ការប្រារព្ធទិវាបុណ្យឯករាជ្យឆ្នាំនេះធ្វើឡើងក្រោមការប្រុងប្រយ័ត្នខ្ពស់ពីការឆ្លងកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
ការប្រារព្ធខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២០ នេះបានប្រព្រឹត្តទៅដូចរៀងរាល់ឆ្នាំដែរ ពោលគឺមានព្រះរាជវត្តមានព្រះមហាក្សត្រ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភាចូលរួម។ ប៉ុន្តែប្លែកត្រង់ថាពិធីថ្នាក់ជាតិនេះធ្វើឡើងក្រោមការប្រុងប្រយ័ត្នខ្ពស់ពីការឆ្លងកូវីដ១៩ ខណៈអវត្តមានប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ដោយសារតែលោកកំពុងឃុំខ្លួនឯង១៤ថ្ងៃក្រោយពីជួបប្រមុខការទូតហុងគ្រីដែលកើតកូវីដ១៩។ យ៉ាងណាក៏ដោយពិធីផ្លូវការថ្នាក់ជាតិនេះគឺបានប្រព្រឹត្តទៅយ៉ាងរលូន ព្រមទាំងមានសារអបអរពីប្រទេសមួយចំនួន និងអ្នកនយោបាយខ្មែរផងដែរ។
ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិឆ្នាំ២០២០នេះ ត្រូវបានធ្វើឡើងដោយមានការប្រុងប្រយ័ត្នខ្ពស់ពីការចម្លងមេរោគកូវីដ១៩។ ទាំងឥស្សរជនជាន់ខ្ពស់ ព្រះមហាក្សត្រ និងអ្នកចូលរួមទាំងអស់ សុទ្ធតែពាក់ម៉ាស់ការពារ ហើយរក្សាគម្លាតពីគ្នាទៅតាមវិធានសុខាភិបាល។
ត្បិតកម្មវិធីថ្នាក់ជាតិមួយនេះបានប្រព្រឹត្តទៅដូចរៀងរាល់ឆ្នាំ តែនៅឆ្នាំនេះ គឺអវត្តមានប្រមុខរដ្ឋាភិបាល ខណៈលោក ហ៊ុន សែន កំពុងឃុំខ្លួនឯង១៤ថ្ងៃក្រោយពីលោកបានជួបប្រមុខការទូតហុងគ្រីដែលកើតកូវីដ១៩។ តែតាមរយៈហ្វេសប៊ុក លោក ហ៊ុន សែន បានគូសបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់សម្តេចព្រះនរោត្តម សីហនុ ដែលធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។
សម្រាប់អ្នកនយោបាយខ្មែរវិញ ដូចជា លោក កឹម សុខា ការរួបរួមគ្នាជាធ្លុងមួយនឹងជួយស្រោចស្រង់ប្រទេសកម្ពុជាឲ្យឆ្លងសមុទ្រគ្រោះថ្នាក់។ លោកយល់ថា ដើម្បីការពារឯករាជ្យជាតិ លុះត្រាតែរក្សាសាមគ្គីភាពជាតិឲ្យបានរឹងមាំដោយកាត់បន្ថយមហិច្ឆតាផ្ទាល់ខ្លួន មិនគុំកួនសងសឹក ងាកមករកការអត់ឱនឲ្យគ្នាចាប់យកការសន្ទនា បោះបង់ចោលការប្រមាថ ឈប់បង្កជម្លោះមិនលស់ពេល។
យ៉ាងណាក៏ដោយសារអបអរពីប្រទេសមួយចំនួន ក៏បានធ្លាក់មកជាបន្តបន្ទាប់នៅក្នុងថ្ងៃជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលទទួលបានឯករាជ្យពីអាណានិគមបារាំងរយៈពេល៦៧ឆ្នាំមកនេះ។
ប្រមុខការទូតអាមេរិក លោក ម៉ៃ ពុំប៉េអូ ពីទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា សហរដ្ឋអាមេរិកមានកិត្តិយសដែលបានរួមចំណែកក្នុងនាមជាដៃគូជាមួយប្រទេសកម្ពុជាក្នុងការគាំទ្រដល់វិស័យសុខភាព សុវត្ថិភាព និងវិបុលភាពរបស់ប្រទេសទាំងពីរ។ បើតាមប្រមុខការទូតដែលជិតអាណត្តិរូបនេះ សហរដ្ឋអាមេរិកទន្ទឹងរងចាំការជំរុញទៅមុខនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាដើម្បីជួយកសាងប្រទេសកម្ពុជាឲ្យរីកចម្រើនរុងរឿងតាមបែបប្រជាធិបតេយ្យនិងមានឯករាជ្យ។
ចំណែកប្រទេសវៀតណាមទាំងរដ្ឋាភិបាល និងក្រសួងការបរទេសរបស់ខ្លួនបានចេញសេចក្តីថ្លែងការណ៍ដោយឡែកពីគ្នាតែក្នុងអបអរបុណ្យឯករាជ្យជាតិរបស់ខ្មែរ ដោយអះអាងពីការបន្តមិត្តភាពជាយូរអង្វែងទៅមុខ និងកត់សំគាល់ពីភាពជោគជ័យក្នុងទប់ស្កាត់ការចម្លងកូវីដ១៩នាពេលកន្លងមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ