អានតួអត្ថបទ
កម្ពុជា សង្គម

ខេត្តភាគពាយ័ព្យកម្ពុជាបានរងការជន់លិចជាលើកទី២ ក្រោយភាគីថៃបើកទំនប់

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកងកម្លាំងប្រមាណជា១០០នាក់ ចុះទៅឃុំបន្ទាយឆ្មារ នៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីកាយផ្លូវបង្ហូរទឹកបញ្ចៀសការហូរចូលទៅប្រាសាទ។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកងកម្លាំងប្រមាណជា១០០នាក់ ចុះទៅឃុំបន្ទាយឆ្មារ នៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីកាយផ្លូវបង្ហូរទឹកបញ្ចៀសការហូរចូលទៅប្រាសាទ។ © FB
ដោយ៖ វ៉ា សំណព្វ
១៤ នាទី

កំណើន​ទឹកភ្លៀង​ដែលបន្តធ្លាក់​ក្នុងខេត្តបន្ទាយមានជ័យ ​និងទឹក​ដែលហូរធ្លាក់ខ្លាំង​មកពី​ប្រទេសថៃ ​កាលពីយប់​ថ្ងៃទី ១៧ តុលា​នេះ ​បាន​នឹង​កំពុងធ្វើអោយ​មានការ​ជន់លិច​ខេត្តបន្ទាយមានជ័យជាលើកទី២​ ហើយទឹក​ក៏បានហូរ​ចូលទៅ​ប្រាសាទបន្ទាយឆ្មារ​ផងដែរ​។​ ដើម្បី​បញ្ចៀស​ការជន់លិចនេះ ​លោកទេសរដ្ឋមន្ត្រី ​គន់ គីម ​អនុប្រធានទី១​គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ​បានដឹកនាំ​កងកម្លាំង​ប្រមាណជា​១០០នាក់ ​ចុះទៅឃុំ​បន្ទាយឆ្មារ ​ដើម្បីកាយ​ផ្លូវបង្ហូរទឹក​បញ្ចៀស​ការហូរ​ចូលទៅ​ប្រាសាទ។ ​គួរជំរាបជូនថា ​គិតត្រឹមរសៀល​ថ្ងៃទី ១៨ ​តុលានេះ ​ទឹកជំនន់​នៅកម្ពុជា​បានធ្វើអោយ​ប៉ះពាល់​ដល់ប្រជាពលរដ្ឋ​ជាង​៦១​ម៉ឺន​គ្រួសារ​នៅក្នុង​រាជធានី​-​ខេត្តចំនួន​១៩​ និង​បណ្តាល​អោយមនុស្ស​២៤​នាក់ស្លាប់​។​

ផ្សាយពាណិជ្ជកម្ម

លំនៅដ្ឋានរបស់​​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​​នៅ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមាន​ជ័យ​ កំពុង​​ប្រឈម​​ការ​ជន់លិចជាថ្មី ​បន្ទាប់ពីមាន​ភ្លៀងធ្លាក់ខ្លាំង​ និង​កម្លាំងទឹកហូរ​ធ្លាក់មក​ពីប្រទេសថៃ កាលពី​យប់ ​ថ្ងៃ​ទី​ ១៧ ខែតុលា។ យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ ​នៅព្រឹក​ថ្ងៃអាទិត្យ ​ទី១៨​ តុលានេះ ​កំណើនទឹកភ្លៀង​ដែលបន្តធ្លាក់​ក្នុងខេត្តបន្ទាយមានជ័យ ​និង​ទឹកហូរធ្លាក់មក​ពី​ប្រទេសថៃ​នេះ បាន​ធ្វើអោយ​មានការជន់លិច​នៅក្នុង​ស្រុកថ្មពួក​ ហើយ​ក៏បានហូរ​ចូលទៅ​ប្រាសាទបន្ទាយឆ្មារ​ ស្ថិត​ក្នុងឃុំ​បន្ទាយឆ្មារ​ផងដែរ។ ​ដើម្បីបញ្ចៀស​ការជន់លិចនេះ ​លោកទេសរដ្ឋ​មន្ត្រី ​គន់ គីម​ អនុប្រធានទី១​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ បានដឹកនាំកង​កម្លាំង​ប្រមាណជា​១០០នាក់ ​ចុះទៅ​ឃុំបន្ទាយឆ្មារ ​នៅព្រឹកថ្ងៃ​អាទិត្យនេះ ​ដើម្បី​កាយផ្លូវ​បង្ហូរទឹក​បញ្ចៀសការ​ហូរចូល​ទៅប្រាសាទ​។

បន្ថែមលើនេះ ​អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយការណ៍ ​លោក ឃុន សុខា ​បានគូស​បញ្ជាក់​ថា ​ស្ថានភាព​ជំនន់ទឹក​ភ្លៀង​នៅខេត្តបន្ទាយមានជ័យ​និង​ទឹកធ្លាក់​មកពី​ប្រទេសថៃ​នេះ​ បាននឹង​កំពុង​ធ្វើអោយ​​លិចលង់​ដល់ស្រុក​ចំនួន​៣​នៃ​ខេត្តបន្ទាយមានជ័យ​ គឺស្រុកថ្មពួក​ ស្រុកអូជ្រៅ ​និង​ក្រុងប៉ោយប៉ែត​។ ​បន្ថែមលើនេះ ​ទឹកជំនន់​ដោយទឹកភ្លៀង​និង​ទឹកដែល​កំពុងហូរធ្លាក់​មកពីប្រទេស​ថៃ​នេះ ​ក៏បាននឹង​កំពុង​ធ្វើអោយ​ប៉ះពាល់ដល់​ឃុំអូរតាគី​ស្រុកថ្មគោល ​និងឃុំ​មួយ​ចំនួន​ទៀត ក្នុង​ស្រុក​ប​វេ​ល និង​ស្រុក​កំ​រៀងខេត្ត​បាត់ដំបង​ រងការលិចលង់​ជាថ្មី​ផងដែរ​។

គួរជំរាប​ជូន​ថា ​គិតត្រឹម​រសៀលថ្ងៃទី ​១៧ ​តុលា ​ស្ថានភាព​ជំនន់ទឹក​ភ្លៀងនៅ​កម្ពុជា​នៅប៉ែកខាងលើ​និងរាជធានី​ភ្នំពេញ ​ត្រូវបាន​គេសង្ឃឹមថា ​បានធូស្រាល​បន្តិចឡើងវិញ​ ក្រោយពី​ឥទ្ធិពលព្យុះទី​១៧​ឈ្មោះ ​សូឌែល ​បានថយឥទ្ធិពល​ពីវិសម្ពាធ​មកនៅត្រឹម​កម្រិតសម្ពាធទាប​វិញ​។ ​នេះបើតាមការ​បញ្ជាក់​ពីលោក ​ចាន់ យុត្ថា ​រដ្ឋលេខាធិការ ​និង ​ជាអ្នកនាំពាក្យ​ក្រសួង​ធនធានទឹក ​និង​ឧត្តុនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ