អានតួអត្ថបទ

លោក ហ៊ុន សែន ប្រកាសថ្មីមិនចរចាជាមួយក្រុមអ្នកនយោបាយបក្សប្រឆាំង

លោក ហ៊ុន សែន ពេលជួបពលរដ្ឋរងគ្រោះទឹកជំនន់នៅបន្ទាយមានជ័យ
លោក ហ៊ុន សែន ពេលជួបពលរដ្ឋរងគ្រោះទឹកជំនន់នៅបន្ទាយមានជ័យ © SPM
ដោយ៖ អ៊ឹង ប៊ុនថន
១០ នាទី

មេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រកាសជាថ្មីនៅថ្ងៃសៅរ៍នេះថា លោកនឹងមិនចរចាជាមួយនណាទាំងអស់ដែលទំនងសំដៅ ដល់​ក្រុម​អ្នក​នយោបាយ​របស់​គណបក្សប្រឆាំង​ដែល​កំពុង​នៅក្រៅប្រទេស។ ជាមួយគ្នានោះ លោក ហ៊ុន សែន ក៏បានព្រមានថា  សកម្មជន​នយោបាយ​នៅក្នុង​ស្រុក​ដែល​លោក​អះអាងថា​ធ្វើ​សកម្មភាព​ទៅតាមការបញ្ជា​របស់​អ្នក​នៅក្រៅ​ប្រទេសនោះ នឹង​ត្រូវ​ចាត់​វិធានការទៅតាមផ្លូវច្បាប់​ដោយមិនអាច«ខន្តី»បាននោះឡើយ។

ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាសបិទផ្លូវចរចារបស់ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺធ្វើឡើង​ក្នុងពេលចុះជួបសួរសុខទុក្ខ និង​ចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បើតាម លោក ហ៊ុន សែន មូលហេតុដែលលោក​បិទផ្លូវចរចាជាមួយក្រុមអ្នក​នយោបាយ​បក្ស​ប្រ​ឆាំង​គឺមក​ពី​គណបក្សប្រឆាំងដាក់ចេញនយោបាយ​«មានឯង អត់អាញ់ មានអាញ់ អត់ឯង» ជាពិសេសទៀត​គឺអ្នក​នយោបាយ​របស់គណបក្សប្រឆាំងតែងតែចោទ​ប្រកាន់ថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាគឺជា«យួន»។

ការ​បញ្ជាក់ជំហរ​របស់​លោក ហ៊ុន សែន បែបនេះ​គឺលោកចង់​ឆ្លើយតប​ទៅ​នឹង​តំណាង​ទូត​បរទេសមួយ​ចំនួន​ដែល​តែង​តែ​ចោទសួរលោកថា ហេតុអ្វី​ លោក ហ៊ុន សែន មិនបានដោះស្រាយ​បញ្ហានយោបាយ​ជាមួយ​គណបក្ស​ប្រឆាំងបានជោគជ័យដូចការ​បញ្ចប់​សង្គ្រាមជាមួយពួកខ្មែរ​ក្រហម។

បើតាម លោក ហ៊ុន សែន ពេលនេះលោក​អស់លទ្ធភាព​ក្នុងការ​ចរចាជាមួយ​​បក្សប្រឆាំងហើយ ហើយ​សម្រាប់​សកម្មជន​នៅក្នុង​ស្រុក​ដែល​ចេញ​ធ្វើ​សកម្មភាព​តួយ៉ាង​ដូចកាលពីថ្ងៃទី២៣​តុលា​ដែល​នាំគ្នាទៅ​តវ៉ា​នៅមុខ​ទូតចិននោះ គឺ​ត្រូវ​ចាត់​វិធានការទៅតាមផ្លូវច្បាប់​ដោយមិនអាច«ខន្តី»បាននោះឡើយ។

លោកប្រមុខរដ្ឋាភិបាល​ថែមទាំងស្តាប់បានផងដែរ​នូវ​​សារ​សំឡេង​ដែល​លោកអះអាងថា​អ្នកនយោបាយ​បក្ស​ប្រឆាំង​នៅអាមេរិកបានបញ្ជាឲ្យ​សកម្មជន​នៅក្នុង​ស្រុក​ទៅ​ឈរ​តវ៉ា​នៅមុខ​ទូតចិន និង​នៅមុខ​ទូត​អាមេរិក ក្នុង​ពេល​ដែលរំឭកខួបនៃកិច្ចព្រមព្រៀង​ក្រុង​ប៉ារីស២៣តុលា។​

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានថ្លែងថា សភាពការណ៍កម្ពុជាពេលនេះ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍ពីសហគមន៍អន្តរជាតិ ជាអំណោយផល​របស់បក្សប្រឆាំង ខណៈដែលរដ្ឋាភិបាលកម្ពុជាហាក់ដូចជាផ្អៀងទៅរក​ចិនយ៉ាងខ្លាំង​ដែលធ្វើ​ប្រទេសមួយចំនួនបារម្ភពីសន្តិសុខតំបន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ