កម្ពុជា និងថៃ ឯកភាពគ្នាឲ្យពលករខ្មែរបន្តការងារ២ឆ្នាំទៀតរហូតដល់កូវីដ១៩អាចគ្រប់គ្រងបាន
ប្រទេសកម្ពុជា និងថៃ បានឯកភាពគ្នាឲ្យពលករខ្មែរបន្តកិច្ចសន្យាការងាររយៈពេល២ឆ្នាំបន្ថែមទៀត ចំពោះពលករដែលបានបញ្ជូនតាមរយៈអនុស្សារណៈនៃការយោគយល់គ្នា ហើយត្រូវបញ្ចប់កិច្ចសន្យាការងារ៤ឆ្នាំ ចាប់ពីថ្ងៃទី១វិច្ឆិកា២០២០ រហូតដល់កូវីដ១៩អាចគ្រប់គ្រងបាន ដោយពុំចាំបាច់ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ ការឯកភាពគ្នានេះធ្វើឡើងតាមរយៈកិច្ចប្រជុំតាមវីដេអូ រវាងរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង និងអនុរដ្ឋមន្ត្រីការងារថៃ លោក Surachai Chaitrakulthong កាលពីម្សិលមិញ។
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីបញ្ចប់កិច្ចសន្យាការងារបន្តរយៈពេល២ឆ្នាំរួចហើយ ពលករទាំងនោះនឹងត្រូវត្រឡប់មកកម្ពុជាវិញ ដោយមិនអនុញ្ញាតឲ្យបន្តកិច្ចសន្យាការងារទៀតឡើយ។ នេះជាការគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារថ្ងៃទី៥វិច្ឆិកា២០២០។ ចំណែកការបញ្ជូននិងទទួលពលករខ្មែរដែលទៅធ្វើការងារនៅខេត្តជាប់ព្រំដែន ភាគីទាំងពីរកំពុងរៀបចំសុំគោលការណ៍ពីរដ្ឋាភិបាលរៀងៗខ្លួនដើម្បីបើកច្រកព្រំដែនសម្រាប់បញ្ជូន និងទទួលពលករឲ្យស្របតាមវិធានសុខាភិបាល។
បើតាមក្រសួងការងារ ភាគីកម្ពុជា និងថៃក៏បានពិភាក្សាគ្នាផងដែរ ពីនីតិវិធីនៃជ្រើសរើស និងការបញ្ជូនពលករខ្មែរទៅធ្វើការនៅថៃនៅក្នុងគ្រាកូវីដ១៩នេះ។ ជាមួយគ្នានោះភាគីទាំងពីរអះអាងថា រួមគ្នាទប់ស្កាត់ភាពមិនប្រក្រតីនៃការផ្តល់ភាពស្របច្បាប់ជូនពលករ និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ខណៈការបន្តសុពលភាពលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស ជូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នឹងផ្តល់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅពេលខ្លីខាងមុខ។
កាលពីឆ្នាំ២០១៩ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរជាង ១៤.០០០ នាក់ មកកម្ពុជាវិញ ដោយអាជ្ញាធរថៃចាត់ទុកថា អ្នកទាំងនោះរស់នៅខុសច្បាប់ បើទោះពួកគេមួយចំនួនមានលិខិតឆ្លងដែនក៏ដោយ។ចំណែកនៅឆ្នាំ២០២០នេះ ពលករខ្មែរជាង៩ម៉ឺននាក់ ក្នុងចំណោមពលករខ្មែរជាង១លាននាក់ បានសម្រុកមកកម្ពុជាវិញ នៅគ្រាដែលថៃបិទប្រទេសរបស់ខ្លួន ដោយសារបញ្ហាជំងឺកូវីដ១៩។ នេះបើតាមក្រសួងមហាផ្ទៃកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ