លោក ហ៊ុន សែន ប្រគល់ការងារសង្គមទៅលោក ស ខេង ខណៈទំនាក់ទំនងអន្តរជាតិប្រគល់ទៅ លោក អូន ព័ន្ធមុនីរ័ត្ន
ចុះផ្សាយនៅថ្ងៃ៖
ដោយសារតែជាប់បំរាមធ្វើចត្តាឡីស័ក១៤ថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់ការងារមួយចំនួនធំទៅឧបនាយករដ្ឋមន្ត្រី និងកូនប្រុសច្បងរបស់គាត់គឺ លោក ហ៊ុន ម៉ាណែត។ ក្នុងនោះពាក់ព័ន្ធកិច្ចការងារសង្គមលោក ហ៊ុន សែន បានប្រគល់ភារៈកិច្ចទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ចំពោះការងារទំនាក់ទំនងអន្តរជាតិលោកប្រមុខរដ្ឋាភិបាល ប្រគល់ទៅឲ្យលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។
ការងាររបស់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំដែលពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ ពីចម្ងាយ ចាប់ពីថ្ងៃទី១២ដល់១៥ខែវិច្ឆិកា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៧វិច្ឆិកានេះ។ ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានចាត់រដ្ឋមន្ត្រីពាក់ព័ន្ធមួយចំនួនចូលរួមកិច្ចប្រជុំជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ដែររួមមាន៖ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ លោក សាយ សំអាល រដ្ឋមន្ត្រីបរិស្ថាន លោកស្រី អ៊ឹង កន្ថាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាដើម។
ចំណែកលោកឧបនាយករដ្ឋមន្ត្រី ស ខេង នៅក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រាប់ នៅថ្ងៃទី៦វិច្ឆិកាម្សិលមិញលោកបានអញ្ជើញជាអធិបតីនៅក្នុងសិក្ខាសាលាស្ដីពីកំណែទម្រង់ការងាររដ្ឋបានថ្នាក់ក្រោមជាតិ។ ដោយឡែកសម្រាប់កម្មវិធីសំខាន់នៅថ្ងៃទី៧វិច្ឆិកានេះ លោក ហ៊ុន សែន លុបចោលកម្មវិធីចុះចែកស្រូវពូជដល់កសិករជិត៤ម៉ឺននាក់ស្ថិតនៅក្នងខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ។ ត្បិតតែមិនបានចុះទៅដោយខ្លួនឯងក៏លោក ហ៊ុន សែន បាន ចាត់តាងលោក ហ៊ុន ម៉ាណែត ចុះចែកពូជស្រូវចែកជូនពលរដ្ឋជិត២ម៉ឺនគ្រួសារ នៅខេត្តពោធិ៍សាត់។
សូមជម្រាបជូនថា យ៉ាងហោចណាស់មានកម្មវិធីសំខាន់ៗចំនួន៥ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លុបចោលការចូលរួមដោយខ្លួនឯង តែបានចាត់តំណាងឲ្យចូលរួមជំនួសព្រោះជាប់បំរាមធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ក្រៅពីលុបចោលការចូលរួមកិច្ចប្រជុំអាស៊ានលើកទី៣៧ និងជាអធិបតីនៃសិក្ខាសាលាស្ដីពីកំណែទម្រង់ការងាររដ្ឋបានថ្នាក់ក្រោមជាតិ លោក ហ៊ុន សែន លុបចោលកម្មវិធីទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ ពីទីក្រុងប៉េកាំង នៅល្ងាចថ្ងៃទី៧វិច្ឆិកានេះ និងកម្មវិធីបុណ្យឯករាជ្យជាតិថ្ងៃ៩វិច្ឆិកា។
នៅចំពោះមុខការជួយគ្នាក្នុងគ្រានេះ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាអះអាងថា ការងាររបស់រដ្ឋាភិបាល នៅតែធម្មតា គឺគ្រាន់តែអវត្តមានថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីខ្លះ នៅក្នុងការិយាល័យតែប៉ុណ្ណោះ។ បើតាមលោកផៃ ស៊ីផាន របៀបធ្វើការរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនាកាលៈទេសៈពឹងអាស្រ័យច្រើនលើប្រព័ន្ធបច្ចេកវិទ្យា និងតាមទូរស័ព្ទ សម្រាប់ការហៅទៅកាន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ជំនួសឱ្យការជួបដោយផ្ទាល់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ