កម្ពុជា-សង្គម

លោក ស ខេង៖ ព័ត៌មានដែលប្រជាពលរដ្ឋប្រាប់លោកតាមហ្វេសប៊ុក គឺពិតស្ទើរ៩០%

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា © FB

លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ ដែល​លោក​ទទួល​បាន​តាមរយៈ​ហ្វេសប៊ុក​ គឺ​ស្ទើរ​តែ​៩០%​ ជា​ព័ត៌មាន​ពិត​។ ការ​លើកឡើង​របស់​លោក​ ស ខេង ​ដូច្នេះ​គឺ​បន្ទាប់​ពី​លោក​បាន​បង្កើត​ក្រុម​ការងារ​តាមដាន​ព័ត៌មាន​តាម​ហ្វេសប៊ុក​មួយ​ ដើម្បី​ទទួល​សំណើរ​ ចំងល់​ និង​បញ្ហា​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ពី​មូលដ្ឋាន​ ហើយ​ដោះស្រាយ​បញ្ហា​ដែល​បាន​ចោទ​ឡើង​ ត្រលប់​ទៅ​ប្រជាពលរដ្ឋ​វិញ​ ប្រកប​ដោយ​ប្រសិទ្ធភាព​។

ផ្សាយពាណិជ្ជកម្ម

ក្រៅពីកត់សម្គាល់ថាព័ត៌មាន ដែលប្រជាពលរដ្ឋទាក់ទងទៅលោកតាមរយៈហ្វេសប៊ុកគឺពិតស្ទើរតែ៩០% នោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា ការផ្តល់ព័ត៌មានលើហ្វេសប៊ុកលោកគឺមិនមានការលែបខាយរឿងនយោបាយអ្វីទេ។  តាមលោក ស ខេង ហ្វេសប៊ុករបស់លោក គឺលោកទទួលដោះស្រាយតែរឿងរ៉ាវអយុត្តិធម៌ផ្សេងៗរបស់ប្រជាពលរដ្ឋ ហើយបើនិយាយរឿងផ្សេងពីនេះ លោកប្រាប់ឲ្យក្រុមការងារបិទគណនីអ្នកផ្ញើចូល។

លោក ស ខេង បានលើកយកឧទាហរណ៍មួយមកបង្ហាញថា កន្លងមកមានការបើកខារ៉ាអូខេ រាំរែកទល់ភ្លឺ ប្រជាពលរដ្ឋមិនបានដេកពួនទេ លុះដល់សមត្ថកិច្ចចុះទៅមើលគឺពិតប្រាកដមែន និងមានប្រើប្រាស់គ្រឿងញៀន រួមនឹងការគំរាមកំហែងនានាផងដែរ។ យន្តការការងារដូច្នេះ គឺមានប្រសិទ្ធភាព និងជួយដោះស្រាយបញ្ហាបានលឿន ខណៈរឿងរ៉ាវនានាត្រូវបានបែងចែកទៅឲ្យក្រុមការងារជំនាញដោះស្រាយ ហើយបញ្ហាមួយចំនួនទៀត ដែលស្ថិតក្នុងការស្រាវជ្រាវត្រូវបានដាក់ឲ្យដោះស្រាយបន្ត និងជូនដំណឹងទៅម្ចាស់បញ្ហាជាក្រោយ។ នេះបើតាមលោក ស ខេង។​

ដោយឡែក លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថាចំណាត់ការដោះស្រាយបញ្ហាផ្សេងៗរបស់ថ្នាក់លើ គឺជាការងាយស្រួលនៅពេលដែលទទួលបានដំណឹងពីប្រជាពលរដ្ឋពីការរំលោភបំពាននានា ជាពិសេសការបំពានរបស់មន្ត្រីថ្នាក់ក្រោមទៅលើប្រជាពលរដ្ឋ។ ក៏ប៉ុន្តែលោក សន ជ័យ បារម្ភថា ការឆ្លើយតបរបស់ថ្នាក់លើអាចជួបប្រទះនឹងករណី«ឆ្អឹងទទឹងក ឬបាតដៃក៏សាច់ ខ្នងដៃក៏សាច់»។

សូមបញ្ជាក់ថា ស្របតាមគោលការណ៍ e-Government រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានណែនាំឲ្យអគ្គនាយក និងគ្រប់អភិបាលខេត្តបើក Account ហ្វេសប៊ុក ដើម្បីត្រងយកមតិយោបល់របស់ប្រជាពលរដ្ឋ ទាក់ទងផ្ទាល់ជាមួយអាជ្ញាធរ ហើយដោះស្រាយត្រលប់ទៅពលរដ្ឋវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI