អានតួអត្ថបទ
កម្ពុជា

ក្រសួងសេដ្ឋកិច្ចគ្រោងបញ្ចប់ការព្រាងច្បាប់វិនិយោគថ្មីនៅចុងខែក្រោយ ដើម្បីជួយពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ

លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កំពុងថ្លែងនៅក្នុងឱកាសវេទិការសាធារណៈស្តីពីច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ ២០១៥។
លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កំពុងថ្លែងនៅក្នុងឱកាសវេទិការសាធារណៈស្តីពីច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ ២០១៥។ @RFI/ Siv Channa
ដោយ៖ វណ្ណ សុគន្ធា
១៣ នាទី

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានអះអាងឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគថ្មីនៅកម្ពុជាគ្រោងនឹងបញ្ចប់ការត្រួតពិនិត្យនៅចុងខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចង់ឱ្យសេចក្តីព្រាងច្បាប់នេះឆាប់ចប់ ដើម្បីអាចយកទៅអនុវត្តក្នុងការជួយជំរុញដល់ការស្តាររសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាជួយបង្កើតឱកាសរីកលូតលាស់ដល់វិស័យឯកជនដែលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩។ 

ផ្សាយពាណិជ្ជកម្ម

លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានអះអាងថា ការគ្រោងបញ្ចប់ការត្រួតពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគនៅចុងខែវិច្ឆិកាខាងមុខនេះ គឺដើម្បីអាចឱ្យច្បាប់នេះអាចចូលរួមចំណែកពន្លឿនការស្តារឡើងវិញនូវសក្កានុពល និងកំណើនសេដ្ឋកិច្ចកម្ពុជា ជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា បង្កើតឱកា​សរីកលូតលាស់កាន់តែខ្លាំងក្លាដល់វិស័យឯកជនក្នុងបរិបទនៃជំងឺកូវីដ១៩។

លោកអូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ឱ្យដឹងបែបនេះនៅក្នុងកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ចនៃវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ បើតាមលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជា សេចក្តីព្រាងច្បាប់ថ្មីនេះ គឺបានគិតគូរយ៉ាងដិតដល់អំពីលក្ខណៈបើកចំហរ ភាពអំណោយផល និង ការទាក់ទាញការវិនិយោគ បង្កើតរបបលើកទឹកចិត្តមួយដែលមានលក្ខណៈប្រកួតប្រជែង ជាពិសេស ផ្តល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិននៅក្នុងប្រទេសកម្ពុជា។

ចំណែក លោកBretton G. Scaironi សហប្រធានក្រុមផ្នែកឯកជនវិញ បានចាត់ទុកថា ការរៀបចំចេញនូវសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគនេះ គឺធ្វើឡើងនៅក្នុងវេលាមួយដ៏ស័ក្តិសម និង ជាឱកាសល្អមួយដែលត្រូវគិតគូរអំពីការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគនេះមាន ១១ ជំពូកនិង ៣៨ មាត្រា។ សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានរៀបចំឡើងដោយក្រុមការងារចម្រុះនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បើតាមក្រសួងសេដ្ឋកិច្ច និងហិ​រញ្ញវត្ថុ​ សេចក្តីព្រាងច្បាប់នេះ គឺជាការរួមចំណែកមួយទៀតដល់ការកសាងបរិយាកាសវិនិយោគកម្ពុជាឱ្យកាន់តែមានល​ក្ខណៈអំណោយផល ប្រកួតប្រជែង ព្រមទាំងការធានាបាននូវគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព។ ក្រសួងសេដ្ឋកិច្ចបានគូសបញ្ជាក់ថា ការគិតគូរនេះ គឺឆ្លើយតបទៅនឹងការវិវឌ្ឍនៃសភាពការណ៍ថ្មីៗ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងតម្រូវការចាំបាច់ក្នុងការលើកស្ទួយវិស័យឯកជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ