អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

សំណុំរឿងលោក រ៉ុង ឈុន កម្រើកជាថ្មីតាមរយៈសំណើររបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ

លោក រ៉ុង ឈុន
លោក រ៉ុង ឈុន © UN
ដោយ៖ អ៊ឹង ប៊ុនថន
១៧ នាទី

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ ស្នើសុំ​ព័ត៌មាន​បន្ថែម​អំពី​មូលដ្ឋាន​ពិត​ និង​មូលដ្ឋាន​ច្បាប់​លើ​ការ​ចាប់​ឃុំ​ខ្លួន​ លោក​ រ៉ុង ឈុន ​និង​សកម្មជន​សង្គម​ជាង​១០​នាក់​ផ្សេង​ទៀត​។ នេះ​បើ​តាម​លោកស្រី​ រ៉ូណា ស្មីត ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​របស់​លោកស្រី​កាល​ពី​ថ្ងៃ​ទី​១៧​តុលា​។ តែ​ក្រសួង​ការ​បរទេស​នៅ​មិន​ទាន់​ឆ្លើយ​តប​បែប​ណា​នៅ​ឡើយ​។

ផ្សាយពាណិជ្ជកម្ម

ក្រៅពីករណីចាប់ខ្លួន លោក រ៉ុង ឈុន ក្រុមអ្នកជំនាញ អ.ស.ប ក៏បានស្នើសុំនូវព័ត៌មានបន្ថែមអំពីភាពត្រូវគ្នានៃការចាប់ខ្លួន ជាមួយនឹងសិទ្ធិសេរីភាព និងសន្តិសុខបុគ្គល រាប់ទាំង ការទទួលបានការជូនដំណឹងនៅពេលចាប់ខ្លួន អំពីមូលហេតុនៃការចាប់ខ្លួនពួកគេ។

បើតាមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិរបៀបនៃការចាប់ខ្លួន និងឃុំខ្លួនសកម្មជនសង្គមកន្លងមកនេះ គឺមិនស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ទាក់ទងនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈនោះឡើយ។

ក្រៅពីបញ្ហាទាំងនោះ ក្រុមអ្នកជំនាញ អ.ស.ប បានស្នើសុំព័ត៌មានបន្ថែមអំពីរបៀបនៃការបំបែកការជួបប្រជុំដោយសន្តិវិធី នៅថ្ងៃទី ០៣ និង ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០។

បើតាមក្រុមអ្នកជំនាញដដែលនេះ ការជួបជុំនោះ គឺស្របតាមកាតព្វកិច្ចផ្លូវច្បាប់របស់រដ្ឋាភិបាល ដែលមានចែងក្នុងមាត្រា ២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិសិទ្ធិនយោបាយ (ICCPR) និងច្បាប់កម្ពុជា ដែលធានាការជួបប្រជុំដោយសន្តិវិធី និងការបង្កើតសមាគម។

យ៉ាងណាក៏ដោយក្រសួងការបរទេសកម្ពុជានៅមិនទាន់​ឆ្លើយតបបែបណានៅឡើយ។ តែតំណាង​កម្ពុជា ប្រ​ចាំ​អង្គការសហប្រជាជាតិ កាលពីខែកញ្ញាធ្លាប់ បានឆ្លើយតបម្តងហើយថា ​ប្រទេស​កម្ពុជា ពុំ​អនុញ្ញាត​ឲ្យ​មានការ​ចាប់ខ្លួន​តាម​អំ​ពើ​ចិត្ត​នោះឡើយ​ ហើយថាការចាប់ខ្លួន​សកម្មជនដែលតវ៉ាកន្លងមកនោះ គឺជា​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​។

សូមជម្រាបថា ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបានស្នើឲ្យ​ក្រសួងការបរទេស​កម្ពុជាបំភ្លឺលើការចាប់​ខ្លួន លោក រ៉ុង ឈុន និង​សកម្មជនសង្គម​ផ្សេងទៀតនោះ គឺមានអ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពនៃការបញ្ចេញគំនិត និងមតិ។ ក្រុមការងារស្តីពីការឃុំខ្លួនដោយបំពាន។ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា។អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិសេរីភាពក្នុងការជួបជុំដោយសន្តិវិធី និងបង្កើតសមាគម ។ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស។

គួរំឭកដែរថា ​លោក រ៉ុង ឈុន ត្រូវ​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី៣១ កក្កដា បន្ទាប់មកតុលាការសម្រេចឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ការ​ចាប់​ខ្លួន​នេះ ធ្វើឡើងភ្លាមៗក្រោយពីលោកនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋានៅក្រៅប្រ​ទេសថា ​វៀតណាម​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ ជាបន្តបន្ទាប់នៅមានសកម្មជនសង្គមជាង១០នាក់ទៀតត្រូវ​ចាប់ឃុំ​ខ្លួនផងដែរ បន្ទាប់ពីពួកគេ​ធ្វើ​បាតុកម្ម ទាមទារ​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ