អានតួអត្ថបទ
កម្ពុជា-សារព័ត៌មាន

កាសែតរស្មីកម្ពុជាបានផ្អាកការផ្សាយជាបណ្តោះអាសន្នដោយសារបញ្ហាហិរញ្ញវត្ថុ

កាសែតរស្មីកម្ពុជា ចេញផ្សាយលេខចុងក្រោយខ្លួន ឆ្នាំទី២៨ លេខ៨៣៦៤។
កាសែតរស្មីកម្ពុជា ចេញផ្សាយលេខចុងក្រោយខ្លួន ឆ្នាំទី២៨ លេខ៨៣៦៤។ © RFI/Va Somnop
ដោយ៖ វ៉ា សំណព្វ
១៣ នាទី

កាសែត​បោះពុម្ព​ថ្មី​មួយ​ទៀត​ គឺ​កាសែត​រស្មីកម្ពុជា​ បន្ទាប់​ពី​កាសែត​កម្ពុជាថ្មី ​បាន​ផ្អាក​ការ​បោះពុម្ព​ផ្សាយ​របស់​ខ្លួន​ជា​បណ្តោះអាសន្ន​និង​គ្មាន​ពេល​កំណត់ ​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ​។ ការ​ផ្អាក​នេះ​ គឺ​បណ្តាល​មក​ពី​កត្តា​ហិរញ្ញវត្ថុ​ និង​កំណែ​ទម្រង់​ថ្មី​។ ប៉ុន្តែ​យ៉ាងណាក្តី​ កាសែត​ដែល​មាន​អាយុ​ជិត​៣០​ឆ្នាំ​នៅ​កម្ពុជា​មួយ​នេះ​ នៅ​រក្សា​ការ​ផ្សាយ​ជា​ទម្រង់​កាសែត​ Online ​វិញ​។

ផ្សាយពាណិជ្ជកម្ម

កាសែតរស្មីកម្ពុជាដែលគេដឹងថា ជាកាសែតដែលគាំទ្រគោលនយោបាយរបស់គណបក្សកាន់អំណាចតាំងពីឆ្នាំ១៩៩៣មកនោះ បានផ្អាកការបោះពុម្ពផ្សាយរបស់ខ្លួនជាបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃទី ២៨ តុលា នេះតទៅ។ បើតាមការបញ្ជាក់ពីលោក ទាវ សារៈមុន្នី និពន្ធនាយកកាសែតរស្មីកម្ពុជា ការផ្អាកការចេញផ្សាយជាបណ្តោះអាសន្ននៃកាសែតរស្មីកម្ពុជានេះ គឺបណ្តាលមកពីកត្តាពីរ ទី១. គឺកត្តាស្ថានភាពនៃហិរញ្ញវត្ថុ និងកត្តាទី២.គឺដើម្បីធ្វើការកែទម្រង់ថ្មី ដើម្បីអោយស្របទៅនឹងការវិវត្តន៍នៃសភាពការថ្មីរបស់សង្គម។

ប៉ុន្តែទោះជាយ៉ាងនេះក្តី បើតាមលោក ទាវ សារៈមុន្នី វែបសាយ ឬគេហទំព័ររបស់កាសែតរស្មីកម្ពុជា នៅតែបន្តដំណើរការផ្សាយជាធម្មតា។ កាសែតរស្មីកម្ពុជា គឺជាកាសែតបោះពុម្ពទី២ បន្ទាប់ពីកាសែតកម្ពុជាថ្មី ដែលបានផ្អាកការចេញផ្សាយជាបណ្តោះអាសន្ន និងបានងាកទៅផ្សព្វផ្សាយជាទម្រង់កាសែត Online វិញ។ កាសែតរស្មីកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ១៩៩៣។ គិតត្រឹមការចេញផ្សាយចុងក្រោយរបស់ខ្លួនកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០នេះ កាសែតរស្មីកម្ពុជាបានចេញផ្សាយលេខចុងក្រោយរបស់ខ្លួន ឆ្នាំទី២៨ លេខ៨៣៦៤។ បច្ចុប្បន្ននេះ កាសែតរស្មីកម្ពុជាមានបុគ្គលិកជាង១០០នាក់។

អ្វីជាការកត់សំគាល់ ចាប់តាំងពីមានការប្រកួតប្រជែងខ្លាំងនៃកាសែត Online នារយៈពេលចុងក្រោយនេះ បានធ្វើអោយកាសែតបោះពុម្ពមួយចំនួនបានបិទឬផ្អាកការបោះពុម្ពផ្សាយរបស់ខ្លួនជាបន្តបន្ទាប់ ខណៈដែលកាសែតបោះពុម្ពខ្លះ បានបន្ថយនូវចំនួនទំព័ររបស់ខ្លួនផងដែរ។ ឆ្លើយតបនឹងនិន្នាការនេះ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានដាក់ការព្រួយបារម្ភពីអនាគតនៃកាសែតបោះពុម្ពនៅកម្ពុជា។ ប៉ុន្តែទោះជាបែបនេះក្តី វាក៏ជាការបង្ហាញនូវនិន្នាការថ្មីនៃកាសែត Online នៅកម្ពុជា ដែលកំពុងឆ្ពោះទៅរកយុគសម័យឌីជីថល។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានសារព័ត៌មានបោះពុម្ពផ្សាយសរុបមានចំនួន៤៥២អង្គភាព វិទ្យុ២២០ស្ថានីយ៍ និងទូរទស្សន៍ចំនួន២៧ស្ថានីយ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ