អានតួអត្ថបទ

១៦ឆ្នាំកន្លងទៅ ព្រះមហាក្សត្រនរោត្តម សីហមុនី នៅតែ​ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សម្រាប់អ្នកនយោបាយខ្មែរក្នុងស្រុក

ព្រះមហាក្សត្រ​កម្ពុជា
ព្រះមហាក្សត្រ​កម្ពុជា © Facebook
ដោយ៖ វណ្ណ សុគន្ធា
១៨ នាទី

ថ្ងៃទី ​២៩​ខែតុលា ឆ្នាំ២០០៤-ថ្ងៃទី ២៩ខែតុលា ឆ្នាំ២០២០​នេះ ​គឺ​ជា​​ខួប​​លើក​ទី១៦ឆ្នាំ​នៃ​ការយាងឡើង​គ្រង​រាជស​ម្បត្តិ​របស់​ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា។ នៅក្នុងថ្ងៃគម្រប់១៦ឆ្នាំនេះ ព្រះមហាក្សត្រ និង សម្តេចម៉ែទ្រង់មិនបានគង់នៅក្នុងប្រទេសទេ ដោយព្រះអង្គទាំងទ្វេបានយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ យ៉ាងណាក៏ដោយ នៅឆ្នាំនេះក៏ដូចឆ្នាំមុនដែរ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងអ្នកនយោបាយខ្លះបានផ្ញើសារចូលរួមអបអរសាទរគម្រប់ខួប១៦ឆ្នាំ​នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រនេះ។ 

ផ្សាយពាណិជ្ជកម្ម

សារថ្វាយអបអរសាទរដល់ព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីនៅថ្ងៃគម្រប់ខួប១៦ឆ្នាំនៃការការយាងឡើងគ្រងរាជសម្បត្តិនេះ បានកើតឡើងជាប​ន្តបន្ទាប់។ លោកហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានថ្វាយសារអបអរសាទរតាមរយៈទំព័រហ្វេសប៊ុករបស់លោក។ លោកហេង សំរិន បានថ្វាយសារជូនពរព្រះអង្គឱ្យទ្រង់មានព្រះរាជសុខភាពល្អបរិបូណ៍ ព្រះបញ្ញាភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់គ្រងព្រះបរមសិរីសម្បត្តិជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខក្សេមក្សាន្ត ចម្រើនរុងរឿងដល់ប្រជានុរាស្ត្រទូទាំងប្រទេស។

ចំណែក លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាវិញតាមរយៈទំព័រហ្វេសប៊ុកដូចគ្នាក៏បានថ្វាយសារជូនពរដូចលោកហេង សំរិនដែរ។ លោកបានថ្វាយជូនពរជាសំខាន់ឱ្យព្រះមហាក្សត្រកម្ពុជាមានព្រះរាជសុខភាពល្អបរិបូរណ៍។ រីឯ លោកស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាបានសម្តែងនូវការដឹងគុណដល់ព្រះករុណា ដែលព្រះអង្គបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានវឌ្ឍភាពលើគ្រប់វិស័យ ព្រមទាំងនាំសុខដុមរមនាដល់ប្រជារាស្រ្តខ្មែរទាំងអស់។

ក្រៅពីថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាទាំងនេះ លោកកឹម សុខា ប្រធានអតីតគណបក្សងសង្គ្រោះជាតិវិញ ក៏បានថ្វាយសារជូនពរព្រះមហាក្សត្រតាមរយៈទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃពុធផងដែរ។ លោកកឹម សុខា មិនបាននិយាយអ្វីច្រើននោះទេ ដោយលោកគ្រាន់តែថ្វាយសារអបអរសាទរតែប៉ុណ្ណោះ។

សូមរំលឹកជូនថា ព្រះករុណា សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា​ឯក​ឆន្ទ​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ​កម្ពុជា ជំនួស​ព្រះបាទ នរោត្តម សីហនុ ដែលជា​ព្រះបិតា នៅ​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤។ ការជ្រើសរើស​ឱ្យ​ព្រះអង្គ​ឡើង​សោយរាជ្យ​នៅពេលនោះ ធ្វើឡើង​នៅ​ខណៈដែល​ព្រះអង្គ​កំពុង​គង់នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ថែទាំ​ព្រះរោគ​ព្រះបិតា។ នៅ​ថ្ងៃ​ទី​២៩​ ខែតុលា ​ឆ្នាំ២០០៤​ ព្រះករុណា ​សម្តេច​ ព្រះបរមនាថ ​នរោត្តម ​សីហមុនី​ បាន​សោយ​រាជ្យ​សម្បត្តិ​ជា​ព្រះមហាក្សត្រកម្ពុជា​ជា​ផ្លូវការ​។

គិត​មកដល់ពេលនេះ គឺ​រយៈពេល១៦ឆ្នាំ​គត់​នៃ​ការឡើង​សោយរាជ្យ​របស់​ព្រះអង្គ។ ក្នុង​រយៈពេល១៦ឆ្នាំ​មកនេះ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបាន​ប្រជានុរាស្ត្រ​លើកសរសើរ​ទ្រង់​ថា ជា​ព្រះមហាក្សត្រ​ដែលមាន​ព្រះទ័យ​ស្លូតបូត និង​មាន​ព្រហ្ម​វិហារធម៌។ ជាមួយគ្នានេះ ពួកគេ​ក៏បាន​កោតសរសើរ​ទ្រង់​ផងដែរ​ដែល​បាន​បំពេញ​ព្រះរាជកិច្ច​សម្រាប់​ប្រជាជាតិ ប្រកបដោយ​ភាព​វិជ្ជមាន។ ព្រះរាជកិច្ចសំខាន់ៗរបស់​ទ្រង់ គឺ​ផ្ដោតលើ​វិស័យ​ពិធីការ ការទូត សង្គមកិច្ច វប្បធម៌ និង​សិល្បៈ ដែល​ព្រះរាជ​សកម្មភាព​ទាំងនេះ ដូចគ្នា​ទៅនឹង​អ្វីដែល​ព្រះបិតា​របស់​ទ្រង់ គឺ​ព្រះ​បរម​រតន​កោដ្ឋ ធ្លាប់បាន​បំពេញ​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ