ទឹកជំនន់៖ ផ្លូវនៅជនបទប្រមាណជាង៥០០ខ្សែ នឹងត្រូវបានជួសជុលដោយប្រើទឹកប្រាក់ជាង៦០លានដុល្លារ
ចុះផ្សាយនៅថ្ងៃ៖
ផ្លូវតាមទីជនបទដែលត្រូវបានខូចខាតដោយវិបត្តិទឹកជំនន់កន្លងទៅ ប្រមាណជាង៥០០ខ្សែ នឹងត្រូវបានជួសជុល ក្រោមការចំណាយទឹកប្រាក់ជាង ៦០លានដុល្លារអាមេរិក។ នេះបើតាមការប៉ាន់ស្មានជាបឋមរបស់ក្រសួងអភិវឌ្ឍជនបទ។
ក្រោយពីស្ថានភាពទឹកជំនន់បានធូរស្រាល ផ្លូវនៅតាមទីជនបទត្រូវទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការលិច និងរហូតដល់កាត់ផ្តាច់ផ្លូវផងក៏មាន។ ផ្លូវដែលរងការខូចខាតនោះ មានសរុបចំនួន ៥៥៣ខ្សែ ស្មើប្រវែងជាង ៤ពាន់គីឡូម៉ែត្រ (៤៥០២គីឡូម៉ែត្រ) ដែលក្នុងនោះ ផ្លូវដែលរងការខូចខាតខ្លាំងរហូតដល់ដាច់មានជាង ២ពាន់គីឡូម៉ែត្រ (២៤៣៧គីឡូម៉ែត្រ)។ ផ្លូវទាំងនោះនឹងត្រូវបានស្តារឡើងវិញ ក្នុងទំហំទឹកប្រាក់ ៦៥លានដុល្លារអាមេរិក។ នេះជាការបញ្ជាក់របស់ លោក ចាន់ ដារ៉ុង អ្នកនាំពាក្យនៃក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈវិទ្យុបារាំងRFI នៅរសៀល ថ្ងៃទី០៦វិច្ឆិកា នេះ។
វិសាលភាពទឹកជំនន់ បានគ្របដណ្តប់ និងផ្តល់ផលប៉ះពាល់កម្រិតខ្លាំងនិងមធ្យមនៅក្នុងខេត្តចំនួន១៣ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន ព្រះសីហនុ សៀមរាប តាកែវ កំពង់ឆ្នាំង កណ្តាល កំពង់ចាម កំពត មណ្ឌលគីរី និងខេត្តព្រះវិហារ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គិតត្រឹមថ្ងៃទី០៣ វិច្ឆិកានេះ។
ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ចាន់ ដារ៉ុង បានបញ្ជាក់ថា ចំនួនទឹកប្រាក់ប្រមាណជាង ៦៥លានដុល្លារអាមេរិកនោះ ជាការប៉ាន់ស្មានជាបឋម ដើម្បីស្តារផ្លូវជនបទដែលខូចខាតឡើងវិញជាបន្ទាន់ ក៏ដូចជាដើម្បីសម្រួលដល់ចរាចររបស់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបររស់នៅប្រចាំថ្ងៃឱ្យបានឆាប់រហ័ស។ លោកក៏បានបញ្ជាក់បន្ថែមដែរថា ក្នុងករណី លទ្ធភាពនៃថវិកាជាតិមិនអាចផ្តល់បានទៅតាមតម្រូវការ ក្រសួងអភិវឌ្ឍន៍ជនបទនឹងស្វែងរកថវិកាដែលខ្វះខាតពីដៃគូពាក់ព័ន្ធបន្ថែមទៀត។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី ២៧ តុលា ទឹកជំនន់បានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជិត ៦០ម៉ឺននាក់ (៥៩៩,៤២៨នាក់) រស់នៅក្នុង២០ខេត្តក្រុង ដោយក្នុងនោះ សម្លាប់មនុស្ស៤៤នាក់។ ក្រៅពីនេះ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួនជាង ១៣ម៉ឺនខ្នង (១៣៤,០០៣ខ្នង) សាលារៀនចំនួន ៩៥១ខ្នង ក៏ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ