វិស័យទេសចរណ៍កម្ពុជានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀត ប្រសិនបើអ្នកពាក់ព័ន្ធរដ្ឋមន្ត្រីហុងគ្រីវិជ្ជមានកូវីដ១៩ច្រើន
ចុះផ្សាយនៅថ្ងៃ៖
វិស័យទេសចរណ៍កម្ពុជា ដែលកំពុងត្រៀមខ្លួនងើបឈរឡើងវិញនៅក្នុងអំឡុងពេលកូវីដធូរស្បើយ ពេលនេះ អាចនឹងដេកដួលទៅវិញដោយសារការផ្ទុះឡើងនៃការឆ្លងរាលដាលមេរោគកូវីដ១៩ បន្ទាប់ពីទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីនៅកម្ពុជាកាលពីថ្ងៃទី៣ខែវិច្ឆិកាកន្លងទៅ។ លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា វិស័យទេសចរណ៍កម្ពុជានឹងរងផលប៉ះពាល់ដោយសារអ្នកទេសចរក្នុងស្រុកផ្អាកចេញធ្វើដំណើរ ក៏ប៉ុន្តែគេនៅរងចាំមើលសិនថាតើ ស្ថានភាពនៃការឆ្លងកូវីដ១៩ពីលោករដ្ឋមន្ត្រីការបរទេសហុងគ្រីមកកម្ពុជាមានកំរិតណា។
សូមស្តាប់ការលើកឡើងរបស់លោកស្រី ឆាយ សៀវលីន៖
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុនក្រសួងទេសចរណ៍ បានឲ្យដឹងថាអាជីវកម្មទេសចរណ៍ចំនួនជិត៣ពាន់ទីតាំង ស្មើនឹង៣០% នៅក្នុងប្រទេសកម្ពុជាត្រូវបានបិទ និងព្យួរ គិតមកត្រឹមដំណាច់ខែកញ្ញាឆ្នាំ២០២០ ហើយក្នុងនោះបានប៉ះពាល់ដល់ការងារបុគ្គលិកចំនួនជាង៥ម៉ឺននាក់។ ដូច្នេះ ប្រសិនបើការធ្វើតេស្តដល់មនុស្សជិត១ពាន់នាក់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលលោករដ្ឋមន្ត្រីការបរទេសហុងគ្រីនៅពេលនេះ ត្រូវគេរកឃើញថាមានវិជ្ជមានកូវីដ១៩ច្រើន នោះគឺជាសម្ពាធថ្មីមួយទៀតបន្ថែមទៅលើវិស័យទេសចរណ៍កម្ពុជា ដែលកំពុងប្រឹងប្រែងងើបឈរឡើងវិញយ៉ាងត្រដាបត្រដួស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ