កម្ពុជា-សង្គម

ផលិតផលក្លែងក្លាយ៥រយតោន ត្រូវបានដុតបំផ្លាញចោល

ផលិតផលក្លែងក្លាយ ដែលត្រូវកម្ទេចចោល នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ
ផលិតផលក្លែងក្លាយ ដែលត្រូវកម្ទេចចោល នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ © FB

ផលិតផលក្លែងក្លាយដែល​អាច​បង្កគ្រោះថ្នាក់ដល់សុខភាព​ប្រជាជនកម្ពុជា​ សរុបជាង ​៥រយ​តោន ត្រូវបាន​ដុតបំផ្លាញចោល ​នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកានេះ។ ជាផលិតផល​ ដែល​​​កម្លាំងសមត្ថកិច្ចចម្រុះនៃ​​គណៈ​កម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បានបង្ក្រាប​ និងរឹបអូស​បាន ​នាពេលកន្លងមក។ នេះបើតាម​សេចក្តីប្រកាស​របស់ក្រសួងមហាផ្ទៃ។

ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ (គ.ប.ជ.ក) បាន​ដុតបំផ្លាញចោលនូវ​ផលិតផលខូចគុណភាពនិងក្លែងក្លាយ ដែលបង្កអោយមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និង​សុវត្ថិភាពសង្គម ​ជិត​៥៤០តោន ដែលក្នុងនោះ​ក៏មានឱសថ​ខុសច្បាប់ចំនួន​ជិត ៨តោនផងដែរ។ ផលិតផលក្លែងក្លាយដែលសមត្ថកិច្ចបង្រ្កាបបាន រួមមាន ភេសជ្ជៈ ឱសថ និងផលិតផលមួយចំនួនទៀត។ ការកម្ទេចនេះធ្វើឡើងនៅក្នុងបរិវេណទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅចំពោះមុខនៃការបង្ក្រាប​ជាញឹកដងនេះ​ លោក កើត​ រិទ្ធ រដ្ឋមន្ត្រី​យុត្តិធម៌​​ ក៏បាន​លើកឡើងនាឱកាសដែរ​​នេះថា ​​ការ​ផលិត នាំចេញ​នាំចូល និង​ការចែកចាយ​ផលិតផលខុសច្បាប់ទាំងនោះ គឺ​ជាបទល្មើសធ្ងន់ធ្ងរ​ ដែលមិនត្រូវបាន​លើកលែង​នោះឡើយ។ លោក​បានបញ្ជាក់ថា យុទ្ធនាការ​​បង្រ្កាបផលិតផលក្លែងក្លាយនេះ គឺ​ជារឿងអទិភាពមួយ​​ដ៏សំខាន់​ សម្រាប់​បញ្ហា​សុខភាព​សាធារណៈ​ នៅកម្ពុជា។

ក្នុងរយៈពេលប្រាំបួនខែកន្លងមកនេះ ផលិតផលក្លែងក្លាយ រួមមាន​គ្រឿងញៀននិង​ឱសថខុសច្បាប់ផង សរុបជិត​៦០០តោន ត្រូវបាន​រឹបអូស ក្នុងអំឡុងពេលបង្ក្រាបទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍កាលពីខែតុលា។

ពាក់ព័ន្ធនឹងការបង្ក្រាប​ផលិតផលក្លែងក្លាយឥតឈប់ឈរនេះ  លោក សន ជ័យ នាយកអង្គការ សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅកាត់ថា អានសា (ANSA) បានលើកឡើងថា​សកម្មភាពបង្ក្រាបកន្លងមក គឺ​ជាការខិតខំប្រឹងប្រែងមួយរបស់រដ្ឋាភិបាល ប៉ុន្តែបើតាមការសង្កេតរបស់លោក គឺជាសកម្មភាពដដែល​ និងគ្មានប្រសិទ្ធភាព ខណៈការអនុវត្តត្រួតពិនិត្យ​របស់អាជ្ញាធរនៅ​មានចន្លោះប្រហោង។

សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការដុតបំផ្លាញ​ផលិតក្លែងក្លាយ​ទូទៅ រួមមាន​ឱសថ ​ប្រមាណជា​ជាង​ ១៣០​តោន នៅក្នុងខែមិថុនា និង​ប្រមាណជា​ ​១១០តោនទៀត នៅក្នុងខែ​​កុម្ភៈនិង​ខែមិនា។

កន្លងមកនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានធ្វើយុទ្ធនាការបង្ក្រាប​ផលិតផលក្លែងក្លាយ​ទូទាំងប្រទេស​ចំនួន ១៣៤ករណីដែលឈានដល់ការរឹបអូសផលិតផលក្លែងក្លាយចំនួន ជាង​៦ម៉ឺនតោន (៥៩៤.៦៥តោន)។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI