អានតួអត្ថបទ
កម្ពុជា-សង្គម

អតីតគណបក្សសង្គ្រោះជាតិស្នើសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សជួយឃ្លាំមើលសុវត្ថិភាពគ្រួសាររបស់ខ្លួននៅភ្នំពេញ

ប្រជាពលរដ្ឋ និងអាជ្ញាធរ មានការប្រឈមដាក់គ្នា នៅមុខស្ថានទូតចិន នៅព្រឹកថ្ងៃទី២៣ តុលានេះ
ប្រជាពលរដ្ឋ និងអាជ្ញាធរ មានការប្រឈមដាក់គ្នា នៅមុខស្ថានទូតចិន នៅព្រឹកថ្ងៃទី២៣ តុលានេះ © FB
ដោយ៖ ញឹម សុផល
១៥ នាទី

អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​ ស្នើឲ្យ​សហគមន៍​អន្តរជាតិ​ និង​អង្គការ​សិទ្ធិមនុស្ស​នានា ​ឃ្លាំមើល​ពី​សុវត្ថិភាព​ក្រុម​គ្រួសារ​មេ​ដឹកនាំ​ជាន់​ខ្ពស់​របស់​អតីត​គណបក្ស​នេះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​ប្រកាស​ស្នើសុំ​ឲ្យ​មាន​ការ​ជួយ​ឃ្លាំ​មើល​នេះ​ ធ្វើឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែង​លើក​យក​ក្រុម​គ្រួសារ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​នេះ​ មក​និយាយ​ជា​សាធារណៈ​ កាល​ពី​ថ្ងៃ​ចន្ទ​ ទាក់ទង​ទៅ​នឹង​ការ​ចែក​លុយ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​ចិន​។

ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃក្រោយការលើកយកសមាជិកក្រុមគ្រួសាររបស់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ មកលាតត្រដាងជាសាធារណៈជុំវិញការធ្វើបាតុកម្មប្រឆាំងនឹងវត្តមានយោធាចិននៅកម្ពុជា កាលពីថ្ងៃ២៣តុលាកន្លងទៅនេះ អតីតគណបក្សសង្គ្រោះជាតិបានធ្វើការអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិនានា ជួយតាមដាន និងឃ្លាំមើលសន្តិសុខ និងសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគេ ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

កាលពីថ្ងៃចន្ទ នៅក្នុងពិធីបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រទៅកោះនរា លោក ហ៊ុន សែន បានលើកយកឈ្មោះលោក ហូ វ៉ាន់ ដែលជាអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ មកនិយាយដោយប្រើពាក្យ អា មឹង និងប្រាប់ឲ្យលោក ហូ វ៉ាន់ បញ្ឈប់សកម្មភាព ដោយលោក ហ៊ុន សែន បញ្ជាក់ថាប្រពន្ធកូនលោក ហូ វ៉ាន់ នៅភ្នំពេញដេកអត់សុខទេ កំពុងតែភ័យ លោក ហូ វ៉ាន់កុំជ្រុលពេក សម្តីរបស់លោក វ៉ាន់ បញ្ជាពីក្រៅប្រទេស នៅក្នុងទូរស័ព្ទទាំងអស់។ ​ក្រៅពីនេះលោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងពាក្យពេជន៍មួយចំនួនទៀត ក្នុងគោលដៅប្រាប់ទៅប្រពន្ធលោក ហូ វ៉ាន់ កុំឲ្យពាក់ព័ន្ធនឹងការចែកលុយធ្វើបាតុកម្មប្រឆាំងចិន នៅមុខស្ថានទូតចិនឯភ្នំពេញឲ្យសោះ។

ចំណុចទាំងអស់នេះ ត្រូវសេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិ ចោទប្រកាន់ថាការលើកឡើងរបស់លោក ហ៊ុន សែន គឺជាការគំរាមកំហែង ហើយនោះគឺជាការទទួលខុសត្រូវរបស់លោកនាយករដ្ឋមន្ត្រី ប្រសិនបើសមាជិកក្រុមគ្រួសារនៃថ្នាក់ដឹកនាំជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិណាម្នាក់ជួបគ្រោះថ្នាក់ក្នុងរូបភាពណាមួយ។

ក៏ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបញ្ជាក់តាមសារតេឡេក្រាមនៅថ្ងៃនេះថា លោក ហូ វ៉ាន់ និងក្រុមគ្រួសារមានទំនាក់ទំនងនឹងឱទ្ទាម គឺមានភស្តុតាងច្បាស់លាស់ បើមិនផ្អាកទេនឹងមានបញ្ហា។

សូមបញ្ជាក់ថាអតីតគណបក្សសង្គ្រោះជាតិ ក៏បានសង្កត់ធ្ងន់ដែរថា សកម្មជន និងអ្នកគាំទ្រគណបក្សនេះយ៉ាងហោច១៩រូប ត្រូវបានជនអនាមិកលួចវាយប្រហារភាគច្រើនត្រង់ផ្នែកក្បាល បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយមិនអាចរកអ្នកទទួលខុសត្រូវឃើញនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ