កូវីដ១៩៖ រោគសញ្ញានិងការបង្ការកុំឲ្យឆ្លង
ចុះផ្សាយនៅថ្ងៃ៖
នៅកម្ពុជា មនុស្សរាប់រយនាក់រួមទាំងប្រមុខរដ្ឋាភិបាលផង កំពុងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក បន្ទាប់ពីបានប្រាស្រ័យផ្ទាល់និងមិនផ្ទាល់ជាមួយប្រតិភូប្រទេសហុងគ្រីនៅប្រទេសកម្ពុជា ហើយបានរកឃើញថាមានផ្ទុកជំងឺកូវីដ១៩នៅប្រទេសថៃមួយថ្ងៃក្រោយមក។ ប្រមុខដឹកនាំនិងអាជ្ញាធរកម្ពុជាបានលើកឡើងជាថ្មីអំពីសារៈសំខាន់នៃការបង្ការខ្លួនពីកូវីដ១៩។ តើកូវីដ១៩មានរោគសញ្ញានិងធ្វើដូចម្ដេចទើបអាចបង្ការកុំឲ្យឆ្លងកូវីដ១៩បាន?
ជំងឺកូវីដ១៩បានធ្វើពិភពលោកនិងកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពមួយដែលគេមិនធ្លាប់ជួបទាល់តែសោះនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ហើយដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ មនុស្សចាំបាច់ត្រូវតែរៀនរស់នៅក្នុង «សភាពធម្មតាតាមបែបគន្លងថ្មី»។ សម្រាប់អ្នកជំនាញផ្នែកសុខាភិបាលនៃអង្គការសុខភាពពិភពលោក ការរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី គឺជាប្រការចាំបាច់ដែលត្រូវអនុវត្ត នៅគ្រប់កាលៈទេសៈទាំងអស់។
«សភាពធម្មតាតាមបែបគន្លងថ្មី» សំដៅដល់ការរស់នៅប្រកបដោយសុខអនាម័យខ្ពស់ រួមមាន ការលាងដៃឲ្យបានញឹកញាប់ អនុវត្តវិធានអនាម័យនៅពេលក្អកឬកណ្ដាស់ ពាក់ម៉ាស់ក្នុងករណីចាំបាច់ បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល ដោយចៀសវាងរៀបចំការជួបជុំដែលមានមនុស្សចូលរួមច្រើនឬទៅកាន់ទីកន្លែងដែលមានមនុស្សកុះករ ហើយជាពិសេសត្រូវនៅឲ្យឆ្ងាយពីអ្នកដទៃនៅពេលឈឺថ្កាត់ជាដើម។ ក្រៅពីនេះ ម្នាក់ៗត្រូវតាមដានសុខភាពខ្លួនឯង ហើយត្រូវប្រញាប់រាយការណ៍ជាបន្ទាន់ទៅកាន់មន្ដ្រីជំនាញប្រសិនបើមានរោគសញ្ញាសង្ស័យនៃជំងឺកូវីដ១៩។
រោគសញ្ញានៃជំងឺកូវីដ១៩រួមមាន៖ ហៀរសម្បោរ ក្តៅខ្លួន ក្អក ឈឺខ្លួនឈឺប្រាណ ល្ហិតល្ហៃអស់កម្លាំង គឺសុទ្ធតែជារោគសញ្ញាដំបូងនៃជំងឺកូវីដ១៩។ វីរុសនេះ ចម្លងតាមផ្លូវដង្ហើម តាមរយៈការ ក្អក ឬកណ្តាស់ ដែលធាក់វីរុសខ្ទាតចេញពីមនុស្សម្នាក់ទៅចម្លងមនុស្សម្នាក់ទៀត នៅជិតនោះ ឬវីរុសទៅតោងលើវត្ថុអ្វីមួយហើយ ដៃមនុស្សផ្សេងទៅប៉ះលើវត្ថុមិនស្អាតនោះ ហើយមកប៉ះច្រមុះមាត់ខ្លួនឯង។ ហេតុដូច្នេះហើយបានអាជ្ញាធរសុខាភិបាលចេញសេចក្តីណែនាំហើយណែនាំទៀត ឱ្យពលរដ្ឋគ្រប់រូបប្រកាន់ទម្លាប់ល្អ ក្អក កណ្តាស់ដោយបិទមាត់នឹងកន្សែងក្រដាស នឹងក្រមា ឬនឹងកែងដៃអាវខ្លួនឯង ហើយត្រូវលាងដៃនឹងសាប៊ូរយៈពេល២០វិនាទី ឱ្យបានញឹកញាប់។
គេត្រូវចងចាំថា បញ្ហាចំពោះមុខនាពេលនេះ គឺការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណាថ្មី ឬជំងឺកូវីដ១៩ ដែលការងារនេះតម្រូវឲ្យពលរដ្ឋទូទៅចូលរួមជាមួយអាជ្ញាធរ។ ការចូលរួមសំខាន់បំផុត គឺនាំគ្នារក្សាគម្លាតសង្គម ចៀសវាងការប្រមូលផ្ដុំ ប្រយ័ត្នប្រយែង និងថែទាំអនាម័យព្រមទាំងសុខភាពខ្លួនឯង។ ការងារនេះសំខាន់ខ្លាំងណាស់ដើម្បីធានាថា យើងម្នាក់ៗ មិនធ្លាក់ខ្លួនជាជនរងគ្រោះនៃជំងឺកូវីដ១៩ និងមិនក្លាយជាភ្នាក់ងារចម្លងជំងឺនេះទៅកាន់អ្នកដទៃ ជាពិសេសមនុស្សចាស់និងអ្នកដែលមានសុខភាពទន់ខ្សោយ។ នេះគឺការរួមចំណែកដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ពលរដ្ឋម្នាក់ៗ ដើម្បីកាត់បន្ថយនិងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩នៅកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ