សំណុំរឿងម្សៅទឹកដោះគោ Nutrilatt នឹងរុញឡើងទៅកាន់ដៃតុលាការនាសប្តាហ៍ក្រោយ
ចុះផ្សាយនៅថ្ងៃ៖
ការចរចាជាបន្តបន្ទាប់សម្រាប់តម្លៃសំណងផ្លូវចិត្ត រវាងក្រុមឪពុកម្តាយទារករងគ្រោះដោយម្សៅទឹកដោះគោ Nutrilatt និងតំណាងភាគីក្រុមហ៊ុន នឹងត្រូវរុញឡើងទៅដោះស្រាយតាមប្រព័ន្ធតុលាការនៅសប្តាហ៍ក្រោយនេះ។ ការរុញសំណុំរឿងឡើងដល់តុលាការនេះ ធ្វើឡើងបន្ទាប់ពីឱសានវាទមួយខែ ដែលអគ្គនាយកដ្ឋានកាពារអ្នកប្រើប្រាស់ និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប ទុកពេលឲ្យតំណាងទាំងសងខាងចរចាក្រៅប្រព័ន្ធច្បាប់នោះ មិនទទួលបានលទ្ធផល។ ចំណែកឯការកោះហៅចូលបំភ្លឺបន្ថែមនៅព្រឹកថ្ងៃទី០៦ វិច្ឆិកានេះ ភាគីតំណាងក្រុមហ៊ុន នៅតែបង្ហាញគោលជំហរលើតម្លៃសំណងដែលខាងក្រុមឪពុកម្តាយទារករងគ្រោះមិនពេញចិត្ត។
នៅថ្ងៃទី០៦ ខែវិច្ឆិកានេះ ក្រុមឪពុកម្តាយកុមារ និងទារករងគ្រោះ បានតទល់ជាមួយភាគីតំណាងក្រុមហ៊ុន ជុំវិញតម្លៃសំណងផ្លូវចិត្ត ដែលពួកគេធ្លាប់ដាក់ស្នើឲ្យភាគីខាងក្រុមហ៊ុននាំចូលម្សៅទឹកដោះគោ Nutrilatt សងការខូចខាតនោះ នៅតែមិនទទួលបានលទ្ធផល។ បើទោះបីក្រោយពី កបប បានទុកពេលវេលាមួយខែឲ្យខាងតំណាងក្រុមហ៊ុននាំចូលម្សៅទឹកដោះគោប្រភេទនេះ ធ្វើការសម្របសម្រួលខាងក្រៅផ្លូវច្បាប់ជាមួយនឹងក្រុមឪពុកម្តាយកុមារ និងទារករងគ្រោះ តាំងពីថ្ងៃទី៦ ខែតុលាកន្លងមកក៏ដោយ។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកបប បានបញ្ជាក់ថា ការទុកឱសានវាទរយៈពេលមួយខែកន្លងមកនេះ ភាគីទាំងសងខាងនៅតែមិនអាចចរចាគ្នាត្រូវ លើសំណងរដ្ឋប្បវេណីក្រៅក្របខណ្ឌតុលាការ ដោយភាគីទាំងពីរមានគោលជំហរលើទំហំសំណងខូចខាតរៀងៗខ្លួន។ រហូតដល់ពេលនេះ ខាងក.ប.ប ដែលជាអ្នកសម្របសម្រួលក្នុងរឿងម្សៅទឹកដោះគោ Nutrilatt នឹងរៀបចំឯកសារតាមនីតិវិធីច្បាប់ទៅកាន់តុលាការ ដើម្បីដោះស្រាយទាំងផ្នែករដ្ឋប្បវេណី និងផ្នែកព្រហ្មទណ្ឌ នៅសប្តាហ៍ក្រោយ។
ក្នុងរយៈពេលមួយខែដែល ក.ប.ប ទុកឱសានវាទឲ្យនោះ ខាងភាគីតំណាងក្រុមហ៊ុនមិនបានទាក់ទងចរចាជាមួយក្រុមឪពុកម្តាយកុមារនិងទារករងគ្រោះទាំង២៤គ្រួសារនោះទេ។ ពោលគឺបានចរចាតែជាមួយ២គ្រួសារតែប៉ុណ្ណោះ ហើយលើកឡើងពីទំនួលខុសត្រូវខ្លួន ថាអាចផ្តល់សំណងដល់ក្រុមឪពុកម្តាយទាំង២៤គ្រួសារ ត្រឹមទំហំទឹកប្រាក់១០០០$ ប៉ុណ្ណោះក្នុងមួយគ្រួសារ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ចន្ទ ផល្គុណ ម្តាយកុមាររងគ្រោះម្នាក់។
ចំពោះការខូចខាត រាល់បណ្តឹងសំណងរបស់គ្រួសារទាំង២៤ គឺមានតម្លៃសំណងខុសៗគ្នា ក៏ព្រោះតែពួកគេបានគិតគូរចំពោះការខូចខាតជាក់ស្តែងនាពេលបច្ចុប្បន្ន និងការប៉ះពាល់ដល់កូនៗពួកគេពេលអនាគតរៀងៗខ្លួន។
សម្រាប់ករណីលោកស្រីផ្ទាល់ ទំហំសំណងក្នុងតម្លៃ២២ម៉ឺនដុល្លា គឺជាសំណងយ៉ាងល្អិតល្អន់ ដោយបែងចែកទៅលើការខូចខាតដែលកូនខ្លួនរងផលប៉ះពាល់ដល់សុខភាពនោះរួមមាន៖ សំណងជំងឺចិត្ត សំណងការអប់រំ សំណងការព្យាបាលជាក់ស្តែង និងសំណងផ្លូវច្បាប់នៃការបំភ័ន្តអ្នកប្រើប្រាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ