អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

ក្រសួងសុខាភិបាល៖អ្នកប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីមាន៦២៨នាក់ ប៉ុន្តែសុទ្ធតែតេស្តអវិជ្ជមានទាំងអស់

លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ភីធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស​​ និងពាណិជ្ជកម្ម ហុងគ្រី
លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ភីធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស​​ និងពាណិជ្ជកម្ម ហុងគ្រី © FB/MFAIC
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

គិត​ត្រឹម​យប់​ថ្ងៃ​ទី​០៤ ​ខែ​វិច្ឆិកា ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​មាន​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ និង​ពាណិជ្ជកម្ម​ហុងគ្រី​លោក​ភីធើ ស៊ីចាតូ​ចំនួន​៦២៨​នាក់​។​ លោក​ភីធើ ស៊ីចាតូ ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​ជំងឺ​កូវីដ​១៩​ពេល​លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ដល់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​០៤​ ខែ​វិច្ឆិកា​។ យ៉ាង​ណា​ក៏​ដោយ​ អ្នក​ដែល​ប៉ះពាល់​ទាំង​៦២៨​នាក់​នៅ​កម្ពុជា​នេះ​ មិន​ត្រូវ​បាន​រក​ឃើញ​ថា​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ពី​លោក​ភីធើ​ ស៊ីចាតូ​ឡើយ​សម្រាប់​ការ​ធ្វើ​តេស្ត​លើក​ទី​១​។

ផ្សាយពាណិជ្ជកម្ម

ចំនួនអ្នកប៉ះពាល់ជាមួយលោករដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី៦២៨នាក់នេះ គឺជាចំនួនបឋមបណ្តោះអាសន្នតែប៉ុណ្ណោះដែលក្រសួងសុខាភិបាលកម្ពុជាបានរកឃើញត្រឹមយប់ថ្ងៃពុធ។ ក្រសួងសុខាភិបាលបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ក្រសួងកំពុងបន្តស្រាវជ្រាវស្វែងរកអ្នកប៉ះពាល់ជាមួយរដ្ឋមន្រ្តីហុងគ្រី ដើម្បីយកសំណាកមកធ្វើតេស្តរកជំងឺកូវីដ១៩។ ប៉ុន្តែ អ្នកទាំង៦២៨នាក់នេះ ត្រូវបានយកសំណាកទៅធ្វើតេស្តលើកដំបូងរួចហើយ ដោយលទ្ធផលអវិជ្ជមានទាំងអស់។

មនុស្សប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រីទាំងនេះ រួមមាននាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី អ្នកតំណាងរាស្រ្ត មន្រ្តីទូទៅ អ្នកសារព័ត៌មាន និងក្រុមអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ពួកគេ គឺជាអ្នកដែលរៀបចំ និងមានវត្តមាននៅក្នុងពេលដែលនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីកម្ពុជាផ្សេងទៀតបានជួបពិភាក្សាការងារជាមួយលោកភីធើ ស៊ីចាតូ រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីនៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានាថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ។

លោកភីធើ ស៊ីចាតូ ត្រូវបានពិនិត្យរកឃើញថា មានផ្ទុកជំងឺកូវីដ១៩នៅក្នុងប្រទេសថៃកាលពីថ្ងៃទី០៤ ខែវិច្ឆិកា បន្ទាប់ពីរូបលោកបានចាកចេញពីប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសថៃក៏បានត្រូវបានលុបចោលភ្លាមៗ ដែរ ហើយរូបលោក និងគណៈប្រតិភូដទៃទៀតត្រូវបានបញ្ជូនទៅប្រទេសហុងគ្រីវិញដោយយន្តហោះឯកជនដែលរៀបចំដោយរដ្ឋាភិបាលហុងគ្រី។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់កាលពីថ្ងៃពុធថា មុនធ្វើដំណើរមកដល់ប្រទេសកម្ពុជា លោកភីធើ ស៊ីចាតូ និងសមាជិកគណៈប្រតិភូដទៃទៀតសុទ្ធតែបានធ្វើតេស្ត និងមានវិញ្ញាបនបត្រសុខភាពដែលបញ្ជាក់ថា គ្មានផ្ទុកវីរុសកូវីដ១៩។ តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីរដ្ឋមន្រ្តីហុងគ្រីរកឃើញមានផ្ទុកជំងឺកូវីដ១៩នេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យដឹកនាំ និងមន្រ្តីទាំងអស់ដែលបានជួប និង ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រតិភូហុងគ្រីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃតាមកំណត់របស់ក្រសួងសុខាភិបាល។ ចំណែក លោកនាយរកដ្ឋមន្រ្តីហ៊ុន សែនវិញ ក៏បានដាក់ខ្លួនឯងឱ្យដាច់ដោយឡែកពីគេផងដែរ ហើយថែមទាំងលុបចោលនូវកម្មវិធីមួយចំនួនទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ