លោកផៃ ស៊ីផាន៖ការធ្វើចត្តាឡីស័ករបស់នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីខ្លះមិនបង្អាក់ដំណើរការងាររបស់រដ្ឋាភិបាលទេ
ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃសុក្រនេះបានរកឃើញអ្នកពាក់ព័ន្ធជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីចំនួន២១២នាក់បន្ថែមទៀតដែលសរុបទៅមានចំនួន៨៤០នាក់។ ប៉ុន្តែ អ្នកទាំងអស់នេះមិនត្រូវបានរកឃើញមានឆ្លងជំងឺកូវីដ១៩ទេ។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំកំពូល និងរដ្ឋមន្រ្តីសំខាន់ៗរបស់កម្ពុជាមួយចំនួនបានធ្វើចត្តាឡីស័ក ដើម្បីបន្តតាមដានសុខភាព។ ប៉ុន្តែ បើទោះជាបែបនេះក្តី អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានអះអាងថា ការធ្វើចត្តាឡីស័កនេះមិនបានបង្កការប៉ះពាល់ដល់ដំណើរការងាររបស់រដ្ឋាភិបាលនោះឡើយ។
ចុះផ្សាយនៅថ្ងៃ៖
«ការងាររបស់រដ្ឋាភិបាលអត់មានស្ទះទេ គឺនៅតែមានប្រក្រត្រីភាពបន្តទៅមុខ» នេះគឺជាការគូសបញ្ជាក់របស់លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃសុក្រនេះ។ លោកបានសង្កត់ធ្ងន់បន្ថែមថា ការងារនៅតែធម្មតា គឺគ្រាន់តែអវត្តមានថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីខ្លះនៅក្នុងការិយាល័យតែប៉ុណ្ណោះ។ បើតាមលោកផៃ ស៊ីផាន ដំណើរការការងាររបស់រដ្ឋាភិបាលកម្ពុជាក្នុងពេលនេះ គឺពឹងអាស្រ័យច្រើនលើប្រព័ន្ធបច្ចេកវិទ្យា និងតាមទូរស័ព្ទ ដោយការស្នើសុំឆ្លងឯកសារនានាពីនាយករដ្ឋមន្រ្តី គឺធ្វើឡើងតាមការប្រើសារជាសំឡេងតាមទូរស័ព្ទ ជំនួសឱ្យការជួបដោយផ្ទាល់។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះ ក៏បានអះអាងឱ្យដឹងដែរថា នៅចំពោះមុខនេះ នាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តីមួយចំនួន គឺត្រូវធ្វើតាមវិធានសុខភាពរបស់ក្រសួងសុខាភិបាល ដោយមិនអាចចេញទៅចូលរួមកម្មវិធីផ្សេងៗបានឡើយ។
ចាប់តាំងពីថ្ងៃទី០៤ ខែវិច្ឆិកាមក នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីមួយចំនួនដូចជា រដ្ឋមន្រ្តីក្រសួងការបរទេស ក្រសួងកសិកម្មក៏ដូចជារដ្ឋមន្រ្តីក្រសួងធនធានទឹក និងមន្រ្តីជាច្រើនរូបផ្សេងទៀតសុទ្ធតែបានដាក់ខ្លួននៅដាច់ដោយឡែកពីគេ ដើម្បីបន្តតាមដានរកជំងឺកូវីដ១៩។ ពួកគេទាំងនេះ គឺជាអ្នកដែលបានជួប និងប្រាស្រ័យទាក់ទងជាមួយនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រីដែលត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩នៅក្នុងប្រទេសថៃក្រោយពីចាកចេញពីប្រទេសកម្ពុជា។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចេញមកបញ្ជាក់ពីស្ថានភាពសុខភាពជាប្រក្រតីរបស់លោកតាមទំព័រហ្វេសប៊ុក។ លោកបានគូសបញ្ជាក់ថា លោកគ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ គឺបរិភោគបាយបាន សម្រាកបាន ហើយបានពិនិត្យរបាយការណ៍ ពិនិត្យសម្រេចលើសំណើរបស់ក្រសួង ស្ថាប័ន និងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដដែល។ ចំណែក លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មនៅព្រឹកថ្ងៃសុក្រនេះ ក៏បានបង្ហាញពីស្ថានភាពសុខភាពល្អរបស់លោកតាមរយៈរូបភាពដើរហាត់ប្រាណជាមួយភរិយារបស់លោកផងដែរ។
បើទោះបីជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលកម្ពុជា បានតម្រូវឱ្យទាំងនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានសុខភាព និងត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ចំនួនបីដងបន្ថែមទៀត។ ការធ្វើតេស្តលើកទី២ គឺនៅថ្ងៃទី០៩ ខែវិច្ឆិកា លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី០៦ ខែវិច្ឆិកានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ