កម្ពុជា-នយោបាយ

អតីតបក្សប្រឆាំងហៅការកោះហៅលោកសម រង្សី និងមន្រ្តីដទៃទៀតថា ជាសង្គ្រាមចិត្តសាស្រ្តរបស់លោកហ៊ុន សែន

ទីស្នាក់ការនៃអតីតបក្សសង្រ្គោះជាតិ
ទីស្នាក់ការនៃអតីតបក្សសង្រ្គោះជាតិ © សហការី

អតីត​គណបក្ស​សង្រ្គោះជាតិ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​០៤​ ខែ​វិច្ឆិកា​នេះ​ បាន​ប្រតិកម្ម​ទៅ​នឹង​ការ​កោះ​ហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ទៅ​លើ​លោក​សម រង្ស៊ី ​និង​មន្រ្តី​នៃ​អតីត​បក្ស​ប្រឆាំង​ជិត​៦០​នាក់​ផ្សេង​ទៀត​ឱ្យ​ចូល​មក​តុលាការ​នៅ​ថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា​នេះ​។ ពួកគេ​ទាំង​អស់​នេះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​។ អតីត​បក្ស​ប្រឆាំង​ បាន​ចាត់​ទុក​ការ​កោះ​ហៅ​នេះ​ថា​ ជា​សង្រ្គាម​ចិត្តសាស្រ្ត​ ដើម្បី​បំភិត​បំភ័យ​ដល់​សកម្មជន​អតីត​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

លោកអុំ សំអាន មន្រ្តីជាន់ខ្ពស់ និងតំណាងឱ្យអតីតគណបក្សសង្រ្គោះជាតិ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា ការកោះហៅរបស់តុលាការក្រុងភ្នំពេញមកលើថ្នាក់ដឹកនាំ និងមន្រ្តីអតីតបក្សប្រឆាំងនេះ គឺជាសង្រ្គាមចិត្តសាស្រ្ត និងជាល្បិចនយោបាយរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ បើតាមលោកអុំ សំអាន ការធ្វើបែបនេះ គឺដើម្បីបំភិតបំភ័យសកម្មជនអតីតបក្សប្រឆាំងនៅក្នុងស្រុកមិនឱ្យហ៊ានធ្វើសកម្មភាពផ្សេងៗដូចជា តវ៉ា និង ការត្រៀមខ្លួនទទួលការវិលត្រឡប់មកវិញរបស់លោកសម រង្ស៊ី និង មន្រ្តីជាន់ខ្ពស់ដទៃទៀត។

តុលាការក្រុងភ្នំពេញបានចេញដីកាកោះ​ហៅ​លោកសម រង្ស៊ី និងមន្ត្រីដទៃទៀតប្រមាណជិត៦០នាក់ឱ្យ​ចូលរួម​ក្នុងសវនាការនៅថ្ងៃទី ២៦ខែវិច្ឆិកាខាងមុខពាក់ព័ន្ធនឹងសំណុំរឿង«រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។ ដីកាកោះហៅនេះ ត្រូវបានអាជ្ញាធរកម្ពុជាយកទៅបិទ​លើ​ជញ្ជាំងទីស្នាក់​ការ​អតីតគណបក្សសង្គ្រោះជាតិក្នុង​សង្កាត់​ចាក់អង្រែក្រោម រាជធានីភ្នំពេញ។ អ្នកដែលត្រូវកោះហៅទាំងនេះ មានខ្លះកំពុងស្ថិតនៅក្រៅប្រទេសដូចជានៅអាមេរិក កាណាដា កូរ៉េខាងត្បូង ជប៉ុន និងប្រទេសថៃជាដើម។ រីឯ អ្នកផ្សេងទៀតកំពុងស្ថិតនៅក្នុងប្រទេស ដូចជានៅខេត្តកណ្តាល កំពង់ចាម ព្រះសីហនុ ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង និងបន្ទាយមានជ័យជាដើម។

មេធាវីការពារក្តីឱ្យមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិ លោកសំ សុគង់ បានចាត់ទុកការចោទប្រកាន់ និងការកោះហៅនេះថា ជារឿងនយោបាយ។ ដូច្នេះហើយ លោកយល់ថា រឿងនេះគួរតែត្រូវដោះស្រាយតាមផ្លូវនយោបាយ ល្អជាងការដោះស្រាយគ្នាតាមផ្លូវតុលាការ។ លោកអុំ សំអាន ក៏យល់ឃើញដូចគ្នានេះដែរ។ ប៉ុន្តែ លោកថា ប្រសិនបើលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចង់ឱ្យក្រុមថ្នាក់ដឹកនាំ និងមន្រ្តីអតីតបក្សប្រឆាំងត្រូវតុលាការកាត់ទោសនោះ គឺលោកត្រូវដកបម្រាមដែលបានហាមក្រុមហ៊ុនអាកាសចរណ៍ដឹកថ្នាក់ដឹកនាំអតីតបក្សប្រឆាំងចូលមកកម្ពុជា និង ផ្តល់សុពលភាពឡើង​វិញដល់លិខិតឆ្លងដែនរបស់មន្រ្តីអតីតបក្សប្រឆាំង។ ធ្វើបែបនេះ ថ្នាក់ដឹកនាំ និងមន្រ្តីនៃអតីតបក្សប្រឆាំងនឹងអាចមកចូលរួមសវនាការតាមការកោះហៅរបស់តុលាការកម្ពុជាបាន។

សូមបញ្ជាក់ថា  សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែតុលាកន្លងទៅ ក៏បានចេញដីកាបង្គាប់​ឱ្យថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិដែលកំពុងស្នាក់នៅក្រៅប្រទេសចំនួន៩រូបឱ្យចូលមកបំភ្លឺនៅតុលាការនៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះផងដែរ។ តុលាការបានកោះហៅពួកគេឱ្យមកឆ្លើយបំភ្លឺនឹង​ការចោទប្រកាន់លើ​សំណុំរឿង «ឧបឃាត»ឬ «ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI