អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី លើក​ម្រាម​ដៃ​៣ សម្ដែង​សាមគ្គីភាព​ជាមួយបាតុករ​​នៅ​ប្រទេស​ថៃ

លោក សម រង្ស៊ី លើក​ម្រាម​ដៃ​៣ អះអាង​ពី​ការ​សម្ដែង​សាមគ្គីភាព​ជាមួយបាតុករ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ​។ ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២០
លោក សម រង្ស៊ី លើក​ម្រាម​ដៃ​៣ អះអាង​ពី​ការ​សម្ដែង​សាមគ្គីភាព​ជាមួយបាតុករ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ​។ ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២០ © Sam Rainsy
ដោយ៖ អ៊ឹម រចនា
១៨ នាទី

លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​អាទិត្យ​ទី​១៨​តុលា​នេះ បាន​បង្ហោះ​សារ​​​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្នុង​ន័យ​សម្ដែង​សាមគ្គីភាព​ជាមួយអ្នក​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ ក្បែរ​ខាង​កម្ពុជា។ ភ្ជាប់​ជាមួយ​សារ​នោះ លោក សម រង្ស៊ី ក៏​បាន​បង្ហោះ​រូប​ថត​​លោក​ឈរ​លើក​ម្រាម​ដៃ៣។ ការ​លើក​ម្រាម​ដៃ​បី ដែល​ជា​សញ្ញាបង្ហាញពីការ​តស៊ូ​រើ​បំរះ​ដើម្បី​សិទ្ធិ​សេរីភាព ដោយ​យក​តម្រាប់​តាម​ខ្សែ​ភាពយន្ត​ហូលីវូដ រឿង The Hunger Games។

ផ្សាយពាណិជ្ជកម្ម
សូម​សម្ដែង​សាមគ្គីភាព​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ថៃ​ដែល​កំពុង​តស៊ូ។​

នេះ​គឺ​ជា​សារ​របស់​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​អតីត​បក្ស​ប្រឆាំង។ ការ​ថ្លែង​សារ​របស់​លោក សម រង្ស៊ី នា​ពេល​នេះ ធ្វើ​ឡើង​ដោយ​យោង​ស្ថានការណ៍​​​នៅ​ប្រទេស​ថៃ ដែល​យុវជនចំនួន​ជា​​ច្រើន​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​​​ធ្វើ​បាតុកម្ម​ដោយ​លើក​ម្រាម​ដៃ​បី ​យក​តម្រាប់​តាម​ខ្សែ​ភាពយន្ត​ហូលីវូដ The Hunger Games​។ បាតុកម្ម​ដែល​ចេះ​តែ​រីក​មាឌ​ធំឡើង​ៗ​នៅ​ប្រទេស​ថៃ​នា​ពេល​នេះ ត្រូវ​បាន​រៀប​ចំធ្វើ​ដោយ​មាន​កម្មវត្ថុ​ចំនួន​៣​សំខាន់​ នោះ​គឺ៖ ទាមទារឲ្យ​លោក​នាយករដ្ឋ​មន្ដ្រី​ប្រាយុទ្ធ ចាន់​អូឆា ចុះចេញ​ពី​តំណែង ​ស្ដារ​ប្រជាធិបតេ្យ​ឡើង​វិញ និង​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​ស្ថាប័ន​ព្រះ​មហាក្សត្រ​​​។

ចំពោះ​លោក សម រង្ស៊ី ​វិញ លោក​បាន​​​ពន្យល់​បន្ថែម​ថា ស្ថានការណ៍​នៅ​ប្រទេស​ថៃ​ពេល​នេះ គឺ​ប្រជាពលរដ្ឋ​លើក​ម្រាម​ដៃ​៣ ដើម្បី​សម្ដែង​កំហឹង​របស់​ពួក​គេ ប្រឆាំង​ជន​ផ្ដាច់​ការ និង​ជន​ពុក​រលួយ ជា​មហាសេដ្ឋី ដែល​ជា​ក្រុម​គ្រួសារ និង​បក្ខ​ពួក​ជន​ផ្ដាច់​ការ​។ នេះ​បើ​តាម​លោក សម រង្ស៊ី​។

គួរ​កត់​សម្គាល់​ដែរ​ថា ការ​លើក​ដៃ​ជា​សញ្ញា​សម្គាល់​សារ​នយោបាយ​ដូច្នេះ ក៏​ធ្លាប់​កើត​មាន​ដែរ​នៅ​កម្ពុជា ដោយ​ចំពោះអតីត​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្ដង​។ កាល​ពី​ឆ្នាំ​២០១៣ នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ត្រូវ​បាន​តុលាការ​រំលាយ ថ្នាក់​ដឹក​នាំ​និង​អ្នក​គាំទ្រ​នៃ​គណបក្ស​នេះ បាន​នាំ​គ្នា​លើក​ម្រាម​ដៃ​ចំនួន​៧។ លើក​ម្រាម​ចំនួន​៧ ដើម្បី​គាំទ្រនិង​ឃោសនា​ឲ្យ​​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ណោះ ដែល​មាន​លេខ​រៀង​ទី​៧​នៅ​លើ​សន្លឹក​ឆ្នោត ក្នុង​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​។

៥​ឆ្នាំ​ក្រោយ​មក​។ ពោល​គឺ​នៅ​ក្នុង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨ យុទ្ធនាការ​មួយ​ទៀត​បាន​ផ្ទុះ​ឡើង​។ នោះ​គឺ​ ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​តាម​រយៈការ​បង្ហាញ​ចង្អុល​ដៃ​ស្អាត​គ្មាន​ជ្រលក់​ទឹក​ថ្នាំ​បញ្ជាក់​ពី​ការ​បោះ​ឆ្នោត​ ដើម្បី​បង្ហាញ​ថា ខ្លួន​មិន​គាំទ្រនិង​មិន​ទៅ​​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨ ដែល​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ​។ គួរ​រំឭក​ដែរ​ថា អ្នក​ដែល​ចូល​រួម​ក្នុង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​កាល​ណោះ​រាប់​សិប​នាក់ ត្រូវរង​បណ្ដឹង​ទៅ​កាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ក្នុង​នោះ​មួយ​ចំនួន​ត្រូវ​បាន​លើក​លែង​ការ​ផាក​ពិន័យ និង​ខ្លះ​ទៀត​រង​ការ​ផាក​ពិន័យ​​ក្នុង​ម្នាក់ៗ​​ជាទឹក​​ប្រាក់ពី​៥​ទៅ​​១០​លាន​រៀល។

ដោយ​ឡែក នៅ​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មី​ៗ អតីត​ប្រឆាំង​ដដែល​នេះ ធ្លាប់​បង្កើត​យុទ្ធនាការ​ទាក់ទង​នឹង​ម្រាម​ដៃ​មួយ​ទៀត គឺការ​លើក​ម្រាម​ដៃ​ចំនួន​៩ ដើម្បី​គាំទ្រ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​មិន​បាន​សម្រេច​​របស់​លោក សម រង្សី នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកា​។ កាល​ណោះ អ្នកបង្ហាញ​ម្រាម​ដៃ​៩ គាំទ្រ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ជា​ច្រើន​សិប​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន និង​ខ្លះ​ទៀត​ត្រូវ​រង​ការ​ប្ដឹង​ផ្ដល់​ទៅ​កាន់​តុលាការ​ថែម​ទៀត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ