២៣តុលាឆ្នាំនេះ៖ មេដឹកនាំនយោបាយ រំលេចសារលើហ្វេសប៊ុកជំនួសឲ្យការធ្វើពិធីសាធារណៈ
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងឱកាសខួបទី២៩នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលានេះ មេដឹកនាំខ្មែរ ដែលមាននិន្នាការនយោបាយផ្សេងៗគ្នា ក៏ដូចជាព្រះបរមរាជវាំង បានសរសេរសាររំលឹកដល់ទិវានេះ នៅតាមបណ្តាញសង្គមនានា។ ជំនួសដោយសារអេឡិចត្រូនិច ដែលរំលឹកពីកិច្ចព្រមព្រៀងបញ្ចប់ជំលោះរវាងភាគីខ្មែរដូច្នេះ គឺធ្វើឡើងខណៈដែល រដ្ឋាភិបាលបានដកថ្ងៃ២៣តុលានេះ ពីបញ្ជីឈប់សម្រាកប្រចាំឆ្នាំ ហើយមិនបានរៀបចំធ្វើពិធីនេះធំដុំដូចឆ្នាំកន្លងទៅទេ។
ផ្តើមចេញពីព្រះបរមរាជវាំង ទំព័រហ្វេសប៊ុក Royal du Cambodge បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៩ឆ្នាំ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២០
ក្រោមព្រះរាជបូជនីយកិច្ច នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាបង្រួបបង្រួមជាតិ ដែលព្រះអង្គបាននាំឲ្យកម្ពជាទទួលបាននូវសុខសន្តិភាពឡើងវិញបន្ទាប់ពីសង្រ្គោមដ៏រាំរៃជាច្រើនទសវត្ស តាមរយៈការចរចារបង្រួបបង្រួមបញ្ចប់សង្រ្គោមរហូតឈានដល់ការចុះហត្ថលេខាសន្តិភាពទីក្រុងប៉ារីសពីបណ្តាភាគីធំៗ ។
ទោះជាស្ងាត់ស្ងៀមមិនរៀបចំពិធីជាសាធារណៈក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនបានបំភ្លេចដែរ ដោយទំព័រហ្វេសប៊ុករបស់លោកក៏មានសារអបអរដូចគ្នាដែរ។ លោក ហ៊ុន សែន សរសេរថា ២៩ ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន លោកនាយករដ្ឋមន្ត្រី តំណាងអោយរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា លោក ហ៊ុន សែន បានផងដែរពីប្រវត្តិជំនួបចរចាជាច្រើនជុំរវាងលោក និងសម្តេចព្រះនរោត្តម សីហនុ។
ជាមួយគ្នានេះ លោក កឹម សុខា ដែលជាប្រធានអតីតគណបក្សសង្គ្រោះជាតិ បានចាត់ទុកថ្ងៃ២៣តុលានេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ពលរដ្ឋខ្មែរ។ តាមហ្វេសប៊ុករបស់លោក លោក កឹម សុខា បានចោទសួរការសន្យា និងកាតព្វកិច្ចរបស់ខ្មែរ ក្នុងការអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងតួនាទីរបស់សហគមន៍អន្តរជាតិ ដែលជាប្រទេសហត្ថលេខីផងដែរ។
តាមទស្សនៈរបស់លោក លោក កឹម សុខា បញ្ជាក់ថា មានតែការរួបរួមគ្នារវាងខ្មែរនិងខ្មែរ ក៏ដូចជាសហគមន៍អន្តរជាតិ យកស្មារតីនៃកិច្ចព្រមព្រៀងនេះ មកបន្តធ្វើនូវអ្វីដែលមិនទាន់សម្រេចបាន ដើម្បីឲ្យកាន់តែប្រសើរឡើង ជាជាងការយកប្រជាពលរដ្ឋខ្មែរ និងទឹកដីកម្ពុជា ដែលរងទុក្ខវេទនាជាច្រើនណាស់មកហើយ បម្រើតាមមហិច្ឆតារៀងៗខ្លួនតទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ