កម្ពុជា-កងទ័ព

លោក សម រង្ស៊ី ប្រកាសបាតុកម្មប្រឆាំងវត្តមានយោធាចិននៅកម្ពុជា តែរដ្ឋាភិបាលថាមិនមានឥទ្ធិពលលើ កម្ពុជាទេ

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទនេះថា ជនជាតិខ្មែរនៅទូទាំងពិភពលោក នឹងរៀបចំធ្វើបាតុកម្មប្រឆាំងវត្តមានយោធាចិននៅលើទឹកដីកម្ពុជា នៅថ្ងៃទី២៣ខែតុលាខាងមុខ។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាថា កាលើកឡើងរបស់លោក សម រង្ស៊ី គឺជារូបភាពដែលធ្វើឡើងឲ្យមានការចាប់អារម្មណ៍ប៉ុណ្ណោះ ដែលលោកឈជាមួយអាមេរិក ហើយប្រឆាំងជាមួយចិន។

នាវាចម្បាំងកម្ពុជាបានចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០១៩ ។
នាវាចម្បាំងកម្ពុជាបានចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០១៩ ។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ជាថ្មីម្តងទៀត ហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី បានប្រកាសថា នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ ត្រូវជាខួបទី២៩ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជនជាតិខ្មែរទូទាំងពិភពលោក នឹងរៀបចំធ្វើបាតុកម្ម ប្រឆាំងវត្តមានយោធាចិន លើទឹកដីកម្ពុជា។ ការប្រកាសនេះ បានអមដោយរូបភាពកងទ័ព និងនាវារបស់ចិនរួមនឹងទង់ជាតិកម្ពុជា និងចិន ដែលនៅក្នុងរូបភាពនេះ មានសរសេរអក្សរខ្មែរ និងអង់គ្លេសស្តីពីខ្លឹមសារបាតុកម្មផងដែរ។

តាមរយៈសំណេរខ្លីជាភាសាអង់គ្លេស គឺពលរដ្ឋខ្មែរនៅទូទាំងពិភពលោក នឹងធ្វើបាតុកម្មនៅខាងមុខស្ថានទូត និងស្ថានកុងស៊ុលចិន ប្រចាំនៅទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិក ដូចជា Washington New York San Francisco Los Angeles Houston Chicago និងនៅទីក្រុងមួយចំនួនទៀតនៅកាណាដា អឺរ៉ុប និងអាស៊ី ដូចជា Ottawa Montreal Vancouver Paris Geneva Canberra Sydney Melbourne Wellington Seoul និងTokyo។ តែសេចក្តីប្រកាសនេះ មិនមានរាប់បញ្ចូលនៅប្រទេសកម្ពុជាទេ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាលថ្លែងថា អាជ្ញាធរដែនដី កម្ពុជានឹងមិនអនុញ្ញាតទេ ប្រសិនបើបាតុកម្មនេះកើតមាននៅកម្ពុជា ដោយសារការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនេះ មិនឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែង។ ជាជំហររបស់រដ្ឋាភិបាល លោកថាមិនអនុញ្ញាតឲ្យមានការបំផ្លើសព័ត៌មានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់កម្ពុជាឡើយ។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីថា មិនមានយោធាបរទេសណានៅកម្ពុជាទេ មិនថាតែប្រទេសចិនទេ គឺច្បាប់កម្ពុជាមិនអនុញ្ញាតឡើយ។ លើកលែងតែក្នុងករណីសមយុទ្ធ ដែលមានការសុំច្បាប់ត្រឹមត្រូវ ក្នុងគោលបំណងរួមគ្នា ដើម្បីសង្គ្រោះលើកិច្ចការសន្តិភាពសុទ្ធសាធ។ សូមរំលឹកថាការបញ្ជាក់ពីភាពស្អាតស្អំរបស់កម្ពុជាថាមិនមានមូលដ្ឋានកងទ័ពចិននៅកម្ពុជា ក៏ត្រូវបានធ្វើឡើងជាច្រើនដងរួចមកហើយ ដោយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា ក៏ប៉ុន្តែរបៀបវារៈនៃការសង្ស័យ នៅតែបន្តមានភាពចំរូងចំរះឥតឈប់ឈរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI