អានតួអត្ថបទ
កម្ពុជា-សង្គម

ថ្ងៃរំឭកកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា៖ អាជ្ញាធរបំបែកការជួបជុំរបស់ពលរដ្ឋខ្មែរនៅមុខស្ថានទូតចិន

ប្រជាពលរដ្ឋ និងអាជ្ញាធរ មានការប្រឈមដាក់គ្នា នៅមុខស្ថានទូតចិន នៅព្រឹកថ្ងៃទី២៣ តុលានេះ
ប្រជាពលរដ្ឋ និងអាជ្ញាធរ មានការប្រឈមដាក់គ្នា នៅមុខស្ថានទូតចិន នៅព្រឹកថ្ងៃទី២៣ តុលានេះ © FB
ដោយ៖ អ៊ឹង ប៊ុនថន
១៥ នាទី

អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​បំបែក​ការជួបជុំ​របស់​ប្រជាពលរដ្ឋខ្មែរ​ជិត២០នាក់ដែល​ព្យាយាម​​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា គឺជាអ្វីដែលអ្នកតវ៉ាថ្លែងថាដើម្បីប្រឆាំង​នឹង​វត្តមាន​កងទ័ពចិន​នៅកម្ពុជា។ បន្ទាប់ពីបំបែកការជួបជុំនៅមុខស្ថានទូតចិន ពលរដ្ឋភាគច្រើនដែល​ឡើងមកពីបណ្តាខេត្តនានា និងជាសកម្មជននយោបាយផង បាននាំគ្នាទៅតវ៉ានៅមុខស្ថានទូតអាមេរិក​ដែលធ្វើឲ្យអ្នកចូល​រួម​កើន​ឡើង​ដល់ជិត១០០នាក់ ខណៈ​កម្លាំង​សមត្ថកិច្ច​ដែលដាក់ពង្រាយតិចជាងនៅស្ថានទូតចិន។

ផ្សាយពាណិជ្ជកម្ម

ការជួបជុំរំលឹកកិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នៅថ្ងៃ២៣តុលានេះ គឺបានប្រព្រឹត្តិទៅនៅច្រើនទីកន្លែងផ្សេងៗគ្នា ​​ក្នុងទីក្រុងភ្នំពេញ ខណៈ​អាជ្ញាធរបានដាក់ពង្រាយកម្លាំងប្រដាប់​អាវុធការពារយ៉ាងតឹងរឹងនៅមុខស្ថានទូត​ចិន។

នៅមុខស្ថានចិន​ប្រជាពលរដ្ឋខ្មែរ​ជិត​២០​នាក់ ​ដែល​ព្យាយាម​ដាក់​ញត្តិដើម្បីរំឭកឲ្យចិនគោរព​កិច្ច​ព្រមព្រៀង​​​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​អ្វីដែលពួកគេថ្លែងថា ប្រឆាំងនឹងវត្តមាន​កងទ័ពចិន​នៅកម្ពុជានោះ ត្រូវបានអាជ្ញាធរបំបែកដែលនាំឲ្យមានការ​ឃាត់ខ្លួន​រយៈពេលខ្លីលើអ្នក​តវ៉ា​ចំនួន៣នាក់។

បន្ទាប់ពីបរាជ័យការជួបជុំនៅមុខស្ថានចិន ប្រជាពលរដ្ឋដែលភាគ​ច្រើន​ឡើង​មក​ពី​ខេត្ត បាននាំគ្នាទៅជួបជុំនៅមុខស្ថានទូតអាមេរិកនៅជិតវត្តភ្នំ។ នៅទីមុខស្ថានទូតអាមេរិក អ្នកតវ៉ាបានកើនឡើងដល់ជិត១០០នាក់ ខណៈចំនួនសមត្ថកិច្ចដែល​ដាក់ពង្រាយនៅទីនេះតិចជាងសមត្ថកិច្ចដែល​បាន​ដាក់ពង្រាយនៅមុខស្ថានចិន។ ការជួបប្រជុំរបស់ពលរដ្ឋទាំងនេះ​គឺភាគច្រើនជាសកម្មជននយោបាយ។ នេះបើតាមការកត់សំគាល់របស់មន្ត្រីសិទ្ធិមនុស្ស។

មុនមួយថ្ងៃនៃការជួបជុំនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមានថានឹង​ចាត់វិធានការ​ចំពោះ​ក្រុម​អ្នក​ប្រមូល​ផ្តុំ​ធ្វើបាតុកម្ម ដើម្បីរំឭកកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសនេះ ដោយសំអាង​ថា កម្ពុជា​កំពុង​មានទុក្ខ​ដោយសារ​គ្រោះ​ទឹកជំនន់និង​​ជំងឺ​កូ​វីដ១៩។

ដោយឡែក សម្រាប់សង្គម​ស៊ីវិល​វិញ ការ​ប្រារព្ធទិវា​សន្តិភាព​ក្រុង​ប៉ារីសនេះ​ ត្រូវ​បាន​រៀប​ចំឡើង​នៅក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ខណ្ឌ​ច្បារអំពៅ ដោយមានអ្នកចូលរួមជិត៨០០នាក់ ដែលមកពីខាងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជន តំណាងកសិករ និង​តំណាងពលករចំណាកស្រុកជាដើម។ គោលបំណងសំខាន់នៃក្រុមនេះ គឺស្នើឲ្យរដ្ឋាភិបាល​ដាក់​ថ្ងៃទី២៣​តុលាជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំឡើងវិញ។នេះបើតាម​មន្ត្រីសង្គមស៊ីវិល។

ក្រៅពីពលរដ្ឋនៅក្នុងស្រុក ​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេសវិញក៏ប្រកាសធ្វើបាតុកម្មនៅថ្ងៃទី២៣តុលានេះដែរ ដូចជានៅប្រទេស​បារាំង ប៊ែលហ្សិក  ជប៉ុន កូរ៉េ​ខាងត្បូង ​អូស្ត្រាលី ណូវែលហ្សេឡង់ សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ជាដើម។ បាតុករដែលភាគជាសកម្មជន​បក្ស​ប្រឆាំងនៅ​ក្រៅ​ប្រទេសនោះ ពួកគេដាក់​ញត្តិប្រឆាំងនឹងអ្វីដែលគេចោទថា មាន​វត្តមានកងទ័ព​ចិន​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ