ក្រុមថ្នាក់ដឹកនាំបក្សប្រឆាំងប្រកាសជាថ្មីពីការធ្វើមាតុភូមិនិវត្តន៍ ខណៈតុលាការកម្ពុជាកោះហៅ
ក្រុមមេដឹកនាំគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានប្រកាសជាថ្មីនៅថ្ងៃសៅរ៍នេះពីផែនការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ បន្ទាប់ពីផែនការវិលត្រឡប់កាលពីថ្ងៃ៩វិច្ឆិកាឆ្នាំ២០១៩ត្រូវបានខកខាន។ ការប្រកាសវិលចូលស្រុករបស់អ្នកនយោបាយនិរទេសខ្លួននេះគឺបន្ទាប់ពីតុលាការកម្ពុជាបានចេញដីកាកោះហៅពួកគេឲ្យចូលខ្លួនក្នុងសវការនៅចុងខែវិច្ឆិកានេះ ក្រោមបទចោទប្រកាន់«រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»ដែលជាសំណុំរឿងចាស់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
ចុះផ្សាយនៅថ្ងៃ៖
លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិដែលកំពុងនៅក្រៅប្រទេសបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ដោយសារតែមានបទពិសោធន៍នៃផែនការធ្វើមាតុភូមិនិវត្តន៍៩វិច្ឆិកា២០១៩ មិនបានជោគជ័យ ដូច្នេះការវិលចូលស្រុកវិញនៅពេលខាងមុខលោកសុំមិនប្រាប់ពីពេលវេលាជាក់លាក់ទេ។
តែការប្រកាសពីផែនការវិលចូលស្រុកវិញរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះ គឺបន្ទាប់ពីតុលាការក្រុងភ្នំពេញ ចេញដីកាកោះហៅថ្នាក់ដឹកនាំ និងសកម្មជនអតីតបក្សសង្គ្រោះជាតិ ៥៩នាក់ដែលភាគច្រើនកំពុងនិរទេសខ្លួននៅក្រៅប្រទេស ឲ្យចូលសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ ពាក់ព័ន្ធនឹងបទចោទរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ គឺជាសំណុំរឿងចាស់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
សម្រាប់ លោក អេង ឆៃអ៊ាង ក៏ដូចជាលោក សម រង្ស៊ី បានសំដែងការភ្ញាក់ផ្អើលនៅពេលតុលាការកោះហៅពួកគេឲ្យទៅចូលសវនាការប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែបន្តហាមយន្តហោះមិនឲ្យដឹកមេដឹកនាំបក្សប្រឆាំងចូលកម្ពុជា រួមទាំងដកហូតលិខិតឆ្លងដែនរបស់មនុស្សមួយចំនួនទៀតផង។ តែលោក អេង ឆៃអ៊ាង អះអាងថា ពួកលោកនឹងទៅសុំលិខិតឆ្លងដែនពីស្ថានទូតខ្មែរប្រចាំនៅប្រទេសនីមួយៗនោះមកវិញ។
យ៉ាងណាក៏ដោយសម្រាប់អ្នកវិភាគដូចជាលោកបណ្ឌិត សេង សារី ការប្រកាសវិលស្រុករបស់មេដឹកនាំបក្សប្រឆាំង មិនមែនជារឿងថ្មីទេ។ ប៉ុន្តែក្នុងករណីពួកគេអាចវិលចូលវិញបានគឺជាក្តីសង្ឈឹមរបស់សកម្មជននៅក្នុងស្រុក និងមិនឲ្យរដ្ឋាភិបាលកម្ពុជាធ្វើអ្វីមួយស្រេចតែចិត្ត។ ផ្ទុយមកវិញ លោកយល់ថា ការចេញដីកាកោះហៅមេដឹកនាំនិងមន្ត្រីបក្សប្រឆាំងជិត៦០នាក់មកចូលសវនាការនៅពេលខាងមុខ អាចថាជាសញ្ញាភ្លើងខៀវរបស់រដ្ឋាភិបាលក្នុងការបើកផ្លូវឲ្យមន្ត្រីបក្សប្រឆាំងចូលស្រុកវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ