កម្ពុជា-សង្គម

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖តុលាការនឹងសិក្សាផ្លូវច្បាប់លើការប្រើពាក្យសម្តីរិះគន់ព្រះមហាក្សត្ររបស់លោកសម រង្ស៊ី

ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្រ្គោះជាតិ ​លោក​សម រង្ស៊ី ​តាមរយៈ​វីដេអូ​ឃ្លីប​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​តុលា ​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​។ មិន​តែ​ប៉ុណ្ណោះ​ លោក​ថែម​ហ៊ាន​និយាយ​រិះគន់​ដល់​អង្គ​ព្រះមហាក្សត្រ​កម្ពុជា​ថែម​ទៀត​ចំពោះ​តួ​នាទី​របស់​ព្រះអង្គ​លើ​បញ្ហា​ប្រព័ន្ធ​តុលាការ​នេះ​។អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា​ បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ ស្ថាប័ន​តុលាការ​នឹង​សិក្សា​ពី​ផ្លូវ​ច្បាប់​លើ​ពាក្យ​សម្តី​រិះគន់​លើ​អង្គ​ព្រះមហាក្សត្រ​របស់​លោក​សម រង្ស៊ី​នេះ​។

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

«ស្ថាប័នដែលប្រជារាស្រ្តខ្មែរស្អប់ជាងគេពេលនេះ គឺតុលាការហ្នឹងតែម្តង» នេះគឺជាការអះអាងរបស់លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិនៅក្នុងការវីដេឃ្លីបប្រមាណ៣នាទីរបស់លោកកាលពីថ្ងៃទី២៥ ខែតុលា។ មូលហេ​តុនៃការស្អប់នេះ គឺលោកសម រង្ស៊ី បញ្ជាក់ថា ដោយសារតែស្ថាប័នតុលាការ​ គឺជាឧបករណ៍សម្រាប់ឱ្យអ្នកមានអំណាច អ្នកមានលុយធ្វើបាបអ្នកក្រីក្រ និងអ្នកទន់ខ្សោយ។ តាមលោកសម រង្ស៊ី តុលាការ គឺដើរតួនាទីសំខាន់ណាស់ ជាអ្នករកយុត្តិធម៌ដល់ពលរដ្ឋខ្មែរ ។ ដូច្នេះហើយ លោកថា ដើម្បីដំណើរការដោយយុត្តិធម៌ និង ត្រឹមត្រូវ គឺត្រូវតែរុះរើស្ថាប័នមួយនេះហើយរៀបចំឡើងវិញ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោកជិន ម៉ាលីន បានលើកឡើងថា ការរិះគន់ និងស្អប់តុលាការរបស់លោកសម រង្ស៊ីនេះ គឺជារឿងធម្មតា។ ធម្មតា ដោយសារតែលោកថា គឺតុលាការនេះហើយដែលជាអ្នកបានផ្តន្ទាទោសទៅលើរូបគាត់ និងក្រុមរបស់គាត់ដែលបានប្រពឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជា។

ក៏ប៉ុន្តែលោកសម រង្ស៊ី បានដាក់កំហុសនៃការអនុវត្តរបស់តុលាការសព្វថ្ងៃនេះថា ដោយសារតែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលលោកសម រង្ស៊ីចាត់ទុកថា ជាស្ថាប័នលេងសើច។ មិនតែប៉ុណ្ណោះ លោកថែមទាំងរាលដាលដល់ព្រះមហាក្សត្រដែលជាប្រធាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថែមទៀត។ លោករិះគន់ថា ព្រះម​ហាក្សត្រមិនបានបំពេញព្រះរាជតួនាទីរបស់ព្រះអង្គនោះទេ ដើម្បីធានាឱ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឯករាជ្យ និងធានាឱ្យចៅក្រមស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ។ ត្រង់ចំណុចនេះ លោកសម​ រង្ស៊ី បានប្រើប្រាស់ពាក្យពេជន៍មិនសមរម្យដាក់ព្រះមហាក្សត្រ ហើយចង់ឱ្យព្រះអង្គលាលែងពីប្រធាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះទៀតផង។

ចំពោះបញ្ហានេះ លោកជិន ម៉ាលីន បានអះអាងថា ស្ថាប័នតុលាការកម្ពុជានឹងសិក្សាផ្លូវច្បាប់លើពាក្យសម្តីរិះគន់របស់លោកសម រង្ស៊ី មកលើអង្គព្រះមហាក្សត្រនេះ។ លោកថា ប្រសិនបើតុលាការរកឃើញធាតុផ្សំនៃបទល្មើសប្រ​មាថដល់អង្គព្រះមហាក្សត្រ នោះតុលាការនឹងដំណើរការនីតិវិធីលើលោកសម រង្ស៊ី។ ប៉ុន្តែលោកសម រង្ស៊ី បានសម្តែងការមិនខ្លាចញញើតនឹងការអនុវត្តច្បាប់មកលើរូបលោកនេះទេ ដោយលោកថា ចង់យកលោកទៅផ្តន្ទាទោស ក៏ផ្តន្ទាទោសទៅ។ លោកសម រង្ស៊ី និយាយបែបនេះ មុននិយាយរិះគន់ដល់អង្គព្រះមហាក្សត្រនៅក្នុងវីដេអូឃ្លីបរបស់លោក។

សូមបញ្ជាក់ជូនថា កាលពីឆ្នាំ២០១៩កន្លងទៅ លោកសម រង្ស៊ី ត្រូវបានតុលាការកម្ពុជាកាត់ទោសចំនួនពីរលើករួចមកហើយក្រោមការចោទប្រកាន់ពីបទ​ប្រមាថអង្គ​ព្រះ​មហាក្សត្រ​។ ការចោទប្រកាន់ និងកាត់ទោសទាំងនេះ គឺបន្ទាប់ពីរូបលោកបានចាត់ទុកព្រះ​រាជ​សារ​របស់​ព្រះ​មហាក្សត្រដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​រួម​បោះ​ឆ្នោត​អាណត្តិទី​៦ ​គឺជា​ព្រះ​រាជសារ​ក្លែង​ក្លាយ ​ឬ​ត្រូវ​បាន​ធ្វើឡើ​ង​ដោយ​មាន​ការ​គាប​សង្កត់។​ ចុងក្រោយ គឺលោកសម រង្ស៊ី ​បានរិះគន់​ព្រះ​មហាក្សត្រកម្ពុជា​ថា ​ជា​ចំណាប់​ខ្មាំង​ និង​ជា​អាយ៉ង​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI