អានតួអត្ថបទ

អភិបាលខេត្តកណ្តាល៖ វៀតណាមប្រែក្លាយពីតង់ទៅជាសំណង់រឹងមាំដល់១៦ទីតាំងនៅតំបន់មិនទាន់ឯកភាព

ប៉ូលីសកម្ពុជាទៅមើលកន្លែងដែលវៀតណាមបោះតង់នៅខេត្តកណ្តាល
ប៉ូលីសកម្ពុជាទៅមើលកន្លែងដែលវៀតណាមបោះតង់នៅខេត្តកណ្តាល © អគ្គស្នងការនគរបាលជាតិ
ដោយ៖ អ៊ឹង ប៊ុនថន
១១ នាទី

អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រនេះថា ភាគី​វៀតណាម​បាន​ប្រែក្លាយពីការបោះតង់ទៅជា​សំណង់​រឹងមាំ​ឡើង​ដល់១៦ទីតាំងហើយ ក្នុងចំណោម​ទីតាំងចំនួន២៧នៅ​តាម​បណ្ដោយ​ព្រំដែន​មិនទាន់​ឯកភាព​គ្នា។  ប៉ុន្តែ​បើតាម​អភិបាល​ខេត្ត​រូប​នេះ​ អាជ្ញាធរ​កម្ពុជា​ក៏បាន​ធ្វើតវ៉ា​តាមរយៈ​លិខិត​ឲ្យ​វៀត​ណាម​រុះ​រើ​តង់​នោះ​ចេញ​ដែរ តែ​មក​ទល់​ពេល​នេះគឺ​វៀត​ណាម​នៅ​មិន​ទាន់​រុះ​រើ​តង់ណា​មួយ​នៅឡើយ​ ដោយ​គេ​អះអាង​ថា​ដល់​តែ​ចប់​កូវីដ​១៩​ ទើប​អាច​រុះ​រើ​ចេញ​បាន​។

ផ្សាយពាណិជ្ជកម្ម

ឆ្លើយតបនឹង​ការ​បារម្ភដែលថា នៅពេល​វៀតណាម​បានប្រែ​ក្លាយ​ពីការបោះតង់​ ទៅជាសំណង់រឹងមាំដែលពិបាកក្នុងទាមទារឲ្យរុះរើចេញនោះ លោក គង់ សោភ័ណ្ឌ អះអាងថា ​ផ្អែក​តាមទិដ្ឋភាព​ផ្លូវ​ច្បាប់​គឺវៀតណាម​មិន​អាច​ធ្វើ​អ្វី​បំពាន​បានទេ ខណៈ​ដែលប្រទេសទាំងពីរ​មិនធ្លាប់មានការ​ប្រទូសសារាយ​ខាង​កម្លាំង​ប្រដាប់អាវុធនៅតាមព្រំដែនម្តងណាឡើយ។ ម្យ៉ាងទៀត​លោក​យល់ថា ការ​ដែល​វៀតណាម​នៅបន្តដាក់​កម្លាំង​ប្រចាំ​ការ​នៅទីតាំងដែលគេបោះតង់​នោះ គឺជាការជួយការពារកម្ពុជា​កុំ​ឆ្លងជំងឺកូវីដ១៩​ទៅវិញទេ​។​

 

កាលពី​ចុងខែ​សីហា ឆ្នាំ២០២០ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​រាយការណ៍​ថា វៀតណាម បាន​សាងសង់​ជម្រក​រឹងមាំ​ធ្វើពីឈើ​សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រ​គុណ​នឹង៤ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ស្ថិតនៅ​ចម្ងាយ​ប្រមាណ១២០ម៉ែត្រ ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-វៀតណាម​ដែល​មិនទាន់​ឯកភាព​គ្នា។

​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​ តាម​រយៈ​ក្បាល​មេក្រូ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ កាលពីខែឧសភា២០២០ លោកបាន​ពន្យល់ថា ​តំបន់ដែល​យោធា​វៀតណាម​​ចូល​មក​បោះ​តង់​នៅ​ក្នុង​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៦​មេសា​ឆ្នាំ​២០២០​នោះ​ គឺ​ជា​តំបន់​ស្មុគស្មាញ​ទាំង​លក្ខណៈ​បច្ចេកទេស​និង​ផ្លូវ​ច្បាប់​។

តែបើ​តាម​លោក​វ៉ា គឹមហុង បើទោះ​ក្នុង​ចេតនា​ណា​ក៏​ដោយ ភាគី​វៀតណាម​មិន​គួរ​មក​បោះ​តង់​នៅ​លើ​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា​នេះ​ទេ ដោយ​ត្រូវ​រក្សា​ស្ថានភាព​ដើម​ឲ្យ​នៅ​ដដែល​ ព្រោះ​តំបន់នោះ ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា នឹង​ស្នើ​សុំ​ឲ្យ​​ប្រទេសបារាំង​ជួយ​ចម្លង​ផែនទី UTM ពី​ខ្នាត​១​លើ​១០០​ពាន់ មកខ្នាត​១​លើ​៥០​ពាន់​វិញ​ដើម្បី បោះ​បង្គោល​ព្រំដែន។

បើតាមគណៈកម្មាធិការ​​ព្រំដែនកម្ពុជា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩មក ​វៀតណាម​បាន​បោះតង់​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេសទាំងពីរ ទាំង​តំបន់​មិនទាន់​ឯកភាពនិង​តំបន់​ឯកភាព​គ្នា​រួច មាន​ចំនួន២៥៦ទីតាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ