អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការឃ្លាំមើលអ្នកសារព័ត៌មានអំពាវនាវឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកកាសែតនៅកម្ពុជា

អ្នកកាសែតទូទៅក្នុងប្រទេសកម្ពុជា (រូបភាពតំណាង)
អ្នកកាសែតទូទៅក្នុងប្រទេសកម្ពុជា (រូបភាពតំណាង) @Internet
ដោយ៖ អ៊ឹង ប៊ុនថន
១៦ នាទី

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​ពីរ​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយ​នៅថ្ងៃ​ទី​២៣​តុលា​គឺ​ចំ​ថ្ងៃ​ដែល​កម្ពុជា​ប្រារព្ធ​ទិវា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដោយ​អំពាវ​នាវ​ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​របស់​សមត្ថកិច្ច​ដែលធ្វើ​ទុក្ខបុក​ម្នេញ​ទៅ​លើ​អ្នកសារ​ព័ត៌​មាន​នៅ​កម្ពុជា និង​ធានា​សុវត្ថិភាព​ដល់​ពួកគេ​ក្នុង​ពេល​ចុះបំ​ពេញ​ការ​ងារ​។ ការ​អំពាវ​នាវ​បែប​នេះ​គឺ​ធ្វើ​ឡើង​ដោយ​យោង​លើ​ហេតុការណ៍​ដែល​កើត​ឡើង​នៅមុខ​ស្ថានចិន​ ដែល​អ្នក​សារព័ត៌​មាន​ជា​ច្រើន​នាក់ ​ត្រូវ​បាន​សមត្ថ​កិច្ច​ដក​ហូត​ម៉ាស៊ីន​ថត និង​សម្លុត នៅ​ពេល​អ្នក​កា​សែត​តាម​ថត​សកម្មភាព​ចាប់​ខ្លួន​ស្ត្រី​ជា​អ្នក​តវ៉ា​។

ផ្សាយពាណិជ្ជកម្ម

អ្នក​សារព័ត៌​មាន​ចំនួន​៦​រូប ​ត្រូវបាន​សម្លុត និង​គំរាមកំហែង ក្រោម​ទិដ្ឋភាព​ផ្សេងគ្នា ពីសំណាក់​សមត្ថកិច្ច​។ ​នេះជាការកត់​សំគាល់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខាមបូចា) និង​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ(CCIM)។

អ្នក​សារ​ព័ត៌​មាន​VOD​ម្នាក់ ត្រូវបានសមត្ថកិច្ច​សម្លុត ហើយដេញតាមគាត់ នៅពេលអ្នកសារព័ត៌មាន​រូបនេះ​​ឈរជិត​ស្ថានទូតចិន ​តាម​ដានការ​ចាប់ខ្លួនស្ត្រីម្នាក់​ដែល​តវ៉ា​នៅទីនោះ ខណៈ​អ្នកសារព័ត៌មាន​ពីរ​រូប​ផ្សេងទៀត​របស់​ស្ថាប័នដដែល​នេះ​ត្រូវបានសាកសួររយៈពេល​ខ្លី និងរុញច្រាន នៅមុនពេល​ត្រូវ​បណ្តេញ​​ចេញពីកន្លែងយកព័ត៌មាន។ ចំណែក អ្នកសារព័ត៌មាន​VOD​ម្នាក់​ទៀត ​ដែលកំពុង​ធ្វើការLiveពីសកម្មភាព​នោះក៏ត្រូវបានសមត្ថកិច្ចបញ្ជាឲ្យបញ្ឈប់ការផ្សាយ។ នេះបើតាម​សេចក្តី​ថ្លែងការណ៍ដដែល។

លើសពីនេះ​ សមត្ថកិច្ចបានដកយកម៉ាស៊ីនថត​​ ដែលពាក់​ជាប់​នឹងក ​របស់អ្នក​សារព័ត៌មានម្នាក់ នៅ​កាសែត​ខ្មែរ​ថាមន៍ ហើយបញ្ជាឲ្យគាត់​ និងអ្នកថតរូបឲ្យភ្នាក់ងាររ៉យទ័រ លុបរូបថត និងឈប់​ថត​ពី​ព្រឹត្តិ​ការណ៍នោះ។

មន្ត្រី​របស់​អង្គការឃ្លាំមើលអ្នកសារព័ត៌មាន​ទាំងពីរខាងលើ​ បានសំដែង​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​​ចំពោះ​សកម្មភាព​នេះ និងចាត់ទុកថា វាជាការគំរាមកំហែង ​មក​លើ​អ្នក​សារព័ត៌មាន​ដែល​ចុះបំពេញការងារ​តាម​វិជ្ជាជីវៈ។

បើតាម​អង្គការដដែលនេះ ការ​ធ្វើ​ទុក្ខ​បុកម្នេញ ​លើ​អ្នកសារព័ត៌មាន​ នៅតែ​បន្ត​កើត​មាន​ជា​បន្ត​បន្ទាប់។​តួយ៉ាងការប្រើ​ហិង្សា​ទៅ​លើ​អ្នក​សារព័ត៌មានម្នាក់​ឈ្មោះ ហ៊ឹម ម៉ាត់ ជាប្រធានក្រុមព័ត៌មាន ​របស់​ទូរទស្សន៍អនឡាញ UMA TV online នៅយប់​ថ្ងៃទី២០តុលា ខណៈចុះព័ត៌មានបទល្មើស​ព្រៃឈើ​នៅ​ចំណុច​ស្ពាន​សេកុង ​ខេត្ត​ស្ទឹង​ត្រែង។ លើសពីនេះ កាលពីខែកញ្ញា អ្នកកាសែត៤​នាក់​នៅខេត្ត​ត្បូង​ឃ្មុំ​ក៏ត្រូវបានគេប្រើហិង្សាបណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងរបួសស្រាលម្នាក់ ក្នុងករណីរាយការណ៍ពីបទល្មើស​ព្រៃឈើនេះដែរ។

ដូច្នេះ​ហើយទើប​ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខាមបូចា) និង​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ(CCIM)​ អំពាវនាវឲ្យបញ្ឈប់នូវ​សកម្មភាព​​ដែលធ្វើ​ទុក្ខបុកម្នេញទៅលើ​អ្នកសារព័ត៌មាននៅកម្ពុជាជាបន្ទាន់ និង​ធានាសុវត្ថិភាពដល់ពួកគេក្នុង​ពេល​ចុះបំពេញការងារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ