អតីតបក្សប្រឆាំងប្រកាសមិនទទួលស្គាល់លទ្ធផលប្រជុំសភារឿងព្រំដែន តែគណៈកម្មការព្រំដែនថាជាសមិទ្ធផលប្រវត្តិសាស្ត្រ
ចុះផ្សាយនៅថ្ងៃ៖
អតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃចន្ទទី០២ខែវិច្ឆិកានេះ បានប្រកាសមិនទទួលស្គាល់ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ការចេញមកប្រកាសទាត់ចោលរបស់អតីតបក្សប្រឆាំងដ៏ធំនៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋសភាជាតិកម្ពុជា បានប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះចប់សព្វគ្រប់នៅថ្ងៃនេះដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ អតីតគណបក្សសង្គ្រោះជាតិ បានចាត់ទុកការអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសកម្ពុជា និងវៀតណាមថាជាការយល់ព្រមកាត់ទឹកដីខ្មែរទៅឲ្យប្រទេសវៀតណាមជាផ្លូវការ។
លើសពីនេះ សេចក្តីថ្លែងការណ៍របស់អតីតគណបក្សប្រឆាំង បានប្រកាសមិនទទួលស្គាល់នូវច្បាប់ដែលទាក់ទងទៅនឹងបញ្ហាព្រំដែនមួយនេះ ដោយបញ្ជាក់ថាពួកគេនឹងសើរើឡើងវិញនូវរាល់ច្បាប់ និងសន្ធិសញ្ញាខុសច្បាប់ទាំងឡាយ ដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយវៀតណាម ពាក់ព័ន្ធទៅនឹងបូរណភាពទឹកដី និងការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នាពេលកន្លងមក នៅពេលដែលអតីតគណបក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាល។
ក៏ប៉ុន្តែលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានលើកឡើងនៅលើទំព័រហ្វេសប៊ុកលោកស្រី នៅថ្ងៃនេះដែរ ដោយបានចាត់ទុកថាលទ្ធផលនៃកិច្ចប្រជុំរដ្ឋសភាលើរបៀបវារៈមួយនេះគឺជា សមិទ្ធផលប្រវត្តិសាស្រ្ដ ដែលខ្មែរគ្រប់ជំនាន់កន្លងមក ស្រមៃចង់បាន គឺខ្មែរមានព្រំដែនច្បាស់លាស់ជាមួយប្រទេសជិតខាង ដើម្បីការពារទឹកដី បញ្ចប់ជម្លោះព្រំដែនដ៏ស្មុគស្មាញ និងរ៉ាំរ៉ៃ និងបង្កើតព្រំដែនសន្តិភាព និងការអភិវឌ្ឍ។ លោកស្រីថា ខេត្តចំនួន៣ រួមមានខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តព្រៃវែង ត្រូវបានបញ្ចប់ការបោះបង្គោលព្រំដែនទាំងស្រុង ខណៈដែលព្រំដែននៅតាមបណ្តាខេត្តចំនួន៦ទៀត ដែលនៅសេសសល់ គឺរដ្ឋាភិបាលប្រទេសទាំងពីរ បានប្តេជ្ញាចិត្តដោះស្រាយបញ្ចប់នៅពេលខាងមុខ។
សូមរំលឹកថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងវៀតណាម ដែលមាន៣មាត្រា ត្រូវបានភាគីទាំងពីរទទួលបន្ទុកកិច្ចការព្រំដែនចុះហត្ថលេខា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសវៀតណាម។ ក៏ប៉ុន្តែការចុះហត្ថលេខានេះ បានរងនូវការរិះគន់យ៉ាងខ្លាំងពីអ្នកនយោបាយប្រឆាំង និងគណបក្សមួយចំនួននៅក្រៅរដ្ឋាភិបាល។
សូមបញ្ជាក់ដែរថា កម្ពុជា និងវៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាសម្រេចកិច្ចការបោះបង្គោលព្រំដែនបានចំនួន៨៤%ហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ