អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

អង្គការឃ្លាំមើលសិទ្ធិមនុស្សចោទកម្ពុជាថាកាន់តែផ្ដាច់ការ និងការដឹកនាំដោយឯកបក្ស

មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខសន្តិសុខចំនួន១២រូប
មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខសន្តិសុខចំនួន១២រូប © Human Rights Watch Website
ដោយ៖ សឿង ភារៈ
១៥ នាទី

“កម្ពុជាកាន់តែក្លាយទៅជាផ្ដាច់ការ និងការដឹកនាំដោយឯកបក្សដោយសារតែក្រុមឧត្ដមសេនីយ៍ក្នុងជួរកងកម្លាំងសន្តិសុខ បានរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និងជាប្រព័ន្ធ”។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​(Human Rights Watch) នៅ​ថ្ងៃ​ទី​២២​ ខែ​តុលា​ ក្នុង​ពេល​ដែល​អង្គការ​មួយ​នេះ ​បាន​ចេញ​ផ្សាយ​ជា​ថ្មី​នូវ​របាយការណ៍​ ស្តី​ពី​មន្ត្រី​ជាន់​ខ្ពស់​គ្រប់គ្រង​ផ្នែក​សន្តិសុខ​កម្ពុជា​ចំនួន​ ១២​រូប​។ ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​រិះ​គន់​ចំពោះ​អ្នក​ ដែល​ចេញ​ផ្សាយ​របាយការណ៍​ខាង​លើ​នេះ​។

ផ្សាយពាណិជ្ជកម្ម

អង្គការដែលនិយមរិះគន់បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ចេញរបាយការណ៍ថ្មី​មួយ​មានកម្រាស់ ២៧១ទំព័រ ជាភាសាខ្មែរ ដោយបង្ហាញពី មន្ត្រីជាន់ខ្ពស់គ្រប់គ្រងផ្នែកសន្តិសុខចំនួន ១២រូប ដែលជាខ្នងបង្អែកនៃរបបនយោបាយមួយ ដែលរំលោភបំពាន និងផ្ដាច់ការ។ របាយការណ៍នេះ បានរកឃើញថា មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខសន្តិសុខចំនួន១២រូបនោះ សុទ្ធតែបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការរំលោភបំពានសិទ្ធិមនុស្ស។

អមជាមួយរបាយការណ៍ដែលទើបបកប្រែជាភាសាខ្មែរ ចេញផ្សាយនៅថ្ងៃទី២២ ខែតុលានេះ Human Rights Watch បានបញ្ចេញនូវវីដេអូមួយ ដែលបង្ហាញពីទ្រព្យសម្បត្តិខ្លះៗរបស់ឧត្តមសេនីយ៍ទាំង ១២ រូបនេះ និងក្រុមគ្រូសាររបស់ពួកគេ។

មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខសន្តិសុខចំនួន១២រូបនោះ រួមមាន លោក ប៉ុល សារឿន, លោក គន់ គីម​, លោក សៅ សុខា, លោក នេត សាវឿន, លោក ជា ម៉ន, លោក ប៊ុន សេង, លោក ជឿន សុវណ្ណថា, លោក ចាប ភក្តី, លោក រ័ត្ន ស៊្រាង, លោក សុខ ផល, លោក ម៉ក់ ជីតូ និងលោក ជួន សុវណ្ណ៕

លោក ប៊្រែដ អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានអះអាងតាមរយៈសេចក្តីថ្លែងការណ៍ថា ជាច្រើនឆ្នាំកន្លងទៅនេះ លោក ហ៊ុន សែន បានបង្កើត និងបណ្ដុះបណ្តាលក្រុមមន្ត្រីស្នូលផ្នែកសន្តិសុខ ដែលពួកគេបានធ្វើតាមបញ្ជារបស់គាត់យ៉ាងឃោរឃៅ និងគ្មានធម៌មេត្តា។

លោក ប៊្រែដ អាដាមស៍ ​បន្តថា សកម្មភាពរបស់ក្រុមឧត្ដមសេនីយ៍កម្ពុជាទាំងនេះ បានស្ដែងចេញកាន់តែច្បាស់តាមរយៈការបង្ក្រាបទ្រង់ទ្រាយធំទៅលើអ្នកសារព័ត៌មាន អ្នកនយោបាយជំទាស់ និងអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា តាមរយៈវិទ្យុបារាំងអន្តរជាតិ បានថ្លែងថា អ្នកដែលធ្វើរបាយការណ៍ខាងលើនេះ មិនដែលមានបទពិសោធន៍ក្នុងការកសាងប្រជាជាតិឲ្យងើបចេញពីសង្គ្រាមឡើយ។ លោកបន្ថែមថា​អទិភាពនៅក្នុងការសាងជាតិ គឺកម្ពុជាឲ្យតម្លៃលើការពង្រឹងនីតិរដ្ឋ។

លោក ផៃ ស៊ីផាន បញ្ជាក់ទៀតថា បច្ចុប្បន្នកម្ពុជាកំពុងតែពង្រឹងការទទួលខុសត្រូវ ពោលគឺមិនថា តែមន្ត្រី ឬប្រជាពលរដ្ឋទេ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយបើមន្ត្រីណា ដែលពុករលួយកម្ពុជាចាប់ដាក់គុកឬដកស័ក្ក ដែលជារួមកម្ពុជាកំពុងតែចាកចេញពីនិទន្ឌភាព។ លោកបញ្ជាក់ថា ការបង្កើតឲ្យមានភាពចលចល ឬអស្ថិរភាព គឺកម្ពុជាមិនអនុញ្ញាតឲ្យមានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ