ការថែទាំសុខភាពគួរត្រូវបានយកចិត្តទុកដាក់ខ្ពស់ ខណៈទឹកជំនន់នៅមិនទាន់ថមថយ
ស្ថានភាពទឹកជំនន់នៅកម្ពុជានៅមិនទាន់អស់ឥទ្ធិពលនៅឡើយ ហើយខេត្តមួយចំនួនចាប់ផ្តើមរងគ្រោះម្តងទៀតដោយសារការបើកទ្វារអាងស្តុកទឹក។ បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក ភ្លៀងនៅតែបន្តធ្លាក់រហូតដល់ថ្ងៃទី២១តុលាសប្តាហ៍ក្រោយ។ តើប្រជាជនត្រូវថែទាំសុខភាពដោយរបៀបណានៅគ្រាទឹកជំនន់នេះ?
ចុះផ្សាយនៅថ្ងៃ៖
នៅចំពោះមុខបញ្ហាទឹកជំនន់ ការការពារសុវត្ថិភាពពីការលង់ទឹក ការការពារសត្វទិចឬខាំ ការសំរាន្តក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងការរក្សាអនាម័យក្នុងការបរិភោគគឺជារឿងចាំបាច់បំផុត។
ក្នុងករណីត្រូវធ្វើដំណើរពេលយប់គឺត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង ចៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រប់ ដោយពិនិត្យឲ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរអុស និងគំនរឈើ ហើយហាមដាច់ខាតមិនត្រូវយកដៃទៅចាប់ពស់ ឬសត្វអាសិរពិសនោះឡើយ។ លើសពីនេះ មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអាគារទ្រុឌទ្រោម ព្រោះអាចបាក់ស្រុត បង្កឲ្យមានគ្រោះថ្នាក់។ជាមួយគ្នានោះក៏មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើមឬកំពុងឈរនៅក្នុងទឹក ហើយនៅពេលធ្វើដំណើរដោយជិះទូក ឬកាណូតនៅពេលយប់ត្រូវតែមានភ្លើងបំភ្លឺ និងមិនត្រូវផ្ទុក មនុស្សហួសកំរិតនោះឡើយ។
ចំពោះស្រ្តីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមការកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ប្រសិនបើស្ត្រីគ្រប់ខែជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ ដោយឡែកសម្រាប់ក្មេងៗ គឺត្រូវប្រុងប្រយ័ត្នបំផុតនូវការលង់ទឹក ដោយហាមពួកគេកុមារតូចៗមិនឲ្យចុះទឹក ហើយនាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ឬប្រើអាវពោង ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ។
សម្រាប់កុមារឬទារក គឺត្រូវនាំពួកគេ ទៅចាក់ថ្នាំបង្កាតាមការកំណត់របស់គ្រូពេទ្យ និងផ្តល់អាហារដល់ពួកគេឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រីនៅទីទួលសុវត្ថិភាព ក្រែងមានអំពើហិង្សាផ្លូវភេទកើតឡើង។
ចំពោះមនុស្សចាស់ឬជនពិការ ក្នុងក្រុមគ្រួសារ គឺត្រូវផ្តល់ការគាំទ្រដល់ពួកគេ ដូចជា ឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួន ដែលជាតម្រូវការចាំបាច់បំផុត។
បើតាមក្រសួងសុខាភិបាល ដើម្បីចៀសវាងនូវជំងឺផ្សេងៗដូចជា ជំងឺរាគរូស ពុល ជំងឺរលាកផ្លូវដង្ហើម និងជំងឺផ្សេងទៀត គឺត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រោះ ឬដាំទឹកឲ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្ខរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន៥០០មីល្លីក្រាម ពីរគ្រាប់ អាចលាយទឹក ២០លីត្រ)។ ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ និងគ្របអាហារទុកឲ្យបានជិត ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារផ្ទះបាយបានស្អាតជាប្រចាំ។ ហើយត្រូវលាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់ មុន និងក្រោយពេលបរិភោគអាហារ និងក្រោយចេញពីបង្គន់ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ