជំនន់​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។

ផ្សាយពាណិជ្ជកម្ម

ទឹកដីខណ្ឌដង្កោ​ដែល​បានរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ហូរចាក់ចូលពីស្ទឹងព្រែក​ត្នោត នោះគឺជាគោលដៅថ្មីបំផុត​របស់ ​លោក កឹម សុខា ក្នុង​ការ​ចែក​អំណោយដែលបានថវិកាពីក្រៅប្រទេស ដើម្បីទិញអង្ករ មី និងតង់ ជាដើម ចែកដល់​ប្រជាជនដែលងរងគ្រោះ ក្រោយពីសកម្មភាពដូចគ្នានេះ ត្រូវបានលោកធ្វើជាបន្តបន្ទាប់ នៅខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តព្រះសីហនុ ខណៈខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋានឃុំមួយបានរារាំងសកម្មភាពនេះ​។

បន្ទាប់ពីមានការរារាំងយ៉ាងដូច្នេះទៅលើ​សកម្មភាព​មនុស្សធម៌​របស់លោក កឹម សុខា ប្រមុខរដ្ឋាភិបាល​លោក ហ៊ុន សែន កាលពីថ្ងៃសុក្រ បាន​បញ្ជា​ផ្ទាល់មាត់​តាមរយៈ​បណ្តាញសង្គមឲ្យ​អាជ្ញាធរ​ខេត្ត​ទូទាំង​ប្រទេស​ ឲ្យបង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់លោក កឹម សុខា និង​អ្នកនយោបាយឯទៀត ​ក្នុង​ការ​ចុះ​ជួប​និង​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ ដោយ​សារ​ទឹក​ជំនន់ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ។ នេះ​បើ​យោង​តាម​សារ​ជា​សំឡេងរបស់​ លោក​ ហ៊ុន សែន​ដែល​បញ្ជូន​ទៅ​កាន់​អាជ្ញាធរ​ខេត្ត​ទូទាំងប្រទេសដែល​វិទ្យុបារាំងអន្តរជាតិRFIទទួល​បានកាលពីថ្ងៃសុក្រ​។

កាលពីថ្ងៃទី១៥តុលា អាជ្ញាធរ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរារាំងមិនឲ្យក្រុម​លោក កឹម សុខា ចែកអំណោយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹក​ជំនន់នៅទីនោះទេ ដោយអះអាងថាមានក្រុម​ការងារមនុស្សធម៌ផ្សេងទៀត​ត្រូវ​ចុះចែកអំណោយនៅទីនោះក្នុងថ្ងៃជាមួយគ្នាដែរ។

សម្រាប់ ​លោក មាជ សុវណ្ណរ៉ា ដែល​បាន​រួម​ដំណើរជាមួយ ​លោក កឹម សុខា ចុះចែក​អំណោយ​ដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅខេត្តភាគពាយ័ព្យប្រទេសកម្ពុជា ចាត់ទុកថា«វាជាការហួសហេតុ ការយល់ដឹងរបស់​អាជ្ញាធរមូលដ្ឋាន​មានកម្រិត​ ចែកមិនដាច់​រវាង​កិច្ចការ​មនុស្សធម៌​ក្នុងគ្រោះគ្រាអាសន្ន ​ទៅនឹងនិន្នាការ​នយោបាយ​ ពោលពួកគាត់​នៅមាន​ការរើសអើង​»។

បើតាម​គម្រោង ​លោក កឹម សុខា ​នឹងវិលទៅចែកអំណោយ​ដល់​ប្រជាជនរងគ្រោះ​នៅឃុំ​ចំណោម​ស្រុក​មង្គលបូរី ឡើងវិញ​នៅពេលខាងមុខ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ