អានតួអត្ថបទ
ចិន-ទន្លេមេគង្គ

ចិន-គណៈកម្មាធិការទន្លេមេគង្គចុះកិច្ចព្រមព្រៀងស្តីពី កាចែករំលែកព័ត៌មានទិន្នន័យទឹកពេញមួយឆ្នាំ

ប្រជាពលរដ្ឋកំពុងបើកទូកនៅលើទន្លេមេគង្គ
ប្រជាពលរដ្ឋកំពុងបើកទូកនៅលើទន្លេមេគង្គ © MRC
ដោយ៖ វ៉ា សំណព្វ | ជួប នរក្សា
១៤ នាទី

ប្រទេស​ចិន​ នឹង​ផ្តល់​ព័ត៌មាន​ ឬ​ចែករំលែក​ទិន្នន័យ​ស្តី​ពី​កម្រិត​ទឹក​ពេញ​មួយ​ឆ្នាំ ​មក​ដល់​គណៈកម្មាធិការ​ទន្លេមេគង្គ​ ដែល​ជា​ក្រុម​ប្រទេស​នៅ​ផ្នែក​ខាង​ក្រោម​របស់​ខ្លួន​។ ការ​សន្យា​នេះ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២២​ តុលា​នេះ​ តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​គណៈកម្មាធិការ​ទន្លេមេគង្គ​ដែល​រួម​មាន​ ប្រទេស​ឡាវ​ ថៃ​ កម្ពុជា​ និង​វៀតណាម​។

ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២២ តុលានេះ នៅឯទីក្រុងវៀងច័ន្ទប្រទេសឡាវ រវាងរដ្ឋមន្ត្រីក្រសួងធនធានទឹកចិននិងគណៈកម្មាធិការទន្លេមេគង្គ ដែលរួមមានប្រទេសឡាវ ថៃ កម្ពុជា និង វៀតណាម។ តាមរយៈកិច្ចព្រមព្រៀងនេះ ត្រូវបានលោក An Pich Hatda អគ្គលេខាធិការគណៈកម្មាធិការទន្លេមេគង្គចាត់ទុកថា គឺជាភស្តុតាងប្រវត្តិសាស្ត្រមួយនៃកិច្ចសហប្រតិបត្តិការវាងប្រទេសចិន និងគណៈកម្មាធិការទន្លេមេគង្គ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការទន្លេមេគង្គ ចេញផ្សាយនៅថ្ងៃទី ២២ តុលានេះ។

គួរជំរាបជូនថា ក្នុងរយៈពេល១៨ឆ្នាំកន្លងមក ប្រទេសចិនបានចែករំលែកព័ត៌មានឬផ្តល់ទិន្នន័យពីកម្រិតទឹក និងទិន្នន័យរបាយទឹកភ្លៀង តែនៅក្នុងអំឡុងខែមិថុនាដល់ខែតុលាប៉ុណ្ណោះ ពិសេសនៅក្នុងរដូវទឹកជំនន់ចេញពីស្ថានីយ៍វារីអគ្គិសនីចំនួនពីររបស់ចិន ដែលស្ថិតនៅក្នុងខេត្តយូណានភាគខាងលើនៃទន្លេមេគង្គ។ ប៉ុន្តែតាមរយៈកិច្ចព្រមព្រៀងនៅថ្ងៃនេះ ប្រទេសចិន នឹងពង្រីកការចែករំលែកព័ត៌មាន ឬផ្តល់ទិន្នន័យពីរដងក្នុងមួយថ្ងៃ និងរយៈពេលពេញមួយឆ្នាំ ពីទិន្នន័យដែលចេញពីស្ថានីយ៍វារីអគ្គិសនីទាំងពីររបស់ចិន។ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសចិនក៏យល់ព្រមចែករំលែកពីព័ត៌មានបន្ទាន់ៗ ឬប្រកាសអាសន្ន ពីកម្រិតទឹកភ្លៀងឡើងឬស្រកចុះនៅក្នុងទន្លេមេគង្គផ្នែកខាងលើ និងជាពិសេស គឺព័ត៌មានស្តីពីការបើកទំនប់ទឹកនៅផ្នែកខាងលើ ដើម្បីបញ្ជៀសនូវគ្រោះទឹកជំនន់ភ្លាមៗ នៅក្នុងបណ្តាប្រទេសទន្លេមេគង្គផ្នែកខាងក្រោម។

គួរជំរាបជូនដែរថា ទន្លេមេគង្គមានប្រវែងជិត៥០០គីឡូម៉ែត្រ ដែលហូរឆ្លងកាត់ប្រទេសចំនួន៦ គឺប្រទេសចិន ភូមា ថៃ ឡាវ ប្រទេសកម្ពុជា និងប្រទេសវៀតណាម មុននឹងហូរចាក់ទៅសមុទ្រចិនខាងត្បូង។ ទន្លេនេះមានទំហំគ្រប់ដណ្តប់លើផ្ទៃដីប្រហែល២.៦លានគីឡូម៉ែត្រការ៉េ។ នៅ១៩៩៥ គណៈកម្មាធិការទន្លេមេគង្គដែលជាអង្គការអន្តររដ្ឋាភិបាលមួយត្រូវបានបង្កើតឡើងប្រទេសកម្ពុជា ថៃ ឡាវ និងប្រទេសវៀតណាម ក្នុងគោលបំណងដើម្បីគ្រប់គ្រងនិងការពារធនធានតាមដងទន្លេមេគង្គអោយមានប្រសិទ្ធិភាព។ ក្រោយមក នៅឆ្នាំ១៩៩៦ប្រទេសចិននិងប្រទេសមីយ៉ាម៉ាបានក្លាយជាសមាជិកទី៥និងទី៦ នៃគណៈកម្មការទន្លេមេគង្គ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ