រដ្ឋាភិបាលកម្ពុជាប្រាប់ឲ្យមន្ត្រីខ្មែរដែលជាប់ពាក់ព័ន្ធផ្ទាល់នឹងប្រតិភូហុងគ្រីធ្វើចត្តាឡីស័ក
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងការបរទេសកម្ពុជានៅថ្ងៃពុធនេះ បានចេញសេចក្តីប្រកាសមួយ សម្រេចឱ្យថ្នាក់ដឹកនាំ និងមន្ត្រីកម្ពុជាទាំងអស់ ដែលបានជួប និងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូ នៅក្នុងដំណើរទស្សនកិច្ចរបស់ លោក ភីទ័រ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដាក់ខ្លួនឱ្យនៅដោយឡែក តាមការកំណត់របស់ក្រសួងសុខាភិបាល។ សេចក្តីប្រកាសនេះ ធ្វើឡើងក្រោយពេលដែលប្រមុខកាទូតហុងគ្រី ដែលទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី០៣វិច្ឆិកា ត្រូវរកឃើញថាមានផ្ទុកជំងឺកូវីដ១៩។
បន្ថែមពីលើសេចក្តីប្រកាសឲ្យមន្ត្រី ដែលពាក់ព័ន្ធផ្ទាល់នឹងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតហុងគ្រី នៅកម្ពុជាលោក ភីទ័រ ស៊ីចាតូ ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់បន្ថែមថា មុនពេលមកធ្វើទស្សនកិច្ចនៅកម្ពុជា ប្រតិភូហុងគ្រីទាំងអស់ បានធ្វើតេស្តអវិជ្ជមានកូវីដ១៩ ក៏ប៉ុន្តែការធ្វើតេស្តបង្ហាញថាលោកស៊ីចាតូ វិជ្ជមាននៅពេលដល់ប្រទេសថៃនៅថ្ងៃនេះ។
លោក ភីទ័រ ស៊ីចាតូ វ័យ៤២ឆ្នាំ ដែលជារដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ពេលនេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យក្រុងបាងកក ដោយអាជ្ញាធរសុខាភិបាលថៃ មានភាពតឹងតែងខ្លាំងចំពោះបញ្ហានេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃនៅកម្ពុជា លោក ភីទ័រ ស៊ីចាតូ បានចូលរួមនៅក្នុងពិធីចុះហត្ថលេខាមួយចំនួន ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានជំនួបជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា។ មន្ត្រីជាន់ខ្ពស់ទាំងនោះរួមមានប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីកសិកម្មលោក វេង សាខុន រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ លោក សួស យ៉ារ៉ា តំណាងរាស្ត្រ រួមនឹងមន្ត្រីមួយចំនួនទៀត។
ជាមួយគ្នានេះ គេនៅមិនទាន់បានដឹងនៅឡើយថា មានអ្នកជាប់ពាក់ព័ន្ធនឹងដំណើរទស្សនកិចុ្ចរបស់ប្រតិភូហុងគ្រី ដោយប្រយោលប៉ុន្មានអ្នកផ្សេងទៀត ក៏ប៉ុន្តែអ្នកពាក់ព័ន្ធនៅក្នុងដំណើរទស្សនកិច្ចជាច្រើននាក់រួមទាំងអ្នកសារព័ត៌មានផង ត្រូវគេយកសំណាកទៅធ្វើតេស្ត។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ សរុប ២៩២នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយចំនួន២៨៣នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន០៩នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ