លោកហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ដទៃទៀតធ្វើតេស្តរកជំងឺកូវីដ១៩ជាលើកទី២ ក្រោយអវិជ្ជមានលើកទី១
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលកម្ពុជាបានធ្វើតេស្តរកជំងឺកូវីដ១៩ជាលើកទី២លើអ្នកដែលបានជួប និងប្រាស្រ័យទាក់ទងជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីដែលមានផ្ទុកជំងឺកូវីដ១៩។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង រដ្ឋមន្រ្តីដទៃទៀតត្រូវបានធ្វើតេស្តនៅគេហដ្ឋាន។ ចំណែក អ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩នៅទីស្តីការគណៈរដ្ឋមន្ត្រី និងសណ្ឋាគារសុខា ។ លទ្ធផលនៃការធ្វើតេស្តនេះ អាចនឹងដឹងនៅយប់នេះ ឫ ព្រឹកថ្ងៃស្អែក។
ដូចការកំណត់ នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងអ្នកពាក់ព័ន្ធជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីទាំងអស់ ត្រូវបានក្រុមគ្រូពេទ្យជំនាញកម្ពុជាយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ជាលើកទី២។ ការធ្វើតេស្តជាលើកទី២នេះ ធ្វើឡើងស្របពេលដែលេពួកគេកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព និង ពិនិត្យរកជំងឺកូវីដ១៩។ ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ឱ្យដឹងថា ដើម្បីឱ្យប្រាកដថា មិនមានឆ្លងជំងឺកូវីដ ១៩ អ្នកពាក់ព័ន្ធនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រីទាំងអស់ ត្រូវធ្វើតេស្តចំនួន៤លើកតាមកាលកំណត់។ លើកទី៣ នឹងធ្វើឡើងនៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា។
កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ម្សិលមិញ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើតេស្តលើកទី១លើមនុស្សចំនួន៥២នាក់បន្ថែមទៀតដែលទើបស្រាវជ្រាវរកឃើញថាបានជាប់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីកាបរទេសហុងគ្រីនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ពួកគេទាំងនេះ ត្រូវបានធ្វើតេស្តចេញលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ បើតាមក្រសួងសុខាភិបាលកម្ពុជា ចំនួនអ្នកពាក់ព័ន្ធនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រីសរុបមាន ៩៤៤នាក់ គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ប៉ុន្តែ នៅក្នុងចំណោមពួកគេទាំងនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ពីរដ្ឋមន្រ្តីការបរទេសហុងគ្រីដែលជាអង្គរក្សការពារគណៈប្រតិភូហុងគ្រីដោយផ្ទាល់។ អង្គរក្សរូបនេះ កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី។ អ្នកដែលប៉ះពាល់ផ្ទាល់បន្តពីអង្គរក្សរូបនេះ ក៏ត្រូវបានក្រសួងសុខាភិបាលកម្ពុជានាំយកមកតេស្ត និងធ្វើចត្តាឡីស័ក១៤ថ្ងៃផងដែរ។
ក្រៅពីអ្នកដែលពាក់ព័ន្ធនឹងរដ្ឋមន្រ្តីការទេសហុងគ្រី នៅថ្ងៃទី០៩ វិច្ឆិកានេះ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញបុរសជនជាតិខ្មែរពីរនាក់បន្ថែមទៀតមានផ្ទុកជំងឺកូវីដ១៩។ ពួកគេទាំងពីរនាក់នេះ ទើបតែធ្វើដំណើរមកពីប្រទេសជប៉ុន។ គិតមកដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនចំនួន ២៩៧នាក់ ប៉ុន្តែ បានព្យាបាលជាសះស្បើយចំនួន២៨៨នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកើនចំនួន៩នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ