អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោកកុយ គួង៖ការចង់ឱ្យអាស៊ានកាត់កម្ពុជានិងឡាវរបស់អតីតមន្រ្តីទូតសិង្ហបុរី ជាទស្សនៈមិនមើលធម្មនុញ្ញអាស៊ាន

លោកBilahari Kausikan អតីតមន្ត្រីការទូតរបស់សិង្ហបុរី ដែលចង់ឲ្យអាស៊ានកាត់ប្រទេសកម្ពុជា និងឡាវ ចេញ
លោកBilahari Kausikan អតីតមន្ត្រីការទូតរបស់សិង្ហបុរី ដែលចង់ឲ្យអាស៊ានកាត់ប្រទេសកម្ពុជា និងឡាវ ចេញ © Internet
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

អតីត​មន្ត្រី​ការ​ទូត​របស់​សិង្ហបុរី ​និង​បច្ចុប្បន្ន​ជា​ប្រធាន​វិទ្យាស្ថាន​មជ្ឈិមបូព៌ា​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​)NUS)​លោក​Bilahari Kausikan ​តាម​រយៈ​គេហទំព័រ​ Mothership​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​តុលា​ បាន​បរិហារ​ប្រទេស​កម្ពុជា​ និង​ឡាវ​ និង​ចង់​ឱ្យ​អាស៊ាន​កាត់​ប្រទេស​ទាំង​ពីរ​ចេញ​ពី​សមាជិក​អាស៊ាន​ថែម​ទៀត​។ ជា​ការ​ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ លោក​កុយ គួង ​បាន​គូស​បញ្ជាក់​ថា​ លោក​Bilahari Kausikan​និយាយ​នេះ​ដោយ​មិន​បាន​មើល​ធម្មនុញ្ញ​អាស៊ាន​ ហើយ​លោក​ក៏​មិន​មាន​ឥទ្ធិពល​អ្វី​នោះ​ដែរ​ចំពោះ​បញ្ហា​នេះ​។

ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រតិកម្មថា ការលើកឡើងរបស់លោកBilahari Kausikan ដែលជាអតីតមន្ត្រីការទូតរបស់សិង្ហបុរី និងបច្ចប្បន្នជាប្រធានវិទ្យាស្ថានមជ្ឈិមបូព៌ានៅសាកលវិទ្យាល័យជាតិសិង្ហបុរី គឺគ្រាន់តែជាទស្សនៈមិនមានឥទ្ធិពលអ្វីទេ។ លោកកុយ គួង ថែមទាំងហៅការបញ្ចេញទស្សនៈទៀតថា ជាការឆោតល្ងង់ ព្រោះមិនបានមើលធម្មនុញ្ញអាស៊ាន។ ធម្មនុញ្ញអាស៊ានដែលអ្នកការទូតកម្ពុជារូបនេះពន្យល់ថា រាល់ការសម្រេចបញ្ហាអ្វីមួយ គឺត្រូវមានការគាំទ្រពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ព្រោះវា ជាការសម្រេចទាំងមូលរបស់អាស៊ាន។

ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការបទេសកម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោកBilahari Kausikan តាមរយៈគេហទំព័រ Mothership។ អតីតមន្រ្តីការទូតរបស់សិង្ហបុរីរូបនេះ បាននិយាយថា ប្រទេសកម្ពុជា និងឡាវកំពុងឈានទៅបង្កើតបញ្ហាវឹកវរនាំឱ្យមានលទ្ធផលឈឺចាប់សម្រាប់ប្រទេសទាំងពីរដូចកាលចុងទស្សវត្សឆ្នាំ១៩៦០ និងឆ្នាំ១៩៧០។ ការបង្កើតបញ្ហានេះ គឺលោកBilahari Kausikan ចង់សំដៅថាប្រទេសទាំងពីរបានប្រគល់សិទ្ធិអំណាចដល់មហាអំណា​ចខាងក្រៅ និងព្យាយាមធ្វើមិនមានអព្យាក្រិតភាព តែលោកមិនបានបញ្ចេញឱ្យចំឈ្មោះថាមហាអំណាចណាមួយនោះទេ។

ត្រង់ចំណុចនេះ ក្រុម​អតីតអ្នក​ការទូត​កម្ពុជាដែលបាន​ចូលនិវត្តន៍​ និង​អ្នក​ការទូត​ដែល​កំពុងបំពេញ​តួនាទី​បច្ចុប្បន្ន បានចេញមកច្រានចោល ដោយថា គឺជាការនិយាយដែលមិនអាចយល់បាន ហើយជាការប្រមាថតែម្តង។ តាមរយៈលិខិតចំហរនៅថ្ងៃទី២៧ ខែតុលា ក្រុម​អតីតអ្នក​ការទូត​ និងអ្នកកាទូតបច្ចុប្បន្នរបស់កម្ពុជាបានអះអាងថា សម្រាប់ប្រទេសកម្ពុជា អព្យាក្រឹតភាព និងការមិនចូលបក្សសម្ព័ន្ធ គឺនៅតែជាគោលការណ៍គ្រឹះនៃគោលនយោបាយការបរទេស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ពួកគេបន្តទៀតថា ប្រទេសកម្ពុជាមិនដែលចាត់ទុកការប្រកាន់យកអព្យាក្រឹតភាព និងការមិនចូលជាបក្សសម្ព័ន្ធ ជាការលេង​សើចនោះទេ ពីព្រោះប្រវត្តិសាស្រ្តកម្ពុជាតែងតែរំលឹកឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈដឹង​យ៉ាងច្បាស់ថា ការបោះបង់ចោលគោលការណ៍ទាំងនេះ ជាពិសេសដោយរបប លន់ នល់ នៅឆ្នាំ១៩៧០ គឺបានបណ្តាលឱ្យប្រទេសកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល និងអំពើឃោរឃៅបំផុតនៃសតវត្សរ៍​ទី២០។ ជារួមមកវិញ ក្រុម​អតីតអ្នក​ការទូត​ និងអ្នកកាទូតបច្ចុប្បន្នរបស់កម្ពុជាមិនជឿថា មានប្រទេស​ណាមួយ​នៅក្នុងអាស៊ានបាន​និយាយអំពីការទម្លាក់​ចោល​ប្រទេសកម្ពុជា និងឡាវដូចលោកអតីតមន្រ្តីការទូតសិង្ហបុរីនេះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ