កម្ពុជា-សង្គម

លោកហ៊ុន សែនព្រមានលោកហូរ វ៉ាន់កុំឱ្យរុញអ្នកក្នុងស្រុកចូលគុកព្រោះរឿងបាតុកម្មប្រឆាំងវត្តមានកងទ័ពចិននៅកម្ពុជា

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​ព្រមាន​ខ្លាំងៗ​ទៅ​លើ​លោក​ហូរ វ៉ាន់​ អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​បក្ស​សង្រ្គោះជាតិ​ និង​ក្រុម​គ្រួសារ​របស់​រូប​លោក​រឿង​បញ្ជា​ពី​ក្រៅ​ប្រទស​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​កង​ទ័ព​ចិន​នៅ​កម្ពុជា​នៅ​មុខ​ស្ថានទូត​ចិន​ និង​អាមេរិក​នៅ​ទី​ក្រុង​ភ្នំពេញ​។ លោក​ហ៊ុន សែន ​បាន​ព្រមាន​ឱ្យ​លោក​ហូរ ​វ៉ាន់​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជា​បន្ទាន់​ និង​គិត​គូរ​ដល់​សមាជិក​គ្រួសារ​របស់​ខ្លួន​ដែល​កំពុង​រស់​នៅ​កម្ពុជា​។ ការ​ព្រមាន​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ចាប់​បាន​សំឡេង​របស់​លោក​ហូរ វ៉ាន់​បញ្ជា​ឱ្យ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​តុលា​កន្លង​ទៅ​។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានពីទីក្រុងកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរា នាព្រឹកថ្ងៃទី២៦ ខែតុលា
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានពីទីក្រុងកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរា នាព្រឹកថ្ងៃទី២៦ ខែតុលា © FB/SPMPage
ផ្សាយពាណិជ្ជកម្ម

ដោយហៅលោកហូរ វ៉ាន់«អាៗ» និង បានចាក់សំឡងបញ្ជាពីក្រៅប្រទេសរបស់លោកផង លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចោទលោកហូរ វ៉ាន់ថា បានបញ្ជាឱ្យសកម្មជនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមានកងទ័ពចិននៅកម្ពុជា។ ការធ្វើបាតុកម្មនេះ គឺនៅមុខស្ថានទូតចិន និង អាមេរិកនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែតុលា។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះបាតុកម្មនេះ ដោយសារតែជាបាតុកម្មដែលប្រឆាំងនឹងរឿងមិនពិត។ រឿងមិនពិតដែលចោទថា កម្ពុជាបានអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានកងទ័ពនៅក្នុងទឹកដីរបស់ខ្លួន។ តាមលោកហ៊ុន សែន គឺវាមិនមែនជាការរឿងពិតទាល់សោះ។

នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានពីទីក្រុងកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរានាព្រឹកថ្ងៃទី២៦ ខែតុលានេះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រាប់ឱ្យលោកហូរ វ៉ាន់ ឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយត្រូវគិតគូរដល់ក្រុមគ្រួសាររបស់លោកដែលអាចនឹងជាប់ពាក់ព័ន្ធជាមួយនឹងលោកដែរចំពោះបញ្ហានេះ។ ប៉ុន្តែ លោកនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់វិញថា ការលើកឡើងនេះ គឺមិនមែនជាការគំរាមកំហែង និងយកក្រុមគ្រួសារលោកហូរ វ៉ាន់ ធ្វើជាចំណាប់ខ្មាំងអ្វីនោះទេ។ សម្រាប់លោកនាយករដ្ឋមន្រ្តី លោកហូរ វ៉ាន់ គួរនាំក្រុមគ្រួសាររបស់លោកទៅនៅក្រៅប្រទេសជាមួយលោកតែម្តងទៅ​ តែបើសិនជាមិនអ៊ីចឹងទេ ត្រូវធ្វើឱ្យស្រួលបួលបន្តិច។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែតុលា គឺចំខួបកិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ប្រជាពលរដ្ឋខ្មែរមួយចំនួនបាននាំគ្នាទៅជួបជុំតវ៉ានៅមុខស្ថានទូតចិននៅកម្ពុជា ប៉ុន្តែត្រូវបានអាជ្ញាធរបំបែក។ ក្រោយបរាជ័យនៅទីនោះ ពួកគេក៏បានទៅជួបគ្នានៅស្ថានទូតអាមេរិកវិញម្តង។ គោលបំណងនៃបាតុកម្មនេះ គឺដាក់ញ្ញតិ្តប្រឆាំងនឹងវត្តមានកងទ័ពចិននៅកម្ពុជា។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចាត់ទុកការធ្វើបាតុកម្មដែលមានលោកហូរ វ៉ាន់នៅពីក្រោយនេះថា មិនមែនជាបាតុកម្មទាមទារសិទ្ធិសេរីភាពទេ តែជាការទាមទារនូវរឿងដែលមិនមែនជាការពិត។ មិនតែប៉ុណ្ណោះ លោកហ៊ុន សែន ក៏បា​នប្រកាសមិនលើកលែងឱ្យលោកហូរ វ៉ាន់ ចំពោះការរៀបចំឱ្យមានការធ្វើបាតុកម្មនៅលើផ្លូវវេងស្រេងកាលពីឆ្នាំ២០១៣កន្លងទៅថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI