អានតួអត្ថបទ
កម្ពុជា-សង្គម

សកម្មជនបក្សប្រឆាំងម្នាក់ត្រូវបានលួចវាយប្រហារ ខណៈពីរនាក់ទៀតត្រូវចាប់ខ្លួនក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ

រូបភាពតំណាង
រូបភាពតំណាង © Internet
ដោយ៖ អេង គីមហុង
១៣ នាទី

យ៉ាង​ហោច​ណាស់​មាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​ទៀត​ត្រូវ​បាន​លប​លួច​វាយ​ប្រហារ​នៅ​ថ្ងៃ​ទី​១៩​តុលា ​ម្សិលមិញ​ដោយ​ពុំទាន់​ដឹង​ពី​មូលហេតុ​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ សមាជិក​អតីត​គណបក្ស​សង្គ្រោះជាតិ​២នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​ដែរ​ នៅក្នុង​សំណុំ​រឿង​ប្រមាថ​ព្រះមហាក្សត្រ​។​ មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ចាត់​ទុក​ករណី​ទាំង​ពីរ​នេះ​ជា​រឿង​នយោបាយ​។

ផ្សាយពាណិជ្ជកម្ម

លោក ឌិន  វ៉ារិន ធ្លាប់កាន់តំណែងជាលេខាធិការគណៈកម្មាធិការប្រតិបត្តិនៃអតីតគណបក្សសង្គ្រោះជាតិត្រូវជនមិនស្គាល់មុខលបលួចវាយប្រហារដោយការគុំដុំថ្មចំក្បាលនៅ​​​​ក្នុងសង្កាត់ចាក់អង្រែក្រោមនៅថ្ងៃទី១៩តុលា ម្សិលមិញ។  បច្ចុប្បន្ន លោក ឌិន វ៉ារិន ត្រូវបានក្រុមគ្រួសារនាំទៅសម្រាកព្យាបាលរបួសនៅមន្ទីរមួយកន្លែងក្នុងរាជធានីភ្នំពេញ។

ស្របពេលជាមួយគ្នានេះ​ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ២នាក់ទៀតត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យកន្លងទៅនៅក្នុងសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រ។ បន្ទាប់ពីចាប់ខ្លួននៅក្នុងខេត្តបាត់ដំបង ពួកគេទាំងពីរត្រូវបានបញ្ជូនមកសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ។

លោក អុំ សំអាន មន្ត្រីអតីតគណបក្សសង្គ្រោះជាតិចាត់ទុកថា ករណីទាំងពីរនេះជារឿងនយោបាយ។ ជារឿងនយោបាយព្រោះរាល់សំណុំរឿងហិង្សាទៅលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិ មិនដែលឃើញសមត្ថកិច្ចរកជនបង្កមកផ្ដន្ទាទោសម្ដងណាឡើយ។

ដើម្បីជម្រះមន្ទិលរបស់មហាជនដោយទាញភ្ជាប់ហិង្សាលើសកម្មជនអតីតបក្សប្រឆាំងនឹងរឿងនយោ​បាយ​លោក អំ  សំអាត មន្ត្រីផ្នែកអង្កេតនៃអង្គការលីកាដូ ជំរុញឲ្យរដ្ឋាភិបាលឬតុលាការវែកមុខជនបង្កយកមកផ្ដន្ទាទោស។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃឆ្លើយតបថា សំណុំរឿងខ្លះទាមទារពេលវេលាក្នុងការស្រាវជ្រាវវែកជនបង្កហេតុ ហើយចំពោះផ្លូវច្បាប់អាជ្ញាធរបើកការស៊ើបអង្កេតដោយមិនប្រកាន់និន្នាការនយបាយឡើយ។

សូមជម្រាបជូនថា សកម្មជនអតីតគណបក្សសង្គ្រោះជាតិមិនក្រោម១០នាក់ឡើយទទួលរងអំពើហិង្សាជាបន្តបន្ទាប់រាប់ចាប់តាំងពីឆ្នាំ២០១៨ មកដល់ពេលនេះ ហើយទាក់ទងសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រវិញ រាប់ចាប់តាំងពីការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌនៅក្នុងឆ្នាំ២០១៨ មនុស្សយ៉ាងតិច៥នាក់ត្រូវបានចាប់ខ្លួននៅក្នុងសំណុំរឿងនេះ។ នេះបើតាមលោក អំ សំអាត មន្ត្រីផ្នែកអង្កេតនៃអង្គការលីកាដូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ