ក្រុមមន្រ្តីអតីតបក្សប្រឆាំងស្នើសុំក្រសួងមហាផ្ទៃផ្តល់សុពលភាពលិខិតឆ្លងដែនដល់ពួកគេវិញ ដើម្បីចូលមកកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ក្រុមមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិនឹងស្នើលិខិតស្នើសុំទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក ដើម្បីស្នើសុំឱ្យក្រសួងមហាផ្ទៃផ្តល់សុពលភាពលិខិតឆ្លងដែនរបស់ពួកគេឡើងវិញ។ ការដាក់លិខិតស្នើសុំនេះ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកានេះ ត្រូវនឹងវេលាយប់នេះម៉ោងនៅកម្ពុជា។ មន្រ្តីអតីតបក្សប្រឆាំងបានអះអាងថា ការស្នើសុំនេះ គឺដើម្បីអាចឱ្យពួកគេមានលទ្ធភាពចូលមកប្រទេសកម្ពុជាវិញតាមការកោះហៅរបស់តុលាការកម្ពុជា។
លោកអ៊ំ សំអាន មន្រ្តីជាន់ខ្ពស់នៃអតីតបក្សប្រឆាំងបានគូសបញ្ជាក់ថា គោលបំណងដែលក្រុមមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិស្នើសុំសុពលភាពលិខិតឆ្លងដែននេះ គឺដើម្បីអាចឱ្យពួកគេចូលរួមមាតុភូមិនិវត្តមកកម្ពុជាវិញជាមួយលោកសម រង្ស៊ីនាពេលខាងមុខ។ ម្យ៉ាងវិញទៀត ការស្នើសុំនេះ គឺដើម្បីអាចពួកគេមានលទ្ធភាពធ្វើដំណើរមកកាន់ប្រទេសកម្ពុជាតាមការកោះហៅរបស់តុលាការក្រុងភ្នំពេញ។ បើតាមលោកអ៊ំ សំអាន រដ្ឋាភិបាលកម្ពុជាគួរផ្តល់សុពលភាពលិខិតឆ្លងដល់មន្រ្តីជាន់ខ្ពស់នៃអតីតបក្សប្រឆាំងឡើងវិញ ដើម្បីចូលមកកម្ពុជាតតាំងជាមួយតុលាការ។
តាមគម្រោង ក្រុមមន្រ្តីនៃអតីតបក្សប្រឆាំងនឹងទៅដាក់លិខិតស្នើសុំនេះនៅស្ថានទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោននៅយប់ថ្ងៃអង្គារនេះ ដោយលោកស្រីមួរ សុចខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ គឺជាអ្នកដឹកនាំមន្រ្តីដដៃទៀតទៅដាក់លិខិតស្នើសុំនេះ។ ចំពោះបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនអត្ថាធិប្បាយនោះទេដោយរុញឱ្យទាក់ទងទៅក្រសួងមហាផ្ទៃវិញ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការបញ្ជាក់ និងឆ្លើយតបទៅនឹងការស្នើសុំនេះបាននៅឡើយទេនៅព្រឹកថ្ងៃអង្គារនេះ។
សូមបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ បានសម្រេចបញ្ចប់សុពលភាពលិខិតឆ្លងដែនធម្មតារបស់មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំង១២រូប រួមមាន អ្នកស្រី មួរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ឡុង រី លោក សោ ចាន់ដេត លោក គង់ សភា ក៏ដូចជា លោក ម៉ន ផល្លា ជាដើម។ ក្រសួងការបរទេសបានអះអាងថា ការសម្រេចបញ្ចប់នេះ គឺដោយសារតែពួកគេ គឺជាអ្នកទោសដែលរត់គេចខ្លួន។
ក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ទៀតថា នៅពេលដែលសុពលភាពលិខិតឆ្លងដែនរបស់ពួកគេត្រូវបានបញ្ចប់បែបនេះ គឺពួកគេអាចវិលត្រឡប់មកប្រទេសកម្ពុជាបាន ហើយប្រទេសដែលពួកគេកំពុងស្នាក់នៅនឹងមិនអនុញ្ញាតឱ្យពួកគេបន្តស្នាក់នៅទៀតទេ ដោយសារតែ វា គឺជាការស្នាក់នៅដែលខុសច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ