អានតួអត្ថបទ

សង្គមស៊ីវិល៖ចំនួនអ្នក​ចុះ​ឈ្មោះ​បោះឆ្នោតថ្មី​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ធៀប​២ឆ្នាំ​មុន​ក្រោយ​ការរំលាយ​អតីត​បក្ស​ប្រឆាំង

ពលរដ្ឋពិនិត្យមើលឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត
ពលរដ្ឋពិនិត្យមើលឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត © សហការី
ដោយ៖ អេង គីមហុង
១៥ នាទី

នៅ​ថ្ងៃ​ទី​១៩​តុលា​នេះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ២០២០ ដែល​មាន​រយៈ​ពេល​១៩​ថ្ងៃ។  តួលេខ​បឋម​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​តុលា មាន​ប្រជាពលរដ្ឋ​ខ្មែរសរុប​ជាង​២៥​ម៉ឺន​នាក់ (២៥៧,៥៤៥នាក់) ដែល​ស្មើ​នឹង ៨៥.៤% បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី លើចំនួន​ប៉ាន់​ស្មាន​ដែល​ត្រូវ​ចុះ​ឈ្មោះ​ថ្មី​ប្រចាំ​ឆ្នាំ​ចំនួន​ជាង​៣​សែន​នាក់(៣០០,៣៩០នាក់)។ ចំណែក​ សង្គមស៊ីវិល​បាន​កត់​សម្គាល់​ថា ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០២០ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ បើ​ធៀប​២​ឆ្នាំ​មុន​ក្រោយ​ការ​រំលាយ​អតីតបក្ស​ប្រឆាំង។ 

ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ លោក កន សាវ៉ាង ​ ​អ្នក​​សម្រប​​សម្រួល​​ផ្នែក​​អង្កេត​​នៃ​អង្គការ​ខុម​​ហ្វ្រែល​លើក​ឡើង​ថា បើ​ទោះ​ជា​កម្ពុជា​កំពុង​ប្រឈម​នឹង​ស្ថានភាព​ជំងឺ​កូវីដ​១៩ និង​ស្ថានភាព​ជំនន់​ទឹកភ្លៀងយ៉ាង​ណា​ក៏​ដោយ តែ​ដំណើរការ​ចុះ​ឈ្មោះបោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ដោយ​ទទួល​បាន​ចំនួនអ្នក​ចុះ​ឈ្មោះ​ថ្មី ដល់​ទៅ​ជាង​២៥​ម៉ឺន​នាក់​ទៀត​ផង។ បើតាម​អង្គការ​ខុមហ្វ្រែល​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ គឺ​មាន​ការ​កើន​ឡើង​ខ្ពស់​បើ​ធៀប​នឹង​ឆ្នាំ២០១៨ និង​២០១៩ ពោល​គឺ​២​ឆ្នាំ​បន្ទាប់​ពី​ការរំលាយ​អតីត​គណបក្ស​សង្គ្រោះជាតិ។

ទោះ​ជា​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​កើន​ឡើង​ជាង​៨០​ភាគរយ​នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ជាង២៥​ម៉ឺន​នាក់​ក៏​ដោយ ក៏​ខុម​ហ្វ្រែល​មើល​ឃើញ​ថា នៅ​មានពល​រដ្ឋ​មួយ​ចំនួន​មិន​បង្ហាញ​បំណង​ទៅ​ចុះឈ្មោះ ឬ​ពិនិត្យ​បញ្ជី​ឈ្មោះ​ឡើយ​ដោយ​សារ​តែ​មិន​មាន​គណបក្ស​ដែល​ពួក​គេ​ពេញ​ចិត្ត។ លោក កន សាវ៉ាង  យល់ថា ដំណើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ពេល​នេះ គួរ​មាន​ចូល​រួម​ពី​គ្រប់​គណបក្សនយោ​បាយ ដើម្បី​ណែនាំ​ទៅ​ពលរដ្ឋ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ទោះ​ក្នុង​ការកាលៈទេសៈ​ណា​ក៏​ដោយ​ដើម្បី​ឲ្យ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត។  មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ពលរដ្ឋ​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ឯងបាន​យ៉ាង​ហោច​ណាស់​៥០​ភាគ​រយដែ​រ ប្រសិន​បើ​ដល់​ថ្ងៃ​បោះ​ឆ្នោត​ស្រាប់​តែ​មាន​វត្ត​មាន​គណបក្ស​សដែល​ខ្លួន​ឯង​ស្រឡាញ់ ពេញ​ចិត្ត។ 

អ្នក​នាំ​ពាក្យ​គ.ជ.ប លោក ​ឌឹម សុវណ្ណារុំ លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​បន្ត​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២១បន្ត​ទៀត ទោះ​ជា​ពលរដ្ឋ​មិន​បាន​មក​ចុះ​ឈ្មោះ​ក្រោម​ហេតុផល​អាកាសធាតុ ឬ​ក៏​ហេតុ​ណា​ផ្សេង​ក៏​ដោយ។ ចំពោះ​អង្គការ​និចហ្វិក​វិញ​មើល​ឃើញ​ថា អំឡុង​ពេល​នៃ​ដំណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២០ ដែល​មាន​រយៈ​ពេល​១៩​ថ្ងៃ​មក​នេះ បញ្ហា​បច្ចេកទេស​បាន​ប៉ះពាល់​ដល់ដំណើរ​ការ​ចុះ​ឈ្មោះ​ឆ្នោត​ខ្លះ​ដែរ ដែល​ចំណុច​នេះ និចហ្វិក​ស្នើ​ឲ្យ​គ.ជ.ប កែ​សម្រួល ហើយ​គ.ជ.បបានឯកភាព​លើ​សំណើ​រនេះ។  

សូមជម្រាបជូនថា ១៩​ថ្ងៃ​នៃ​ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​នៅ​គ្រប់ការិយាល័យ​ចុះ​​ឈ្មោះបោះ​ឆ្នោត​ទាំង​១៦៤៦​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ដោយ​មាន​ការ​ចូលរួម​សង្កេត​ពីតំណាង​គណបក្ស​នយោបាយ​ជិត១​ម៉ឺន​នាក់ មក​ពី​គណបក្ស​ចំនួន​៦​រួមមាន៖ប្រជាជន​កម្ពុជា សម្ព័ន្ធដើម្បី​ប្រជាធិប​តេយ្យ ខ្មែរ​រួម​រួម​ជាតិ ហ៊្វុន​ស៊ិនប៉ិច សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​និង​យុវជនកម្ពុជា៕  

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ