អានតួអត្ថបទ
កម្ពុជា-នយោបាយ

ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិថា នឹងចូលខ្លួនតាមការកោះហៅរបស់តុលាការ បើរដ្ឋាភិបាលមិនរារាំង

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងមន្រ្តី
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងមន្រ្តី AP - Vincent Thian
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ ដែល​កំពុង​រស់នៅ​និរទេស​ បាន​អះអាង​ថា​ ពួកគេ​នឹង​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ ​នៅថ្ងៃ​ទី ​១១ ​ខែ​វិច្ឆិកា ​ខាង​មុខ​នេះ​ ប្រសិន​បើ​គ្មាន​ការ​រារាំង​។ ជា​ការ​កោះ​ហៅ​ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧបឃាត ​ឬ​ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ»​ តាម​រយៈ​ផែនការ​នៃ​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី ​កាល​ពី​ថ្ងៃ​ទី​០៩ ​ខែ​វិច្ឆិកា​ ឆ្នាំ​មុន​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២១ តុលានេះ ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានឆ្លើយតបដោយមិនរុញរាឡើយថា ពួកគេនឹងវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការក្រុងភ្នំពេញ។ ប៉ុន្តែត្រូវមានលក្ខខណ្ឌចំនួន៤ចំណុច។ លក្ខខណ្ឌទាំង៤ចំណុចនោះរួមមាន ទី១.លើកបម្រាមដែលបានហាមក្រុមហ៊ុនយន្តហោះនានា មិនអោយដឹកនាំថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិចូលប្រទេសកម្ពុជា ទី២.ផ្តល់ឡើងវិញនូវសុពលភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលក្រសួងការបរទេសបានលុបចោល ទី៣. សរសេរលិខិតទៅបណ្តាប្រទេសអាស៊ាន ជាពិសេសប្រទេសថៃ ដោយអនុញ្ញាតអោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចេញចូលប្រទេសថៃដូចអ្នកដំណើរនានា និងទី៤.កុំរារាំង ហាមឃាត់ បំភិតបំភ័យ និងចាប់ចងប្រជាពលរដ្ឋខ្មែរដែលទៅទទួលស្វាគមន៍ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។ បន្ថែមលើលក្ខខណ្ឌទាំង៤ចំណុចនេះ សេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃទី ២១ តុលានេះ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសប្រជាធិបតេយ្យទាំងអស់ជម្រុញអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុវត្តតាមលក្ខខណ្ឌខាងលើនេះ ដើម្បីអោយថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ អាចវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញបាន។

មិនទាន់មានការឆ្លើយតបជាផ្លូវការពីសំណាក់រដ្ឋាភិបាលកម្ពុជា ពិសេសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី ២១ តុលានេះ។ ក៏ប៉ុន្តែលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេចក្តីថ្លែងការណ៍នេះថា គ្រាន់តែជាលេស និងជាហេតុផលនយោបាយតែប៉ុណ្ណោះ។ បើតាមលោក ផៃ ស៊ីផាន ប្រសិនបើថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិចង់វិលមកកាន់ប្រទេសកម្ពុជាវិញមែន នោះគួរប្រាប់ពីឧបសគ្គទាំងនេះទៅកាន់ស្ថាប័នតុលាការ ដែលបានចេញដីកាកោះហៅនេះ។

គួរជំរាបជូនថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិចំនួន៨រូបផ្សេងទៀត រួមមាន លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឬទ្ធិ លោកហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោកស្រី ជូឡុង សូមូរ៉ា ភរិយាលោក សម រង្ស៊ី និងលោកនុត រំដួល ត្រូវបានលោក សេង ហៀង តំណាងអយ្យការអមតុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅអោយចូលខ្លួនទៅឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ខាងមុខនេះ ក្រោមការចោទប្រកាន់ពីបទ «ឧបឃាត»។ បទចោទប្រកាន់នេះ គឺជាសំណុំរឿងចាស់កាលពីឆ្នាំទៅ ដែលតុលាការកម្ពុជាបានចោទប្រកាន់ថ្នាក់ដឹកនាំនិងសមាជិកជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិទាំង៩រូប ពីបទឧបឃាត ឬ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» តាមរយៈផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ