លោក កឹម សុខា៖ មាសទឹកដប់ ទោះបីគេទម្លាក់ក្នុងភក់ជ្រាំ ក៏នៅតែមានតម្លៃ
លោក កឹម សុខា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៩ តុលានេះ បានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលរៀបរាប់ពីសកម្មភាពរបស់លោកក្នុងជំនួបជាមួយបណ្តាអង្គទូតបរទេសនានា ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន រួមនឹងសកម្មភាពរបស់លោកក្នុងការចុះទៅចែកអំណោយដល់ជនរងគ្រោះក្នុងគ្រោះទឹកជំនន់នារយៈពេលចុងក្រោយនេះ។ អមដោយសំណេរថ្លែងអំណរគុណ លោក កឹម សុខា ក៏បានលើកយកសុភាសិតខ្មែរមួយឃ្លាមកបង្ហាញថា «មាសទឹកដប់ ទោះបីគេទម្លាក់ក្នុងភក់ជ្រាំ ក៏នៅតែមាសទឹកដប់ នៅតែមានតម្លៃដដែល»។ សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានតុលាការកម្ពុជាចោទប្រកាន់ពីបទក្បត់ជាតិ និងកំពុងស្ថិតនៅក្នុងបំរាមរបស់តុលាការកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
«គតិបណ្ឌិតពិត តែងតែផ្តល់តម្លៃដល់អ្វីដែលពិត មិនក្លែងបន្លំ ដូចដែលខ្មែរយើងតែងពោលថា ៖«មាសទឹកដប់ ទោះបីគេទម្លាក់ក្នុងភក់ជ្រាំ ក៏នៅតែមាសទឹកដប់ និងនៅតែមានតម្លៃដដែល»។ នេះគឺជាសំណេររបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ២៩ តុលានេះ។ នៅក្នុងន័យនេះ លោក កឹម សុខា បានពន្យល់ថា មិនខុសអីពីមនុស្សបរិសុទ្ធ ដែលមានគុណតម្លៃពិត ទោះបីជាទទួលរងការចោទប្រកាន់មួលបង្កាច់ ការជេរប្រមាថលាបពណ៌ មានឬមិនមានតួនាទី ឋានៈបុណ្យស័ក្តិអ្វីក៏ដោយ បើធ្លាក់ដល់ទីណាក៏ដោយ ក៏អ្នកទាំងឡាយណាដែលជាគតិបណ្ឌិតពិត នៅតែស្វះស្វែងទទួលស្គាល់ ផ្តល់តម្លៃ គោរព ចំពោះបុគ្គលដែលតម្កល់នូវគុណតម្លៃនោះដែរ។
គួរជំរាបជូនថា នៅជិតដំណាច់ខែតុលា ឆ្នាំ២០២០នេះ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលបានបង្ហាញពីសកម្មភាពរបស់លោក ពេលចុះទៅចែកអំណោយជូនដល់ជនរងគ្រោះក្នុងគ្រោះទឹកជំនន់ ការចូលរួមក្នុងពិធីបុណ្យអង្គកឋិនទាន និងជាពិសេស គឺរូបភាពដែលបង្ហាញពីជំនួបរបស់លោកជាមួយបណ្តាអង្គទូតបរទេសនានា ទាំងនៅទីកន្លែងសាធារណៈ និងគេហដ្ឋានរបស់លោកផងដែរ។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោក កឹម សុខា បានថ្លែងអំណរគុណចំពោះជនរួមជាតិរបស់លោក ទាំងក្នុងនិងក្រៅប្រទេស ដែលនៅតែគាំទ្រនូវជំហរអហិង្សា ការមិនយកខ្មែរណាជាសត្រូវ ការតស៊ូអត់ធ្មត់របស់លោក និងការគោរពស្រឡាញ់រាប់អានចំពោះលោក នៅក្នុងគ្រាដែលលោកកំពុងស្ថិតនៅជាប់បំរាមរបស់តុលាការកម្ពុជានេះ។ លោក កឹម សុខា ក៏បានថ្លែងអំណរគុណដល់ប្រទេសជាមិត្តដែលប្រកាន់យកនូវគោលការណ៍ប្រជាធិបតេយ្យ លើកស្ទួយគុណតម្លៃសិទ្ធិមនុស្ស ដែលនៅតែគោរពនិងផ្តល់តម្លៃដល់រូបលោក តាមរយៈការឲ្យមន្ត្រីទូតដែលជាតំណាងប្រទេសរបស់ខ្លួនមកជួបលោកដល់គេហដ្ឋាន និងអញ្ជើញលោកទៅស្ថានទូត ដើម្បីសួរសុខទុក្ខ ទទួលទានអាហារ និងសម្តែងពីកង្វល់ចំពោះស្ថានភាពសិទ្ធិសេរីភាព សុវត្ថិភាពរបស់លោក និងខ្លះទៀតថែមទាំងបានបញ្ជូនវេជ្ជបណ្ឌិតមកជួយពិនិត្យព្យាបាលនិងតាមដានសុខភាពលោកជាប្រចាំផងដែរ។
សូមបញ្ជាក់ថា អតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា ត្រូវបានតុលាការកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ បានអនុញ្ញាតអោយលោកមានសេរីភាពដើរហើគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ប៉ុន្តែមិនអាចធ្វើសកម្មភាពនយោបាយ ឬធ្វើដំណើរចេញទៅក្រៅប្រទេសនោះឡើយ។ លោកត្រូវបានតុលាការកម្ពុជាចោទប្រកាន់ពីបទ «សន្និដ្ឋិភាព» ឬ ត្រូវរ៉ូវជាមួយរដ្ឋបរទេស ដើម្បីប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១៧ ។ ប៉ុន្តែលោកបានបដិសេធ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ