កម្ពុជា-សង្គម

បន្លែកំពុងឡើងថ្លៃនៅក្នុងអន្តរកាលដែលកម្ពុជាកំពុងជួបជំនន់ទឹកភ្លៀងនិងវិបត្តិកូវីដ១៩

កម្មកររោងចក្រកាត់ដេរទិញបន្លែនិងសាច់នៅ ហាងដែលរងផលប៉ះពាល់ដោយទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ កាលពីថ្ងៃអង្គារទី ២០ ខែតុលាឆ្នាំ ២០២០ នៅភូមិកំបូល ភ្នំពេញ
កម្មកររោងចក្រកាត់ដេរទិញបន្លែនិងសាច់នៅ ហាងដែលរងផលប៉ះពាល់ដោយទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ កាលពីថ្ងៃអង្គារទី ២០ ខែតុលាឆ្នាំ ២០២០ នៅភូមិកំបូល ភ្នំពេញ AP - Heng Sinith

នៅ​លើ​ទី​ផ្សារ​ម្ហូប​អាហារ​គេ​សង្កេត​ឃើញ​ថា​ ប្រភេទ​មុខ​ទំនិញ​បន្លែ​កំពុង​ឡើង​ថ្លៃ​ នៅ​ក្នុង​អន្តរកាល​ដែល​កម្ពុជា​កំពុង​ជួប​ជំនន់​ទឹកភ្លៀង​ និង​វិបត្តិ​កូវីដ​១៩​។ នៅ​ចំពោះ​មុខ​ស្ថានភាព​នេះ​ មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​កសិកម្ម​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា​ ក្រសួង​កសិកម្ម​កំពុង​តែ​ដោះស្រាយ​លើ​បញ្ហា​នេះ​ហើយ​ ដែល​ជា​ដំណោះស្រាយ​រួម​នៃ​ការ​ស្ដារ​វិស័យ​កសិកម្ម​ឡើង​វិញ​ក្រោយ​ជំនន់​ទឹក​ភ្លៀង​។

ផ្សាយពាណិជ្ជកម្ម

ត្រសក់ ជី ត្រកួន សាឡាដ ស្ពៃ  ដែលធ្លាប់តែថោកប្រែជាឡើងថ្លៃស្ទើរតែពាក់កណ្ដាលនៃតម្លៃសរុប។ជាក់ស្ដែងនៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញគឺតម្លៃជីចង់ជាបាច់តូចៗធ្លាប់លក់ក្នុងមួយដុំតម្លៃ៥០០រៀលហក់ឡើងដល់១០០០រៀល ហើយត្រសក់ ត្រកួន ស្ពៃ សាឡាដ ដែលធ្លាប់មានតម្លៃក្នុងមួយគីឡូមិនក្រោម៥ពាន់រៀលហក់ឡើងថ្លៃដល់ទៅ៨០០០ឬលើសពីនេះទៀត។ នេះគេនៅមិនទាន់រាប់បញ្ចូលប្រភេទតម្លៃបន្លែមួយចំនួនដែលកម្ពុជានាំចូលពី​ក្រៅផងដូចជាៈស្ពៃបូកគោ​ ផ្កា​ខាត់ណា ​ពោត​បារាំង។

លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្មឲ្យដឹងថា  ការប្រែប្រួលតម្លៃបន្លែនៅលើទីផ្សារដោយសារកត្តាកូវីដ១៩ និងជំនន់ទឹកភ្លៀង។ កូវីដ១៩ បង្ខំឲ្យកម្ពុជាផ្អាកការនាំចូលបន្លែមួយចំនួនពីប្រទេសក្បែរខាងដោយសារការរឹតត្បិតចរាចរ នៅតាមព្រំដែន។ រីឯជំនន់ទឹកភ្លៀងវិញបានបង្ករផលប៉ះពាល់ដល់ផ្ទៃដីដាំដុះជិត១ម៉ឺនហិកតា នៅក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។ បើតាមអ្នកជំនាញ ប្រភេទបន្លែមួយចំនួនដែលប្រើរយៈពេលដាំដុះចន្លោះពី១ខែទៅ៣ ឆាប់រងផលប៉ះពាល់ ក្នុងករណីកើតមានជំនន់មកបន្ទាន់។

លោក យ៉ង សាំងកុមារ មើលឃើញថា មួយផ្នែកនៃផលប៉ះពាល់ទៅលើប្រទេសវៀតណាមដោយសារឥទ្ធិពលព្យុះ និងទឹកជំនន់ក៏បានប៉ះពាល់ដល់តម្លៃបន្លែនៅកម្ពុជាដែរ។ ប៉ុន្តែយ៉ាងណាក៏ ដោយ អ្នកជំនាញកសិកម្មរូបនេះយល់ថា ឧបសគ្គបន្លែឡើងថ្លៃ នឹងមិនអូសបន្លាយយូរពេលទេ ពោលគឺអ្វីៗនឹងត្រឡប់មកដូចដើមនៅខែ១២។

នៅចំពោះមុខការឡើងថ្លៃបន្លែ បើតាមលោក ហ៊ាន វណ្ណហន ក្រសួងកិសកម្ម កំពុងមមាញឹកក្នុងការស្ដាវិស័យកសិកម្មជារួមមិនចំពោះមុខតែការដោះស្រាយលើបញ្ហាបន្លែតែមួយមុខនោះទេ។ នេះក៏ដោយសារតែផលប៉ះពាល់ ដែលបន្សល់ទុកក្រោយជំនន់ទឹកភ្លៀង មិនប៉ះពាល់ទៅលើបន្លែតែមួយមុខពោ​ល​គឺផលដំណាំកសិកម្មជារួមដូចជាស្រូវ ត្រី សាច់ ជាដើម។

នៅក្នុងដំណោះស្រាយរយៈពេលយូរ លោក យ៉ង សាំងកុមារ ផ្ដល់យោបល់ថា​ រដ្ឋាភិបាលគួរត្រៀមខ្លួនទុកជាមុននៅក្នុងការជំរុញការដាំដុះបន្ថែម តាមតំបន់ ទីកន្លែង តាមប្រភេទបន្លែ ដើម្បីធានាថា ប្រជាពលរដ្ឋកម្ពុជាមានបន្លែបរិភោគគ្រប់រដូវការ គ្រប់ស្ថានការណ៍។

សូមជម្រាបជូនថា កម្ពុជា​បាន​ចំណាយ​ថវិកា​ជាង​២០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់នាំចូលបន្លែ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ ហើយកម្ពុជាមានតម្រូវការបន្លែប្រមាណ៥៧៣តោនក្នុង១ថ្ងៃ ដែលចំនួននេះ កសិករកម្ពុជាអាចផលិតបានប្រមាណ៤០០តោន និងសល់ពីនេះនាំចូល១៧០តោន ពីប្រទេសវៀតណាម ថៃ និងចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI