អានតួអត្ថបទ
កម្ពុជា-កូវីដ

លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន និងអ្នកពាក់ព័ន្ធជិតស្និទ្ធមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ពេល​ទទួល​ជួប​រដ្ឋមន្រ្តីការបរទេស​ហុងគ្រី កាលពីថ្ងៃអង្គារ ៣ វិច្ឆិកា ២០២០
លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ពេល​ទទួល​ជួប​រដ្ឋមន្រ្តីការបរទេស​ហុងគ្រី កាលពីថ្ងៃអង្គារ ៣ វិច្ឆិកា ២០២០ AP
ដោយ៖ អ៊ឹម រចនា
១២ នាទី

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូវីដ​១៩​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រមុខ​ដឹក​នាំ​កម្ពុជា តាម​រយៈ​បណ្ដាញ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក នៅ​យប់​ថ្ងៃ​ពុធ​ទី​០៤​វិច្ឆិកា​។ គួរ​ជម្រាប​ថា ការ​ធ្វើ​តេស្ត​រក​កូវីដ​១៩​លើ​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​បន្ទាប់ពី​លោក​បាន​ជួយ​ប្រាស្រ័យ​ជិត​ស្និទ្ធ​នឹង​ប្រមុខ​ការ​ទូត​ហុងគ្រី ដែល​ទើប​តែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ និង​បានរក​ឃើញ​ថា​មាន​ផ្ទុក​កូវីដ​១៩​នៅ​ពេល​ទៅ​ដល់​ប្រទេស​ថៃ​នា​ថ្ងៃ​ពុធ​ម្សិលមិញ​។

ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន អ្នក​ជិត​ស្និទ្ធ​ជាមួយ​លោក​ចំនួន​១៨​រូប​ទៀត រួម​មាន​ភរិយា​របស់​លោក ក្រុម​អង្គរក្ស និង​អ្នក​បើក​បរ សុទ្ធ​តែ​មាន​លទ្ធផល​អវិជ្ជមាន​កូវីដ​១៩​ទាំង​អស់​​។ ចំណែក​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត លោក​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា ក្រុម​គ្រូ​ពេទ្យ​កំពុង​តែ​ប្រញាប់​ប្រញាល់​ប្រមូល​សំណាក​ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​។

គួរ​ជម្រាប​ថា ការ​ធ្វើ​តេស្ត​រក​កូវីដ​១៩​លើ​លោក ហ៊ុន សែន និង​អ្នក​ពាក់ព័ន្ធ​នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់ពី​លោក​បាន​ជួប​ប្រាស្រ័យ​ជិត​ស្និទ្ធ​នឹង​ប្រមុខ​ការ​ទូត​ហុងគ្រី។ ប្រមុខ​ការ​ទូត​ហុងគ្រី ដែល​ទើប​តែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ និង​បានរក​ឃើញ​ថា​មាន​ផ្ទុក​កូវីដ​១៩​នៅ​ពេល​ទៅ​ដល់​ប្រទេស​ថៃ​នា​ថ្ងៃ​ពុធ​ម្សិលមិញ​។

សម្រាប់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បើ​ទោះ​បី​ជា​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ក៏​ដោយ ក៏​លោក​សង្កត់​ធ្ងន់​ថា លោក​ត្រូវ​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ តាម​វិធាន​សុខាភិបាល​ ដោយ​ពុំ​អាច​ជួប​នរណា​ទាំង​អស់ សូម្បី​តែ​ភរិយា កូន និង​ចៅ ក៏​ទេ​ដែរ​។ ចំណែក​ការងារ​ផ្សេង​ៗ​ ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក​នេះ លោក​នៅ​តែ​អាច​បំពេញ​កាតព្វកិច្ចរបស់​ខ្លួន​ ដោយ​លោក​​បើក​ផ្លូវ​ឲ្យ​មន្ដ្រី​ពាក់ព័ន្ធ​រាយការណ៍​និង​សុំ​យោបល់​ពី​លោក​បាន​ដដែល​។ ដូច​គ្នា​ដែរ លោក​បញ្ជាក់​ថា លោក​នៅ​តែ​អាច​ហាត់​ប្រាណ​បាននៅ​ផ្ទះ គ្រាន់​តែ​មិន​ឲ្យ​អ្នក​ដទៃ​មក​ជិត​ប៉ុណ្ណោះ​។

ជា​ការ​កត់​សម្គាល់ នៅ​ពេល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ពុំ​អាច​ចេញ​ទៅ​ណា​បាន លោក ហ៊ុន សែន បាន​ឆ្លៀត​ឱកាស​នេះ សូម​ព្រះ​រាជ​ទាន​ទោស​ព្រះ​មហាក្សត្រ និង​ហ្លួង​ម៉ែ ដែល​មិន​អាច​ដង្ហែ​ព្រះ​អង្គយាង​មក​ពី​ប្រទេស​ចិន និង​ដង្ហែ​ព្រះ​មហាក្សត្រ​ក្នុង​ពេល​ប្រារព្វពិធីបុណ្យ​ឯករាជ្យ​ជាតិ​០៩​វិច្ឆិកា​បាន​។ លោក​ក៏​បាន​សូម​ទោសថ្នាក់​ដឹក​នាំ​អាស៊ាន​និង​ដៃ​គូ​ពាក់​ព័ន្ធ​ទាំង​អស់ ដែល​លោកត្រូវ​​អាក់​ខាន​មិន​អាច​ចូល​រួម​ប្រជុំ​បាន តែ​លោក​បញ្ជាក់​ថា លោក​នឹង​ចាត់​តំណាង​ឲ្យ​ទៅ​ចូល​រួម​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៥​វិច្ឆិកា​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ