អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន៖ «គេកំពុងទឹកជំនន់ផង កូវីដផង កុំមករញ៉េរញ៉ៃ!»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អំឡុងពេលចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ តុលា ២០២០
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អំឡុងពេលចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ តុលា ២០២០ © FB/SPMPage
ដោយ៖ ញឹម សុផល
១៣ នាទី

នៅ​ក្នុង​ពិធី​ជួប​សួរ​សុខទុក្ខ​ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ​ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ព្រមាន​ដល់​អ្នក​ដែល​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​ចិន​នៅ​ថ្ងៃ​ទី​២៣​ ខែ​តុលា​ខាង​មុខ​ សូម​ឲ្យ​ប្រយ័ត្នប្រយែង​ ខណៈ​ដែល​កម្ពុជា​កំពុង​មាន​ទឹក​ជំនន់​។ ប្រតិកម្ម​របស់​លោក​ ហ៊ុន សែន​ ដូច្នេះ​គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​គម្រោង​រៀបចំ​បាតុកម្ម​ប្រឆាំង​ចិន​ ពី​សំណាក់​ក្រុម​ប្រឆាំង​ ក្នុង​នោះ​ក៏​មាន​ផ្សាយ​តាម​ហ្វេសប៊ុក​លោក​ សម រង្ស៊ី​ ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងឱកាសដែលមានការបង្ហាញមុខចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតរំលេចសារនយោបាយខ្លីៗ ដោយព្រមានទៅកាន់អ្នក ដែលចង់ប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ប្រឆាំងចិន នៅក្នុងថ្ងៃទី២៣ តុលា ដែលជាថ្ងៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្រាប់កម្ពុជា ថាកុំមករញ៉េរញ៉ៃ គេកំពុងតែទឹកលិចផង និងបញ្ហាកូវីដផង។

ការថ្លែងរបស់លោក ហ៊ុន សែន ទំនងជាការឆ្លើយតបទៅនឹងការលើកឡើង របស់លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ តាមរយៈហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទ ដោយលោក សម រង្ស៊ី បានសរសេរថា នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ ត្រូវជាខួបទី២៩ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជនជាតិខ្មែរទូទាំងពិភពលោក នឹងរៀបចំធ្វើបាតុកម្ម ប្រឆាំងវត្តមានយោធាចិន លើទឹកដីកម្ពុជា។ បាតុកម្មនេះ នឹងធ្វើឡើងនៅរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក កាណាដា ប្រទេសអឺរ៉ុប និងអាស៊ីមួយចំនួនទៀត តែមិនបានបញ្ជាក់ពីការធ្វើនៅកម្ពុជាទេ។

ទោះយ៉ាងណា តាមរយៈសារព្រមាននៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថាមុខសញ្ញា ដែលត្រៀមធ្វើបាតុកម្មប្រឆាំងវត្តមានយោធាចិន នៅមុខស្ថានទូតចិន ប្រចាំទីក្រុងភ្នំពេញ ត្រូវបានសមត្ថកិច្ចរបស់លោកគ្រប់គ្រងព័ត៌មានអស់ហើយ។ លោកថាមុខសញ្ញាទាំងនេះ គឺជាប្រជាពលរដ្ឋដែលនៅតាមខេត្ត ដែលត្រូវបានគេប្រើប្រាស់ឡើងទៅធ្វើបាតុកម្មនៅភ្នំពេញ។

លោក ហ៊ុន សែន បានប្រៀបប្រដូចសារព្រមាននេះ ទៅនឹងការសម្រេចប្រើអំពើហឹង្សាររបស់ព្រះសង្ឃមួយអង្គទៅលើស្ត្រីម្នាក់ ដែលបានឈ្លោះគ្នា ហើយគប់ដុំថ្មត្រូវព្រះកេសព្រះសង្ឃ។ នៅក្នុងន័យនេះ ត្រូវគេមើលឃើញថាអាជ្ញាធរនឹងមិនអត់ឱនឲ្យទេ ប្រសិនបើមានការធ្វើបាតុកម្មណាមួយប្រឆាំងវត្តមានយោធាចិននៅកម្ពុជា នៅថ្ងៃ២៣តុលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ