អានតួអត្ថបទ
កម្ពុជា-សង្គម

CamboJA អំពាវនាវឲ្យតុលាការទម្លាក់ចោលបទចោទលើអតីតអ្នកសារព័ត៌មាន២រូប

លោក អ៊ួន ឈិន  និង​ លោក យាង សុធារិន្ទ (យាង សុជាមេត្តា) (រូបភាពឯកសារ)
លោក អ៊ួន ឈិន និង​ លោក យាង សុធារិន្ទ (យាង សុជាមេត្តា) (រូបភាពឯកសារ) © RFI
ដោយ៖ ជួប នរក្សា
១០ នាទី

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJa នៅព្រឹកថ្ងៃទី២១ ខែតុលានេះ បានចេញមកស្នើឲ្យតុលាការទម្លាក់បទចោទប្រកាន់លើអតីតអ្នកសារព័ត៌មានអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ជុំវិញបទចោទប្រកាន់ ថាបានផ្តល់ព័ត៌មានឲ្យបរទេស។ ការចេញមកអំពាវនេះ គឺធ្វើឡើងមុនពេលដែលសំណុំរឿងអតីតអ្នកសារព័ត៌មានទាំង២នេះ នឹងត្រូវតុលាការកំពូលយកមកជំនុំជម្រះបន្តនៅថ្ងៃស្អែក។

ផ្សាយពាណិជ្ជកម្ម

គឺនៅលើហ្វេសប៊ុកផេករបស់ខ្លួន នៅព្រឹកថ្ងៃទី២១ តុលានេះ CamboJa បានលើកឡើងអំពីសំណុំរឿងដែលតុលាការចោទប្រកាន់លើអតីតអ្នកសារព័ត៌មានអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ពីបទចារកម្ម ដែលថាបានផ្តល់ព័ត៌មានដល់បរទេសនិងនាំឲ្យមានអសន្តិសុខដល់សង្គមជាតិ ថាគួរទម្លាក់ចោលបទចោទ និងផ្តល់សិទ្ធិសេរីភាពពេញលេញឲ្យពួកគេ ប្រកបអាជីពជាធម្មតា។

លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើង ការអំពាវនាវឲ្យទម្លាក់បទចោទនេះ ក៏ព្រោះតែ CamboJa យល់ឃើញថា ករណីនេះមានការពាក់ព័ន្ធនឹងផ្នែកនយោបាយ ជាជាងបទល្មើសដែលអតីតអ្នកសារព័ត៌មានទាំងពីរបានប្រព្រឹត្ត នៅអំឡុងពេលដែលស្ថានការណ៏នយោបាយនៅកម្ពុជាមានភាពតានតឹង រួមនឹងការបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយ ដែលមិនមាននិន្នាការស្របនឹងរដ្ឋាភិបាល។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៥កក្កដាកន្លងទៅ តុលាការក៏បានច្រានចោលនូវបណ្តឹងស្នើបដិសេធការស៊ើបអង្កេតបន្ថែមលើរឿងកាន់កាប់រូបភាពអាសអាភាសរបស់អតីតអ្នកសារព័ត៌មានទាំងពីរ ដែលការណ៍នេះ លោក ណុប វី ដដែលបានបន្ថែមថា ជាការរឹតត្បិតលើសកម្មភាព សិទ្ធិសេរីភាព និង ការអនុវត្តវិជ្ជាជីវៈពួកគេដែរ។

គួរបញ្ជាក់ថា អតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូប ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧ និងត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី២១ សីហា ២០១៨ ហើយមកទល់ពេលនេះ តុលាការនៅមិនទាន់មានការកំណត់សាលក្រមនៅឡើយ ពោលគឺនៅមានការស៊ើបអង្កេតជាបន្តបន្ទាប់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ